បាត់ដំបង ៖ គ្រឿងអលង្ការ និងលុយកាក់ជាច្រើនត្រូវបានក្រុមចោរប្លន់ប្រដាប់ដោយអាវុធធ្វើសកម្មភាពវាយបំបែកទូកញ្ចក់ប្រមូលយកទៅគ្មានសល់ ដែលករណីនេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥វេលាម៉ោង៦និង២៥នាទីល្ងាច ត្រង់ចំណុចផ្ទះលក់មាសមួយកន្លែងក្បែរផ្សារជ្រៃ ស្ថិតក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលម្ចាស់ផ្ទះមិនទាន់បានប្រមូល និងរៀបចំទុកដាក់នូវគ្រឿងអលង្ការទាំងនេះនៅឡើយ។
តាមការអះអាងពីម្ចាស់ផ្ទះឈ្មោះចាន់ ឃាងហាប់ ភេទស្រី អាយុ៤៤ឆ្នាំមានមុខរបរជាអ្នកលក់មាស និងដូរលុយនៅនឹងផ្ទះក្បែរផ្សារជ្រៃបានរៀបរាប់ថា នៅមុនពេលកើតហេតុគឺអ្នកស្រីមិនទាន់បានរៀបចំទុកដាក់នូវគ្រឿងអលង្ការទាំងនេះនៅឡើយទេ ដោយគិតថាការលក់ដូរនេះវាស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែនៅពេលនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់បានមកឈប់សំចតនៅខាងមុខផ្ទះ ហើយក៏មានបុរសពីរនាក់បានដើរចូលមកយ៉ាងលឿន ដោយគេទាំងពីរនាក់នោះពាក់អាវបារ៉ា ហើយម្នាក់ពាក់មួយកន្តឹបលេខ99 និងម្នាក់ទៀតពាក់មួកក្រណាត់យឺតបិទជិតសល់តែប្រហោងភ្នែកបានដកកាំភ្លើងចេញពីក្នុងអាវ គឺម្នាក់ដែលកាន់កាំភ្លើងខ្លីបានភ្ជង់អ្នកស្រីជាប់ព្រមទាំងបានយកកាំភ្លើងខ្លីនោះមកគោះនឹងមុខរបស់អ្នកស្រីផង។ ចំណែកម្នាក់ទៀតដែលកាន់កាំភ្លើងAK បានធ្វើសកម្មភាពយកចុងកាំភ្លើងវាយកញ្ចក់ទូ ដែលដាក់គ្រឿងអលង្ការ និងលុយប្រមូលដាក់ក្នុងកាបូបយកទៅគ្មានសល់បន្តិចណាឡើយ ដោយគ្នាវាម្នាក់ទៀតនៅឈរយាមឯថ្នល់ចាំការពារខាងមុខផ្ទះ។ សកម្មភាពប្លន់នេះមិនដល់៥នាទីផង ពួកវាចេញដំណើរឆ្ពោះចូលទៅក្នុងក្រុងបាត់ដំបង ទើបបានអ្នកស្រីហ៊ានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។
ក្រោយពេលកើតហេតុនោះដែរសមត្ថកិច្ចនៃក្រុមបង្ការ បង្ក្រាប ព្រមទាំងកម្លាំងខ្លាហោះនៃស្នងការដ្ឋាននគរបាលខេត្តបានចេញប្រតិបត្តិការគ្រប់ច្រកល្ហកដើម្បីតាមប្រមាញ់រកមុខសញ្ញា ដែលសង្ស័យ ប៉ុន្តែមិនទាន់បានទទួលផលយ៉ាងណានោះឡើយព្រោះក្រុមចោរប្លន់ប្រដាប់អាវុធនេះអាចចូលសម្ងំលាក់ខ្លួននៅទីតាំងណាមួយសិន។
គួររំលឹកដែរថា កន្លងមកគឺមានរយៈពេលជាយូរមកហើយដែលករណីប្លន់ប្រដាប់អាវុធមានសភាពស្ងប់ស្ងាត់ពុំមានអ្វីកើតឡើងគួរឲ្យគាត់សម្គាល់នោះឡើយ ទើបតែពេលនេះក៏ស្រាប់តែមានករណីនេះបានរើឡើងវិញព្រមទាំងប្លន់បានសម្រេចថែមទៀតផង។
ពាក់ព័ន្ធនឹងការបាត់បង់ទ្រព្យសម្បត្តិនេះដែរម្ចាស់ផ្ទះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា របស់ដែលក្រុមចោរប្រមូលយកទៅរួមមាន កងដៃ ប្លាទីនចំនួនជាង៥០កង មាសគ្រឿងប្រហែល១០តម្លឹង ប្រាក់ដុល្លារចំនួន៥.០០ដុល្លារ និងប្រាក់ថៃប្រមាណជាង៦០.០០០បាត ប៉ុន្តែក្រុមចោរទាំង៣នាក់នេះពុំមានផ្ទុះអាវុធមួយគ្រាប់ណានោះទេព្រោះទំនងជាខ្លាចសមត្ថកិច្ចមកទាន់។
យោងតាមការពិនិត្យកាមេរ៉ាសុវត្ថិភាពដែលម្ចាស់ផ្ទះបានដាក់បំពាក់នៅពីលើគឺអាចមើលឃើញនូវសកម្មភាពរបស់ក្រុមចោរតែប៉ុណ្ណោះ ចំណែកមុខមាត់គឺមិនសូវច្បាស់ទេដោយសារតែក្រុមចោរសុទ្ធតែពាក់មួកទាំងអស់ ដូច្នេះទើបលោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកការងារយុត្តិធម៌បានលើកឡើងយ៉ាងខ្លីថា លោកមិនទាន់អាចធ្វើការសន្និដ្ឋានបាននោះទេ ដោយបច្ចុប្បន្នរូបលោក និងកម្លាំងជំនាញកំពុងពិចារណាដើម្បីសិក្សាស្រាវជ្រាវរកមុខសញ្ញានេះ៕

0 Comments