Ad Code

ចោរឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ពី​ប្រជាពលរដ្ឋ​កំពុង​ដើរ​ហាត់ប្រាណ​ នៅ​មុខ​ទី​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ត្រូវ​ចាប់ខ្លួន


កំពង់ឆ្នាំង ៖ ចោរ​ឆក់​ទូរស័ព្ទ​ម្នាក់​ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដេញ​ចាប់​ខ្លួន​បាន បន្ទាប់ពី​រូប​គេ​បាន​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​មួយ​គ្រឿង​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ដើរ​ដើរ​ហាត់ប្រាណ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៥ នៅក្នុង​សួនច្បារ​មុខ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ស្ថិត​ក្នុង​សង្កាត់​ផ្អេរ ក្រុង​កំពង់ឆ្នាំង។​

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ចោរ​ដែល​ឆក់​ទូរស័ព្ទ​ដៃ​រូប​នេះ​មានឈ្មោះ យ៉ើ រ៉​ហ្វា​ត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជន​ជាតិ​ខ្មែរ​ឥស្លាម ស្នាក់នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ផ្អេរ ក្រុង​កំពង់ឆ្នាំង។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ដៃ​ឈ្មោះ ប៊ុន ទី ភេទ​ប្រុស រស់​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង។ នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​ទូរស័ព្ទ​កំពុង​ដើរ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​ដើម​ពោធិ​មុខ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង នៅពេល​កំពុងតែ​ដើរ​ហាត់ប្រាណ ក៏​ស្រាប់​តែ​មាន​ចោរ​ជា​ជន​ជាតិ​ខ្មែរ​ឥស្លាម​ខាង​លើ បាន​មក​ដើរមក​អែបៗ​ជនរងគ្រោះ ហើយក៏​ឆ្លៀត​ឧកាស​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក IPhone5 បាន​រួច​រត់​គេច​ខ្លួន​តាមផ្លូវ​នៅ​ក្បែរ​របង​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ស្រែក​ឱ្យ​ជួយ ហើយ​ប្រជាពលរដ្ឋ​ដែល​នៅ​ហាត់ប្រាណ​ទីនោះ​មានការ​ឆោឡោ​ឡើង ផ្អើល​ដល់ កម្លាំង​អាវុធហត្ថ​ខេត្ត​ក្នុង​បញ្ជាការដ្ឋាន ហើយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ក៏បាន​នាំគ្នា​ចេញ​ដេញ​តាម​ចាប់​ខ្លួន​ចោរ​រូប​នេះ​បាន​ភ្លាមៗ​តែម្តង។​

ចោរ​ថ្លើមធំ​ខាង​លើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ខ្លួន​ជនល្មើស​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង។ ចំណែក​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជអាវុធហត្ថ​ខេត្ត​ប្រគល់​ជូន​ទៅ​ម្ចាស់​គេ​វិញ ដែល​លោក ប៊ុន ធី ជា​ម្ចាស់​ទូរស័ព្ទ​ដៃ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ឈឺឆ្អាល​ជួយ​បង្ក្រាប​ចាប់ខ្លួន​ចោរឆក់​ខាងលើ​បាន​ទាន់​ពេល​វេលា និង​បាន​ប្រគល់​ទូរស័ព្ទ​ដៃ​ជូន​លោក​ជា​ម្ចាស់​វិញ៕ ( ឈៀង ថា​រិ​ទ្ធ )




Post a Comment

0 Comments

Close Menu