ភ្នំពេញ ៖ លោក គីង រូហ្សាំង (Qin Ruixiang)អនុប្រធានគណៈកម្មាធិការអចិន្ត្រយ៍សភាប្រជាជនចិន ខេត្តក្វាងស៊ី បានសន្យាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែខ្លាំងក្លាថែមទៀត។
លោក គីង រូហ្សាំង បានសន្យានេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥នេះ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅកម្ពុជា។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានសភាជាតិបានឲ្យដឹងក្រោយជំនួបថា លោក គីង រូហ្សាំង (Qin Ruixiang) បានជំរាបជូនសម្តេចប្រធានសភាពីបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលោកនៅកម្ពុជានាពេលនេះ ជាផ្នែកមួយនៃការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនីតិប្បញ្ញត្តិ ការផ្លាស់ប្តួរទស្សនៈស្តីពីការអភិវឌ្ឍន៍វិស័យកសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងដើម្បីពិនិត្យនូវគម្រោងរបស់ខេត្តក្វាងស៊ី ដែលមកវិនិយោគនៅកម្ពុជា។ លោកបន្តថា កន្លងមកខេត្តក្វាងស៊ីបានរៀបចំការតាំងពិព័រណ៍អាស៊ានចិន ចំនួន ៨លើកមកហើយ។ លោកមានការរីករាយណាស់ដែលប្រមុខដឹកនាំកម្ពុជា មានសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានដឹកនាំគណៈប្រតិភូទៅចូលរួមជាកិត្តិយសផងដែរ។ លោកថា នឹងខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ក៏ដូចជាវប្បធម៌រវាងប្រជាជនប្រទេសទាំងពីរឲ្យរឹងមាំខ្លាំងក្លាថែមទៀត។ ជាមួយនេះដែរលោកក៏បានស្នើសុំសម្តេចប្រធានរដ្ឋសភាកម្ពុជា ជួយគាំទ្រចំពោះវិនិយោគិនចិន ដែលបានមកវិនិយោគនៅកម្ពុជា។
ជាកិច្ចឆ្លើយតបសម្តេចចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ខេត្តក្វាងស៊ី នៅកម្ពុជានាពេលនេះ គឺជាការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរកម្ពុជា-ចិនកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ សម្តេចបានលើកឡើងពីទំនាក់ទំនងកម្ពុជា-ចិន មានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានបន្សល់ទុកឲ្យ ហើយបច្ចុប្បន្នទំនាក់ទំនងនេះ នៅតែបន្តឲ្យក្លាយជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការមួយដល់ចំណុចកំពូល និងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចបន្តថា លទ្ធផលនៃទំនាក់ទំនងនេះនឹងជំរុញឲ្យទទួលបានផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចបានអរគុណចំពោះបក្ស រដ្ឋ និងប្រជាជនចិន ដែលជានិច្ចកាលបានបន្តជួយគាំទ្រកិច្ចអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ។ សម្តេចបានលើកឡើងថា ខេត្តក្វាងស៊ីប្រទេសចិនមានសក្តានុពលលើផ្នែកកសិកម្ម សម្តចស្នើសុំឲ្យខេត្តក្វាងស៊ីជួយផ្នែកជំនួយបច្ចេកទេសដល់កម្ពុជា ហើយនឹងជួយបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរបស់កម្ពុជា។ សម្តេចក៏បានសំណូមពរផងដែរឲ្យគណៈប្រតិភូជួយផ្សព្វផ្សាយលើកទឹកចិត្តដល់ប្រជាជនខេត្តក្វាងស៊ីមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតបចំពោះសំណើរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា លោកអនុប្រធានគណកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ខេត្តក្វាងស៊ី បានសន្យាថា នឹងខិតខំនឹងជំរុញទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងផ្នែកវប្បធម៌ ដល់កម្ពុជាឲ្យបានខ្លាំងក្លាថែមទៀត៕

0 Comments