កំពង់ធំ ៖ សិស្សសាលាវិទ្យាល័យ ហ៊ុន សែន ត្រូវបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលនាំគ្នាទៅលេងចំការពោត ហើយក៏នាំគ្នាដុតពោតញ៉ាំយ៉ាងសប្បាយបន្ទាប់មកក៏នាំគ្នាជិះទូកលេង តែសង្ខារមិនទៀង ទូកដែលជិះគ្នា០៤នាក់បានលិចចូលក្នុងទឹក សិស្ស០២នាក់ត្រូវបានជួយសង្គ្រោះ ចំណែកសិស្ស០២នាក់ទៀត ត្រូវបានស្លាប់ដោយសារមិនចេះហែលទឹក។
តាមការឲ្យដឹងពីប្អូនប្រុសដែលជាសិស្សរួមថ្នាក់ឈ្មោះ សេង វិចិត្រ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ មុនពេលកើតហេតុ សិស្សនឹងគ្រូ០២នាក់មានឈ្មោះ កែន សេរីរ័ត្នចាន់មន្នី និងទី២-ឈ្មោះ ហៀង វណ្ណថាន សរុប១០នាក់ បាននាំគ្នាទៅទិញពោតដុតហូបនៅចំនុចភូមិប្រមាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។
លុះថ្ងៃបន្តិចក៏នាំគ្នាជិះទូកនិងងូតទឹកលេង មានទូកចំនួន០៣ទូក ពួកគេជិះគ្នា០៤នាក់ យកទូរស័ព្ទថតរូបលេង ចៃដន្យទូកក៏លិច ស្រែកហៅឲ្យគេជួយដែរ !ឃើញដូច្នោះលោកគ្រូទាំង០២នាក់ និងអ្នកចេះហែលខ្លះនាំគ្នាទៅជួយស្រង់បាន០២នាក់ រីឯ០២នាក់ទៀតលិចទៅក្នុងទឹកបាត់ទម្រាំតែទូកអ្នកភូមិនៅជិតនោះមកជួយស្រង់បាន អ្នកទាំង០២នាក់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ! អ្នកស្លាប់ទី១.ឈ្មោះ ឈ ថៃលៀង ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០B រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា និងទី២-ឈ្មោះ ឯក ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០F រស់នៅភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅល្ងាចថ្ងៃកើតហេតុនេះដែរ គេបានឃើញវត្តមានរបស់លោក ហុក រិន អភិបាលក្រុងស្ទឹងសែន រួមជាមួយមន្ត្រីរាជការបាននាំយកនូវថវិកាទៅជួយឧបត្ថម្ភដល់គ្រួសារនៃសព្វរបស់យុវសិស្សទាំង០២នាក់ ក្នុងម្នាក់ៗចំនួន២៨០.០០០រៀល និងអង្ករ១បេ៥០គីឡូក្រាម៕
ប៊ុន រដ្ឋា
0 Comments