Ad Code

ជំ​រុះ​ខ្សែក្រវាត់​លី​អូ​ជុំ​ទី​២ ៖ ​ផង់​ សុ​ភ័ស្ស​ ជួប ​ផាន់ ​សារុន ឯ​ ថន ​វាសនា​ ជួប ​សួង​ សុវណ្ណ​ថា​

ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា នៅ​ថ្ងៃអាទិត្យ​ទី​០៧​ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ជា​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ សប្ដាហ៍​ទី​៣ ។ ជុំ​ទី​២​នេះ មាន​ចំនួន​២​គូ ដែល​ជា​ការប្រកួត​រវាង​ ផង់ សុ​ភ័ស្ស អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​ផាន់ សារុន អ្នក​ប្រដាល់​ក្លិប​គជសារ​កីឡា និង​មួយគូ​ទៀត​ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​ក្រសួង​ការពារជាតិ ជួប ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគ​មានជ័យ​។​
ផង់ សុ​ភ័ស្ស កាលពី​ប្រកួត​ជុំ​ទី​១-បាន​វាយ​ឈ្នះ ​សួង សុវណ្ណ​ថា ​ដោយ​ស្វ័យប្រវត្តិ ​ដោយសារ​សុវណ្ណ​ថា​អវត្តមាន ហើយ​ពេលនោះ​អ្នកគ្រប់គ្រង​កម្មវិធី​បាន​យក សុខ​ សុវណ្ណ​ ក្លិប​កងពលតូច​លេខ​៣១​ឲ្យ​ឡើង​ប្រកួត​ជាមួយ​ ផង់ ​សុ​ភ័ស្ស ហើយ ​សុ​ភ័ស្ស​ ឈ្នះ​ក្នុង​ទឹក​ទី​៣។​
សម្រាប់​ការ​ជួប​ ផាន់ សារុន​លើក​នេះ សុ​ភ័ស្ស​ មិន​ដឹង​ថា​ជួប​សំណាងល្អ​បាន​ឈ្នះ​ សារុន ទៀត​ឬ​អត់​នោះ​ទេ? ព្រោះ​ផាន់ សារុន គេ​ល្អ​និង​ខ្លាំង​ជាង​។​ រវាង ​ផង់ សុ​ភ័ស្ស និង ផាន់ សារុន​នេះ ពុំ​ដែល​ជួបគ្នា​ទេ​កន្លងមក​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្រុម​អ្នក​វិភាគ​អះអាង​ដែរ​ថា ផង់ សុ​ភ័ស្ស​មិនអាច​ឈ្នះ​ ផាន់​ សារុន​ នោះ​ឡើយ​សម្រាប់​ជំនួប​គ្នា​នេះ​។
ផាន់ សារុន ​ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​ល្អ​និង​ទាត់​ខ្លាំង ចិត្ត​ប្រដាល់​ក៏​ធំ​ថែមទៀត​។ កាលពី​ប្រកួត​ជម្រុះ​ជុំ​ទី​១-បាន​វាយ​ឈ្នះ ​ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគ​មានជ័យ​ក្នុង​ទឹក​ទី​៤​។​
ទោះ​ជា​យ៉ាងណា សម្រាប់​ជំនួប​រវាង ​ផាន់ សារុន និង ផង់ សុ​ភ័ស្ស ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​នេះ គេ​មាន​ជំនឿ​ទុកចិត្ត​ថា សារុន​នឹង​ឈ្នះ​ការប្រកួត​នេះ​។
ចំពោះ​ការប្រកួត​ជម្រុះ​មួយគូ​ទៀត​នោះ ថន វាសនា​ អ្នក​ប្រដាល់​ក្លិប​នាគ​មានជ័យ​នឹង​ជួប​ជាមួយ​ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ​។ ពួកគេ​ពីរ​នាក់​នេះ​ធ្លាប់​ប៉ះ​គ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ ថន វាសនា ​ចាញ់ ​សួង សុវណ្ណ​ថា​ដោយ​ពិន្ទុ​។
ថន វាសនា គេ​បាន​១​ពិន្ទុ បន្ទាប់ពី​ការប្រកួត​ជុំ​ទី​១ គេ​បាន​វាយ​ចាញ់ ​ផាន់ សារុន ក្នុង​ទឹក​ទី​៤ នោះ​។ ឯ សួង សុវណ្ណ​ថា គេ​មិន​មានបាន​ពិន្ទុ​ទេ ដោយ​ការប្រកួត​ជុំ​ទី​១ គេ​បាន​បោះបង់​ការប្រកួត​ពេល​ត្រូវ​ប្រកួត​ជាមួយ ​ផង់ សុ​ភ័ស្ស​នោះ​។
សួង សុវណ្ណ​ថា ទំនងជា​មិនអាច​យកឈ្នះ​ ថន វាសនា​ ដូច​មុន​នោះ​ទេ សម្រាប់​ការ​ជួបគ្នា​ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ ព្រោះថា​វាសនា​ឥឡូវនេះ​វាយ​ខ្លាំង​ជាង​មុន ហើយ​ថែមទាំង​មិន​ចេះ​ខ្លាច​ថែម​ទៀត ឯ​ការ​វាយ​របស់​គេ​ក៏​ច្បាស់​ជាង​មុន​ដែរ​។ ទោះជា​យ៉ាងណា ថន វាសនា ធ្លាប់​ចាញ់ ​សុវណ្ណ​ថា​ម្តង​ហើយ។ លើក​នេះ​មិន​ដឹង​ថា នរណា​ជា​អ្នកឈ្នះ​នោះ​ទេ ព្រោះ​ការប្រកួត​ខ្សែក្រវាត់​គឺ​អត់​មាន​ហ៊ាន​ប្រហែស​រៀងៗ​ខ្លួន ដើម្បី​សន្សំ​ពិន្ទុ​។​
ការប្រកួត​ជម្រុះ​វិល​ជុំ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​លី​អូ​បៀរ ទម្ងន់​៦០ គីឡូក្រាម ដែល​មាន​អ្នក​ប្រដាល់​ចំនួន​៨​រូប​នោះ នឹង​ត្រូវ​ជួបគ្នា​ទាំងអស់​គឺ​ក្នុង​ម្នាក់ៗ​ត្រូវ​ប្រកួត​៧​ប្រកួត ដោយ​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ ពី​លេខ​១​ដល់​លេខ​៤ នឹង​ត្រូវ​បាន​ឡើង​ទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​៕​
វិ​សិទ្ធ​



Post a Comment

0 Comments

Close Menu