Ad Code

រថយន្ត​ទួរីស​ដឹក​សណ្ដែក​លើស​តោន​ បាន​ធ្វើ​ឲ្យ​ដាច់​កង់​នៅ​កណ្តាលផ្លូវ​ទៅមុខ​លែង​រួច​ស្ទះ​ចរាចរណ៍​


កំពង់ឆ្នាំង ៖ រថយន្ត​ទួរីស​មួយ​គ្រឿង​ដឹក​គ្រាប់​សណ្ដែក​លើស​ទម្ងន់ បាន​ដាច់​កង់​ទៅមុខ​លែង​រួច​នៅ​ចំពាក់​កណ្តាលផ្លូវ​ជាតិ បណ្ដាល​ឲ្យ​មានការ​ចង្អៀត​ និង​ស្ទះ​ចរាចរណ៍​លើ​ដង​ផ្លូវជាតិ​ជាង​១​ម៉ោង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៣​នាទី​ព្រឹក​ ថ្ងៃទី​១២ ខែមករា ​ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាង​លើ​នេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2J -3850 ពណ៌​សំបក​ឪឡឹក ដែល​កូនស្រី​របស់​ម្ចាស់​រថយន្ត​បាន​ដឹក​គ្រាប់​សណ្ដែក​ចេញពី​ខេត្ត​ពោធិ៍សាត់ ទៅ​លក់​នៅ​ស្រុក​កោះធំ​ក្នុង​ខេត្ត​កណ្ដាល លុះ​ពេល​បើក​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ស្រាប់តែ​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ដាច់​ចេញពី​រថយន្ត ធ្វើ​ឲ្យ​រថយន្ត​របស់​គាត់​ធ្លាក់​តួ​មួយ​ចំហៀង​អូស​និង​ថ្នល់​ប្រមាណ​ជា​៥​ម៉ែត្រ​ទើប​ឈប់។ ជា​មួយ​គ្នា​នោះ​ដែរ ​ការុង​សណ្ដែក​ដែល​នៅ​ក្នុង​រថយន្ត​មួយចំនួន​ក៏​បាន​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​ជាតិ​ផង​ដែរ។​

សមត្ថកិច្ច​បន្ត​ថា ​ការ​ដាច់​កង់​រថយន្ត​ខាង​លើ​នេះ បណ្ដាល​មកពី​ដឹក​សណ្ដែក​លើស​ទម្ងន់​របស់​រថយន្ត តែ​ពុំបាន​បង្ក​ឲ្យ​រង​របួស​អ្នកណា​ឡើយ តែ​បាន​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ជាង​១​ម៉ោង​នៅ​លើ​ផ្លូវជាតិ។ ករណីនេះ​សមត្ថកិច្ច​បាន​ធ្វើ​ការអប់រំ​អ្នកបើកបរ ក៏ដូចជា​ម្ចាស់​រថយន្ត​ឲ្យ​យល់​ពី​ការ​ផ្ទុក​ទំនិញ​លើ​រថយន្ត និង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចេះ​ពិនិត្យ​រថយន្ត​របស់​ខ្លួន​គ្រប់ពេលវេលា​មុន​ពេល​បើកបរ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​អ្នក​ខ្លួនឯង និង​ដទៃ​ដែល​បើកបរ​នៅ​លើ​ផ្លូវជាតិ៕ ឈៀង ថា​រិ​ទ្ធ


Post a Comment

0 Comments

Close Menu