Ad Code

លួ​ន​ សុខ​ខេង ជួប​ទូទាត់​បំណុល​ជាមួយ​ផល សុផាត

លួ​ន សុខ​ខេង អ្នក​ប្រដាល់​ក្លឹប​អាស៊ី​កីឡា ​នឹង​ឡើង​ប្រកួត​ទូទាត់​បំណុល​ជាមួយ​ផល សុផាត អ្នក​ប្រដាល់​ក្លឹប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៤ ​ខែ​មករា ឆ្នាំ​២០១៥​ខាងមុខនេះ នៅ​លើ​សង្វៀន​រោង​សៀក​ទល់មុខ​រដ្ឋសភា។

សុខ​ខេង ធ្លាប់​វាយ​ចាញ់​ផល សុផាត ដោយ​ពិន្ទុ​ម្តង កាលពី​ថ្ងៃទី​០៩ ខែ​កក្កដា ​ឆ្នាំ​២០១១ និង​លើក​ទី​២ វាយ​ចាញ់​ក្នុង​ទឹក​ទី​៣​ក្នុង​ការ​ប្រកួត​សងសឹក​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៣។ តាំងពី​ពេលនោះ​មក ពួកគេ​ទាំងពីរ​ពុំ​ដែល​ប៉ះគ្នា​ទៀត​ឡើយ​។ លួ​ន សុខ​ខេង ឥឡូវនេះ​មិន​ដូច​ពីមុន​នោះ​ទេ​គេ​មានការ​រីកចម្រើន​ជាង​មុន​ច្រើន​ណាស់។ មុនគេ​ចេះ​វាយ​តែ​ដៃ​ម្ខាង​ប៉ុណ្ណោះ តែ​ឥឡូវ​គេ​ចេះ​ទាំង​ដៃ ទាំង​ជើង ជង្គង់​កែង​ទាំងអស់។ ការប្រកួត​ចុងក្រោយ​របស់​សុខ​ខេង គឺ​វាយ​ស្មើ​ជាមួយ​ឡេះ តើក អ្នក​ប្រដាល់​ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា។
ចំណែក ផល សុផាត វិញ ខុសពី​សុខ​ខេង ដែល​ពី​មុនគេ​ខ្លាំង តែ​ឥឡូវ​គេ​ធ្លាក់​ចុះ​បន្តិច ពិសេស​គឺ​ធ្លាក់​ខាង​ផ្នែក​កម្លាំង​កាយសម្បទា ដោយសារតែ​គេ​មាន​អាយុ​ច្រើន។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​សុផាត​គេ​នៅតែ​វាយ​បានល្អ​ដដែល គ្រាន់តែ​ឆាប់​អស់​ស៊ុ​ហ្វ​ប៉ុណ្ណោះ ហើយ​ការប្រកួត​របស់គេ ក៏​នៅតែ​ល្អ​ដែរ ក្នុង​ការឡើង​សង្វៀន​ប៉ុន្មាន​ប្រកួត​កន្លង​មកនេះ។ ការប្រកួត​ចុងក្រោយ​របស់​ផល សុផាត គឺ​វាយ​ឈ្នះ​ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លឹប​សំរោង​កោង​កីឡា​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ។
ចាំមើល តើ​លួ​ន សុខ​ខេង គេ​អាច​សងសឹក​ផល សុផាត បាន​សម្រេច​ឬ​អត់ សម្រាប់​ការជួបគ្នា​លើក​នេះ ?
ម៉ន ចាន់​ដា​រ៉ា ដែល​ជា​អ្នក​ប្រដាល់​មក​ក្លឹប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លឹប​កុសល​កីឡា។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​មាន​ប្រវត្តិ​ជួបគ្នា​ទេ​ពីមុនមក។
រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ ពិសិដ្ឋ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា តែ​ចាន់​ដា​រ៉ា គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែ​មាន​ផ្លែ​ល្អ និង​ខ្លាំង។
ចាន់​ដា​រ៉ា បើ​គិតពី​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​ប្រដាល់ គេ​មិន​ដល់​សល់ ពិសិដ្ឋ​ទេ។ ដា​រ៉ា ធ្លាប់​ប៉ះ​ជើង​ខ្លាំងៗ​ច្រើន​កន្លងមក ហើយ​បើ​ពិនិត្យមើល​លទ្ធផល​ប្រកួត​របស់​គេ​វិញ​នោះ គឺ​ចាញ់​ច្រើនជាង​ឈ្នះ។
ការប្រកួត​ចុងក្រោយ​របស់​ម៉ន ចាន់​ដា​រ៉ា គឺ​វាយ​ឈ្នះ​យ៉ា​ម ឡយ ដោយ​ពិន្ទុ កាលពី​ថ្ងៃ​ទី​២៦ ខែ​​ធ្នូ ​ឆ្នាំ​២០១៤ កន្លង​មកនេះ។ រីឯ​ការប្រកួត​ចុងក្រោយ​របស់​សល់ ពិសិដ្ឋ វិញ គឺ​វាយ​ឈ្នះ​សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លឹប​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ថ្ងៃទី​២៨ ខែ​​ធ្នូ​ ឆ្នាំ​២០១៤។ សល់ ពិសិដ្ឋ គេ​ប្រកួត​ច្រើន​ឆ្នាំ​ហើយ ម្ល៉ោះហើយ​បទពិសោធន៍ ​និង​កលល្បិច​ក្នុងការ​ប្រកួត​របស់​គេ​មិនធម្មតា​ឡើយ។ សម្រាប់​ការ​ជួប​គ្នា​លើក​នេះ អ្នកណា​ឈ្នះ អ្នកណា​ចាញ់ ពុំ​អាច​ទាយ​មុន​បាន​ឡើយ។
ស្រម៉ៃ សួន អ្នក​ប្រដាល់​សាកល​អាជីព​មកពី​ក្លឹប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ជួប​ប្រកួត​ជាមួយ ស្រ៊ុន ពិសី អ្នក​ប្រដាល់​សាកល​អាជីព​មកពី​ក្លឹប​កីឡា​ក្រសួងការពារជាតិ​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។ ក្នុងការ​ប្រកួត​៦​ទឹក​នោះ ស្រ៊ុន ពិសី ទំនងជា​មិន​អាច​ឈ្នះ​ស្រ​ម៉ៃ សួន នោះ​ទេ ព្រោះ​ស្រ​ម៉ៃ​សួន​គេ​វាយ​រហ័ស​និង​លឿន​ជាង។
ចំណែក ម៉ន វណ្ណ​នី អ្នក​ប្រដាល់​ក្លឹប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ជួប​ប្រកួត​ជាមួយ​ហេង ពន្លឺ អ្នក​ប្រដាល់​ក្លឹប​ព្រៃទទឹង​ខេត្ត​បាត់ដំបង។ រវាង​ពួកគេ​ទាំងនេះ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា ដូច្នេះ​សម្រាប់​ការ​ជួបគ្នា​នេះ ពុំ​ដឹង​ថា​នរណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ៕

Post a Comment

0 Comments

Close Menu