Ad Code

បើក​ម៉ូតូ​ទៅ​បុក​ឡានក្រុង​ក្នុង​ដំណើរ​ច្រាស​ទិស​គ្នា​រង​របួស​ធ្ងន់​សង្ស័យ​មកពី​ស្រវឹង​

កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ សង្ស័យ​ថា​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​រថយន្តក្រុង​ដែល​កំពុង​បន្ថយ​ល្បឿន​ក្នុង​ទិសដៅ​ច្រាស់​គ្នា​កណ្ដាលយប់។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ ថ្ងៃទី​០៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ នៅ​តាម​ជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​៧៨​និង​៧៩ ​ស្ថិត​ក្នុង​ភូមិ​អណ្ដូង​ជ្រៃ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ។​
សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បាន​និយាយ​ថា ជនរងគ្រោះ​មានឈ្មោះ​ ជា សារ៉េត អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់​លែង។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ភាព​ស្រវឹង ស្រាប់​តែ​មកដល់​ចំណុច​កើតហេតុ​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ឆ្វេង​ដៃ ស្រប​ពេល​ជាមួយគ្នា​នោះ​មាន​រថយន្តក្រុង​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B. 8673 បើកបរ​មកពី​ត្បូង​ទៅ​ជើង​ក្នុង​ដំណើរ​ច្រាស​ទិស​គ្នា ហើយក៏​បាន​បុក​គ្នា​តែ​ម្តង ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។
សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សំណាងល្អ​ដែរ​ដោយ​រថយន្ត​បាន​បន្ថយល្បឿន ហើយ​ពេល​ឃើញ​ម៉ូតូ​បើក​សំដៅ​មក​រក​ខ្លួន​បែបនេះ អ្នក​បើក​រថយន្ត​ក៏​ព្យាយាម​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ឈប់ នៅតែ​ម៉ូតូ​មក​បុក​រថយន្ត​ពេញទំហឹង​តែម្តង បណ្ដាលឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់ ​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។​
ក្រោយពេល​កើតហេតុ​អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​បា​សមត្ថកិច្ច​នគរបាល​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕
( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu