ប្រភពព័ត៌មានមួយដែលដឹងឧប្បត្តិហេតុ បាននិយាយនៅថ្ងៃច័ន្ទថា ទាហានរត់ចោលជួរកូរ៉េខាងជើងម្នាក់ត្រូវបានគេចាប់ឃុំ ដោយអាជ្ញាធរចិនពីបទសម្លាប់ពលរដ្ឋចិន៤នាក់ ទំនងជាឆក់ប្លន់នៅក្នុងទីក្រុងសាឡុងជាប់ព្រំដែនចិន។
ប្រភពព័ត៌មាននោះបាននិយាយដោយសុំមិនឲ្យគេបញ្ចេញឈ្មោះថា ឧប្បត្តិហេតុនោះ បានកើតឡើងនៅថ្ងៃទី២៨ ខែធ្នូ កាលពីឆ្នាំមុននៅទីក្រុងណានពីង នៅសាឡុងជាប់ព្រំដែននៅខាងជើងទន្លេទូមេន មើលពីលើទៅឃើញខេត្តហាមយ៉ុង ខាងជើងរបស់ប្រទេសកូរ៉េខាងជើង។
តាមប្រភពព័ត៌មាននោះបានឲ្យដឹងថា បុរសកូរ៉េខាងជើងដែលមានកាំភ្លើងនោះបានសម្លាប់ពលរដ្ឋចិន៤នាក់ និងធ្វើឲ្យរបួសម្នាក់ទៀត នៅក្នុងផ្ទះរបស់គេនៅក្នុងអំឡុងពេលចូលទៅប្លន់។
ប្រភពព័ត៌មាននោះនិយាយថា ប៉ូលិសនិងអាជ្ញាធរចិនបានចាប់ជនសង្ស័យ ក្រោយពីតាមប្រមាញ់។ ជនសង្ស័យរូបនោះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
អាជ្ញាធរចិនមិនបានប្រកាសពីឧប្បត្តិហេតុនោះទេ ហើយអង្គការសារព័ត៌មានរដ្ឋរបស់ប្រទេសក៏នៅតែរក្សាភាពស្ងប់ស្ងាត់នៅឡើយ៕
រឹទ្ធ

0 Comments