កំពត ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពីបទប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនទៅតុលាការ នៅចំណុចផ្ទះសំណាក់បូកគោបៃតង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។
លោកវរសេនីយ៍ឯក សៀក អាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទី១-ឈ្មោះ លាម ដារ៉ា ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត(ជួញដូរ) ទី២- ឈ្មោះ ម៉ា សូនីតា ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ប្រើប្រាស់)។ ដោយដកហូតវត្ថុតាងមួយចំនួនមានដូចជា ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច ទូរស័ព្ទដៃម៉ាកអិនចុចពិល២គ្រឿង ឧបករណ៍ប្រើប្រាស់១កំប្លេ និងម៉ូតូម៉ាកអ៊ែប្លែត១គ្រឿងទៀត។
លោកមេបញ្ជាការរងបានបន្ថែមទៀតថា បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យដើម្បីឈានទៅចាប់ខ្លួនមេខ្លោងជួញដូរ និងបក្ខពួកបន្តអស់រយៈពេលជាច្រើនម៉ោងរួចមក ការិយាល័យស្រាវជ្រាវនិងយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ៕
ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន
0 Comments