Ad Code

ម៉ូតូ​បើក​ជែង​រថយន្ត​មួយ​ទៅ​បុក​រថយន្ត​មួយទៀត បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់​

កំពង់ឆ្នាំង ៖យុវជន​២​នាក់​បាន​រង​របួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​ម៉ូតូ​បាន​បើក​ជែង​រថយន្ត​មួយ​ ហើយ​ទៅ​បុក​រថយន្ត​មួយ​មកពី​មុខ​ទៀត។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥​ នៅ​លើ​ជាតិ​លេខ​៥​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៤០​ និង​៤១ ​ស្ថិត​ក្នុង​ភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ។​
សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​ដែល​រង​របួស​ធ្ងន់​ខាង​លើ​មាន​ឈ្មោះ អូន​ពួយ អាយុ​២៣​ឆ្នាំ និង​ម្នាក់ទៀត​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ឡើយ ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1D.0132 ជិះ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ដោយឡែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ខៀវ​២​តោន​កន្លះ​ ពាក់​ស្លាក​លេខ​PP.3A9377 បាន​បើក​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា។
អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​បើក​ជែង​រថយន្ត​មួយ​ពីមុខ​ហើយ​បាន​ជ្រុល​ទៅ​បុក​និង​រថយន្ត​មួយទៀត​មកពី​មុខ​ដែល​នៅក្នុង​ចំណែក​ផ្លូវ​ម្ខាង បណ្ដាល​ឲ្យយ​រង​របួស​ធ្ងន់​ទាំង​២​នាក់​តែម្តង ចំណែក​ម៉ូតូ​បាន​ខូច​ខាងមុខ​ទាំងស្រុង។​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ដោយឡែក​ម្ចាស់​រថយន្ត​បាន​ចុះ​រត់​គេច​ខ្លួន​បាន​បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ​។ ​ករណីនេះ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​តាម​បច្ចេកទេស រួច​នាំ​បាន​យក​រថយន្ត​និង​ម៉ូតូ​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដើម្បី​ដោះស្រាយ​តាម​នីតិ​វិធី៕
ឈៀង ថា​រិ​ទ្ធ

Post a Comment

0 Comments

Close Menu