ភ្នំពេញ ៖ លោក មិន ឃិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃនិងប្រជាពលរដ្ឋបានប្រារព្ធពិធីរាប់បាត្រឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក មិន ឃិន បានមានប្រសាសន៍ក្នុងពិធីដោយពាំនាំនូវការនឹករលឹកពីសម្ដេចអគ្គមហាទាំងបីជូនសមាជិកទាំងអស់ ហើយការប្រារព្ធពិធីមានសារៈសំខាន់នេះស្របពេលដែល ព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលជាផ្លែផ្កាជាច្រើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ជាខួបលើកទី៣៦នៃការរស់ឡើងវិញរបស់ប្រជាពលរដ្ឋពីកណ្ដាប់ដៃរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយសាររបបដ៏យង់ឃ្នងបានបំផ្លិចបំផ្លាញទាំងស្រុងរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម។ ក្រោមទង់រណសិរ្ស២ធ្នូ និងស្មារតីចងចាំជានិច្ចថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពស្តាកសាង និងអភិវឌ្ឍប្រទេសដែលរហូតមកដល់ពេលនេះគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យអាណាចក្រនិងពុទ្ធចក្របានរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកបន្តថា សមិទ្ធផលជាច្រើនដែលរីកចម្រើនមកដល់សព្វថ្ងៃនេះគឺកើតចេញពីគុណបំណាច់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋគ្រប់រូបមិនអាចបំភ្លេចបាន។ លោកបន្តថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះជាតិ ថ្ងៃសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរស់រានមានជីវិតឡើងវិញឆ្លងផុតពីការគ្រប់គ្រងរបស់ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនឯងអស់ជាង៣លាននាក់នៅក្នុងរបបគ្រប់គ្រងរបស់គេនៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ លោកបានបន្តទៀតថា នេះជាកាលានុវត្តភាពមួយដែលបានបញ្ជាក់ឲ្យយើងឃើញកាន់តែច្បាស់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចទាំងបី ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើននិងមានកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់និងលើពិភពលោក។
ព្រះមហារាជធម្ម វង្ស អានេតា សមាជិកគណៈសង្ឃនាយកអនុប្រធានទី១ថេរសភានៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកណ្ដាលមានសង្ឃដីកាថា បានរួបរួមគ្នាប្រារព្ធពិធីបុណ្យខួបគម្រប់៣៦ឆ្នាំឧទ្ទិសកុសលជូនដល់ប្រជាជនកម្ពុជាដែលបានទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើទានដល់ប្រជារាស្ត្រដែលកំពុងជួបប្រទះនិងជីវភាពរាល់ថ្ងៃ។
ក្នុងឱកាសនោះដែរ លោក មិន ឃិន និងលោកស្រីជាភរិយាបានប្រគេនបច្ច័យមួយចំនួនធំដល់ ព្រះមហារាជធម្ម វង្ស អានេតា និងបានចែកអង្ករជូនប្រជាពលរដ្ឋ១១៣គ្រួសារក្នុងមួយគ្រួសារ១៣គីឡូក្រាម ទឹកត្រី២ដប និងបានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន២២៥នាក់៕
ពេជ្រ
0 Comments