ភ្នំពេញ ៖ គិតរយៈពេលមួយឆ្នាំ២០១៤កន្លងមកនេះមានរថយន្តដឹកទំនិញប្រភេទកុងតឺន័រ និងរថយន្តប្រភេទយីឌុប(រថយន្តយក្ស) រថយន្តដឹកសំពីងសំពោង ដែលគេតែងតែឃើញលបបើកចូលដល់ទីក្រុងភ្នំពេញនៅពេលថ្ងៃទាំងល្មើសច្បាប់នោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរតាមខណ្ឌក៏ដូចប៉ូលិសចរាចរផ្លូវគោករាជធានីអនុវត្តវិធានការតឹងរ៉ឹងដោយធ្វើការចាប់ឃាត់ត្រួតពិនិត្យ និងពិន័យជាបន្តបន្ទាប់សរុបប្រមាណចំនួន១៨០៤គ្រឿងហើយ។
លោកឧត្ដមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងប៉ូលិសរាជធានីភ្នំពេញទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍បានបញ្ជាក់កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះថា ជារៀងរាល់ថ្ងៃមិនថាព្រឹក ឬល្ងាចនោះឡើយ សមត្ថកិច្ចបានអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវជាតិធំៗដោយឃាត់រថយន្តដឹកកុងតឺន័រ រថយន្តយីឌុប រថយន្តដឹកដី ក្រួស ថ្ម ដែក រថយន្តដឹកទំនិញសំពីងសំពោងលប បើកចូលក្រុងតាមផ្លូវវាងដោយគ្មានច្បាប់ទម្លាប់ឆ្លងកាត់ផ្លូវក្នុងក្រុងជាហូរហែពិសេសផ្លូវ២៧១ ម៉ៅសេទុង ផ្លូវហាណូយ និងផ្លូវវេងស្រេង ផ្លូវសហព័ន្ទរុស្ស៊ីនោះ សរុបចំនួន១៨០៤គ្រឿងហើយ ដោយពិន័យនៅសាលារាជធានីបន្ទាប់ពីចេញបម្រាមមក។ រថយន្តទាំងនេះមិនត្រឹមតែល្មើសច្បាប់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គមប៉ុណ្ណឹងទេហើយក៏ធ្វើឲ្យអ្នកដំណើរ ប្រជាពលរដ្ឋមានការមិនសប្បាយចិត្តដែរ ដែលបង្កការកកស្ទះចរាចរណ៍រំខានពេលវេលា។ លោកស្នងការរងបន្តថា សាលារាជធានីភ្នំពេញបានចេញវិធានការក្ដៅគគុកមួយ ដោយហាមប្រាមមិនឲ្យរថយន្តដឹកទំនិញធ្ងន់ៗធុនធំ រថយន្តសណ្ដោងកុងតឺន័រ រថយន្តដឹកដីក្រួស ថ្ម និងរថយន្តយីឌុប(រថយន្តយក្ស) រថយន្តដឹកសំពីងសំពោងចូលទីក្រុងភ្នំពេញនៅពេលថ្ងៃៗឡើយ ដោយអនុញ្ញាតចូលត្រឹមម៉ោង៩យប់ដល់៦ភ្លឺតែប៉ុណ្ណោះ ដែលគេឃើញអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌ និងការិយាល័យជំនាញចេញប្រតិបត្តិការព្រោងព្រាតតាមដងផ្លូវ ពិសេសផ្លូវជាតិធំៗធ្វើការឃាត់រថយន្តទាំងនោះមិនឲ្យចូលក្រុងនៅពេលថ្ងៃ ឡើយ។
វិធានការនេះធ្វើឲ្យនៅតាមដងផ្លូវនៅទីក្រុងភ្នំពេញមានរបៀបរៀបរយស្ងប់ស្ងាត់ល្អ ហើយពុំសូវឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែរ ដោយសារសមត្ថកិច្ចមានការរឹតបន្តឹង។ ប៉ុន្តែរយៈពេលស្ងប់ស្ងាត់ល្អបានត្រឹមមួយរយៈខ្លីសោះបែរជាគេសង្កេតឃើញរថយន្តកុងតឺន័រ រថយន្តដឹកដីគ្រោះថ្មរថយន្តយីឌុបប្រភេទយក្ស រថយន្តដឹកសំពីងសំពោងនៅតែបើកចូលមកដល់ទីក្រុងភ្នំពេញពេលថ្ងៃ ទើបត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប៉ូលិសចរាចរផ្លូវគោករាជធានីធ្វើការត្រួតពិនិត្យតាមដងផ្លូវចាប់ឃាត់រថយន្តទាំងនោះជាហូរហែក្នុងឆ្នាំ២០១៤កន្លងមកនេះ។ នេះគឺជាបញ្ហាមួយដែលសមត្ថកិច្ច និងសាលារាជធានីភ្នំពេញមិនបន្ធូរដៃវិញទេនៅតែរឹតបន្តឹងដូចពេលមុនៗ។
ប្រជាពលរដ្ឋក៏ដូចអ្នកដំណើរបានសម្ដែងការអបអរសាទរនៅពេលដែលឃើញចំណាត់ការរបស់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញមានវិធានការឃាត់មិនឲ្យរថយន្តធំៗចូលក្រុងភ្នំពេញពេលថ្ងៃនោះ គឺជាវិធានការដ៏ល្អប្រពៃណាស់ទី១ បញ្ចៀសនូវករណីគ្រោះថ្នាក់ចរាចរណ៍ ទី២ មានសណ្ដាប់ធ្នាប់ល្អមិនប៉ះពាល់ដល់បរិស្ថាន សុខភាព ទី៣ មិនបង្កឲ្យមានការកកស្ទះចរាចរណ៍ទៅមក និងទី៤ មិនរំខានដល់ពេលវេលារបស់អ្នកដំណើរឡើយ ទី៥ កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍តែម្តង។
ប្រជាពលរដ្ឋសុំធ្វើការសំណូមពរដល់លោកស្នងការប៉ូលិស និងលោក អភិបាលរាជធានីភ្នំពេញត្រូវតែបន្តរឹតបន្តឹងត្រួតពិនិត្យរថយន្តកុងតឺន័រ រថយន្តដឹកដី ក្រួស ថ្មរថយន្តយីឌុបប្រភេទយក្ស រថយន្តដឹកសំពីងសំពោងទាំងនោះកុំឲ្យបើកចូលមកដល់កណ្ដាលក្រុងភ្នំពេញពេលថ្ងៃបានទៀតនោះ៕
0 Comments