ភ្នំពេញ ៖ រឿង « គ្រូទាយសម័យអ៊ីនធឺណិត » ជាខ្សែភាពយន្តខ្មែរថ្មីមួយដែលត្រូវបានផលិតឡើង ដោយផលិតកម្ម MB ដែលមានតារាចម្រៀង និងសម្ដែងលោក ស៊ឹម សុរ៉ាមភូមិ ជាចាងហ្វាង ផលិតកម្ម។ នៅក្នុងពិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តរឿង «គ្រូទាយសម័យអ៊ីនធឺណិត»ដែលបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ លោក ស៊ឹម សុរ៉ាមភូមិ បាននិយាយឲ្យដឹងថា រឿង«គ្រូទាយសម័យ អ៊ីនធឺណិត»ជាខ្សែភាពយន្តបែបកំប្លែងស្នាដៃទីមួយរបស់ផលិតកម្ម MB ។ តារាសិល្បៈដែលបានស្ងប់ស្ងាត់ជាមួយការងារសិល្បៈ និងមុខជំនួញមួយរយៈពេលយូរកន្លង មកក៏បានឲ្យដឹងពីការរំពឹងទុកផងដែរថា តាមរយៈរឿងទីមួយនេះផលិតកម្ម MB រំពឹងទទួលបាននូវភាពជោគជ័យច្រើនព្រោះមិនទាន់ទាំងបានចាប់ផ្ដើមផលិតផងនោះ រឿង«គ្រូទាយសម័យអ៊ីនធឺណិត»ក៏ទទួលបាននូវការចាប់អារម្មណ៍ចង់ទិញយកទៅដាក់បញ្ចាំងពីសំណាក់រោងកុនមួយនៅក្នុងរាជធានីភ្នំពេញរួចទៅហើយ។
តារាសិល្បៈដែលធ្លាប់ធ្វើជាអ្នកគ្រប់គ្រងទូទៅនៅក្នុងផលិតកម្ម មហាហង្ស រូបនេះក៏បាន សង្កត់ធ្ងន់ឲ្យដឹងដែរថា ម្យ៉ាងទៀតដោយសារមានការគាំទ្រពីស្ថានីយទូរទស្សន៍ CTN រួមជាមួយនឹងមជ្ឈដ្ឋានផ្សេងទៀតលោកជឿជាក់ថា រឿង«គ្រូទាយសម័យអ៊ីនធឺណិត»ពិតជាទទួលបានជោគជ័យ នៅពេលដាក់បញ្ចាំងហើយសម្រាប់ការផលិតរឿងនេះលោកសន្យាថា នឹងខិតខំឲ្យអស់ពីសមត្ថភាព មិនធ្វើឱ្យទស្សនិកជនខកចិត្តឡើយនៅពេលទស្សនា។
លោក ស៊ឹម សុរ៉ាមភូមិ សុំមិនបង្ហើបឲ្យដឹងពីចំនួនដើមទុនដែលផលិតកម្ម MB គ្រោងនឹង ចំណាយលើការផលិតវណ្ណកម្មទីមួយរបស់ខ្លួននេះទេ តែជាមួយគ្នានេះទាក់ទងនឹងរឿងបាត់មុខពី ពិភពសិល្បៈនៅក្នុងរយៈពេលកន្លងមកវិញនោះ តារាសិល្បៈដែលធ្លាប់លេចឮដំណឹងមានទំនាក់ ទំនងមនោសញ្ចេតនាស្នេហាជាមួយនឹងតារាចម្រៀងល្បីកញ្ញា សុខ ពិសី ក្នុងពេលកន្លងមករូបនេះ បានឲ្យដឹងថា ដោយសារតែលោករវល់ជាមួយការរៀនផ្នែកនិពន្ធ និងដឹកនាំរឿង។
ចំពោះការបើកផលិតកម្ម MB វិញតារាខ្ពស់សង្ហារូបនេះក៏បានឲ្យដឹងដែរថា ដំបូងឡើយ MB គឺគ្រាន់តែជាអង្គការតូចមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីស្វែងរកមូលនិធិជួយកុមារក្រីក្រតែប៉ុណ្ណោះ។ ប៉ុន្តែដោយមានការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានខាងក្រៅក្នុងគោលបំណង ជួយជំរុញលើកកម្ពស់វិស័យភាពយន្តខ្មែរ ព្រមទាំងមានការជួយពីបងប្អូនសិល្បករ និងសិល្បៈការិនីជាច្រើនទៀតនោះ លោកក៏សម្រេចចិត្តបើកជាផលិតកម្ម MB ឡើងដើម្បីផលិតខ្សែភាពយន្តតែម្ដងដោយជាមួយគ្នានេះនៅក្នុងរឿង«គ្រូទាយសម័យអ៊ីនធឺណិត »ក៏ត្រូវបានចូលរួមសម្ដែងដោយតារាសិល្បៈដែលសុទ្ធសឹងតែជាសិល្បករ និងសិល្បៈការិនីដែលមានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ពិសេសតារាថ្មីៗហើយជាមួយគ្នានេះក៏មានតារាល្បីៗមួយចំនួនចូលរួមសម្ដែងផងដែរ ដោយពួកគាត់មិនបានយកកម្រៃថ្លៃនោះទេ៕
នរសិង្ហ
0 Comments