ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចបានប្រាប់ឲ្យដឹងនៅមុននេះបន្តិចថា នៅថ្ងៃ១៩ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើសមាជមួយ ដើម្បីប្រកាសតែងតាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបច្ចុប្បន្នជាប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ឲ្យឡើងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ហើយការសម្រេចបែបនេះ បន្ទាប់ពីមានសំណើរបស់សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ព្រះប្រធាន និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានចុះហត្ថលេខាលើលិខិតរួមគ្នាថ្វាយសម្តេចក្រុមព្រះ ដែលលិខិតនោះបានលើកឡើងថា "ខ្ញុំម្ចាស់មានកិត្តិយសសូមទូលថ្វាយសម្តេចក្រុមព្រះមេត្តាជ្រាបថា គណបក្សហ៊្វុនស៊ិនប៉ិច សូមយាង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយការជ្រើសតាំងជាផ្លូវការសម្តេចក្រុមព្រះក្នុងតួនាទីខាងលើនេះ នឹងធ្វើតាមរយៈសមាជគណបក្សហ៊្វុនស៊ិនប៉ិច នាពេលខាងមុខនេះ។
បន្ទាប់ទទួលបានលិខិតយាងរបស់សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបច្ចុប្បន្នជាប្រធានគណបក្សមួយ ដែលមានឈ្មោះថា គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ នោះ បានប្រកាសយល់ព្រមភ្លាមៗ ដើម្បីយាងទៅធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតបវិញយ៉ាងនេះថា "ខ្ញុំបានទទួលនូវលិខិតរបស់សម្តេច និងឯកឧត្តមចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ស្តីពីការយាងខ្ញុំមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយយល់ព្រមមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចតាមសំណើរបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ"៕

0 Comments