ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពី ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងតំណាងអគ្គិសនីកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណជាង៥០០នាក់ ស្ដីពីការតបណ្ដាញចរន្តអគ្គិសនីថ្មីតម្លៃ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ពិធីនេះប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងបុរី ស្រេង គង់ ស្ថិតក្នុងម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីរោងចក្រ នាឧកាសនេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោក៏បានពាំនាំនូវក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែបានយកចិត្តទុកដាក់ពីការរស់នៅរបស់បងប្អូនកម្មករជានិច្ច។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបញ្ចុះតម្លៃភ្លើងអគ្គិសនីឲ្យនៅត្រឹមតម្លៃតែ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ជាជំហានទី១ ហើយនឹងឈានដល់ជំហ៊ានទី២ គឺបញ្ចុះតម្លៃទឹកទៀតផងដែរ។
ក្នុងនោះដែលលោកអភិបាលខណ្ឌដង្កោក៏បានណែនាំដល់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួល ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមិនត្រូវប៉ះពាល់ឧបករណ៍អគ្គិសនី ហើយប្រសិនបើមានឃើញករណីទុស្សេខ្សែភ្លើង ត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា។
លោកអភិបាលខណ្ឌដង្កោក៏បានណែនាំផងដែរដល់កម្មករ-កម្មការិនី កុំជឿតាមការញុះញង់ឲ្យធ្វើការតវ៉ាប្រឆាំងការទាមទារនេះ ទាមទារនោះនាំឲ្យមានការខាតបង់ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងការភិតភ័យរបស់ប្រជាពលរដ្ឋ។ ព្រោះថា អ្នកដែលដើរញុះញង់ គឺគេគ្រាន់តែចង់ចំណេញនយោបាយ របស់ក្រុមគេតែប៉ុណ្ណោះទេ ហើយអ្នកខាតបង់ទ្រព្យសម្បត្តិ និងបាត់បង់ការងារធ្វើ គឺពួកយើងជាកម្មករ-កម្មការិនីនេះឯង។
ជាមួយគ្នានេះផងដែរ កម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមស្តាប់ក្នុងកម្មវិធី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានបញ្ចុះតម្លៃភ្លើងជូនពួកគាត់ ទាំងនេះគឺជាការរួមចំណែកដ៏ធំធេងមួយកម្រិតទៀតក្នុងការចំណាយរបស់ពួកគាត់។
សូមបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះមន្ត្រីអគ្គិសនីបានតភ្ជាប់បណ្ដាញអគិ្គសនីទៅតាមបន្ទប់ជួលបានចំនួន១.៣៥៣បន្ទប់ ស្មើនិង៧០ទីតាំងក្នុងខណ្ឌដង្កោ៕
រ៉ាវុទ្ធ
0 Comments