កំពង់ធំ ៖ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា ជាប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកំពង់ធំ និងជាអនុប្រធានទី២នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានអញ្ជើញសំណេះសំណាលនិងផ្តល់អាគារសិក្សា១ខ្នង៤បន្ទប់នៅក្នុងវត្តត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ដោយមានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និង តាជី យាយជី សរុបចំនួន១.១០០នាក់។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍បានអានរបាយការណ៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកសំណេះសំណាល ព្រមទាំងផ្តល់នូវថវិកាសម្រាប់សាងសង់អាគារសិក្សា១ខ្នង៤បន្ទប់នៅក្នុងវត្តត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍នេះ ដែលមានទឹកប្រាក់សរុបទាំងអស់ស្មើនិង១៦០.០០០.០០០(មួយរយហុកសិបលានរៀល)យកមកតម្កល់ទុកជាស្រែបុណ្យនៅទីនេះ។
ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះមុខប្រជាពលរដ្ឋ និងមន្ត្រីរាជការថា! ក្នុងនាមយើងទាំងអស់គ្នាជាប្រជាជនខ្មែរ ដែលបានឆ្លងកាត់នូវរបបវាលពិឃាតអាវខ្មៅនៃបនក្បត់ជាតិប៉ុលពត ក្នុងរយៈពេលជាង៣ឆ្នាំប៉ុណ្ណោះ សម្លាប់ប្រជាពលរដ្ឋឯងអស់រាប់លាននាក់! សួរថា តើមានអ្នកមានបុណ្យណាមកជួយទេ? គឺគ្មានទេ! បើកុំតែបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចទាំង៣ក្រោកឈរឡើងតស៊ូ ដោយមានការជួយពីសំណាក់កងទ័ពវៀតណាមវាយរំដោះទាន់ពេលវេលានោះ កុំអីគ្មានសេសសល់ទៀតទេ ប្រជាពលរដ្ឋខ្មែររហូតមកដល់ថ្ងៃនេះ! ហើយគណបក្សប្រជាជនកម្ពុជាហានថាហើយគឺធ្វើ!មិនមែន ចេះតែដើរសន្យាចោលនោះទេ! ជាចុងក្រោយតាជី យាយជីចំនួន១០០នាក់ ឯកឧត្តមបានប្រគល់ជូននូវក្រណាត់សរ១ដុំ និងថវិកា១០.០០០រៀល ប្រជាពលរដ្ឋ១.០០០នាក់ ក្នុងម្នាក់ៗសារុង០១៕
ប៊ុន រដ្ឋា
0 Comments