បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលកណ្ដាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានវែកមុខឃាត់ខ្លួនបានជនសង្ស័យដែលប្រើញញួរវាយប្លន់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធយកទ្រព្យសម្បត្តិ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជនសង្ស័យជាមនុស្សគរ។
លោក សិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពីមានសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិទៅលើឈ្មោះ ឡុង ថាវទ្រី និងប្រពន្ធឈ្មោះ ទា មួយអេង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ដោយជនសង្ស័យបានលួចលាក់ខ្លួនចាំប្លន់នៅក្នុងផ្ទះ ក្នុងភូមិកើតហេតុខាងលើ លុះពេលម្ចាស់ឃើញ ក៏ត្រូវជនសង្ស័យប្រើញញួរវាយទៅលើប្ដីប្រពន្ធបណ្ដាលឲ្យរបួសក្បាលផុងលលា និងភ្នែកទាំង២នាក់។ សមត្ថកិច្ចរបស់លោកបានចុះធ្វើកំណត់ហេតុ និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាត ភឹម អាយុ២៣ឆ្នាំ នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ខណៈពេលដែលជនសង្ស័យបានរត់គេចខ្លួនទៅភូមិឃុំតាគង់ ស្រុកម៉ាឡៃ ដែលជនសង្ស័យជាមនុស្សគរ។ ក្នុងការវាយប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះខាងលើ គឺជនសង្ស័យយកលុយបានតែ៥០០បាតតែប៉ុណ្ណោះ។
ឆ្លងតាមការស៊ើបអង្កេត និងការបង្ហាញកាយវិការពីជនសង្ស័យ សមត្ថកិច្ចបាននឹងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ៕
0 Comments