Ad Code

បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ត្រូវ​គេ​អាករ​សម្លាប់​ទម្លាក់​ចោល​ក្នុង​ទឹកអូរ​

ព្រះសីហនុ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ខណៈ​ពេល​ប្រទះឃើញ​សាកសព​ជនជាតិ​រុស្សី​ម្នាក់ ​ត្រូវ​គេ​អាករ​សម្លាប់​ទម្លាក់​ចោល​ក្នុង​ទឹកអូរ​យ៉ាង​អាណោចអាធ័ម​បំផុត។ ហេតុការណ៍​ប្រទះ​ឃើញ​សព​ខាង​លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១៥​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៩​ ខែ​កក្កដា ​ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​តំបន់​ស្ពាន​ឆេះ ស្ថិត​ក្នុង​ភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះសីហនុ។

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​បាន​ឲ្យ​ដឹង​ថា សព​មានឈ្មោះ EONCHAROV DENIS ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​រុស្ស៊ី កាន់​លិខិតឆ្លងដែន​លេខ​៧២៧៥៦៧៥៦២​ ធ្វើ​នៅ​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ផុត​កំណត់​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ មាន​មុខរបរ​ទេសចរណ៍។​

ប៉ូលិស​បាន​បន្ត​ទៀត​ថា នៅ​លើ​ខ្លួន​ប្រាណ​សព​មាន​ស្លាកស្នាម​ផ្នែក​ខាងក្រោយ ​ចាក់​ដោយ​វត្ថុ​រឹង​ជាច្រើន​កន្លែង​ និង​បំពង់ក ​ត្រូវ​បាន​អារ​ផ្តាច់។ នៅ​ជុំវិញ​កន្លែង​កើតហេតុ​ប៉ូលិស​បាន​រក​ឃើញ​កម្ទេច​បែកបាក់​ម៉ូតូ​ជាច្រើន​បំណែក​ផង​ដែរ ដែល​អាច​សង្ស័យ​ថា​ ជន​រងគ្រោះ​នៅ​ក្នុង​ថ្ងៃ​កើតហេតុ​ទំនងជា​ជិះ​ម៉ូតូ ​ហើយ​ត្រូវ​ជន​ដៃដល់(​មិន​ស្គាល់​មុខ​)ស្ទាក់​ប្លន់​សម្លាប់ តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ ជុំវិញ​ករណី​ខាង​លើ​នេះ​រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​២០​នេះ នៅ​មិន​ទាន់​មាន​សមត្ថកិច្ច​ណា​ម្នាក់ ឬ​ប៉ូលិស​ជំនាញ​ខាង​ណា​ពិនិត្យ​សាកសព ធ្វើការ​អះអាង​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់​តែ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ខុសៗ​គ្នា​ថា ​ជនរងគ្រោះ​អាច​ត្រូវ​គេ​អាករ​ប្លន់ សម្លាប់​យក​ម៉ូតូ និង​សមត្ថកិច្ច​ខ្លះ​ថា ​ករណី​នេះ​អាច​ជា​រឿង​គំនុំ​ច្រើនជាង​ករណី​ប្លន់​តែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​រៀបចំ​វេច​ខ្ចប់​ប្រគល់​ទៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ចែង​បន្ត។​

គួរ​បញ្ជក់​ផង​ដែរ​ថា សន្តិសុខ​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ក្នុង​ខណៈ​ពេល​លោក ជូន ណារិន មកកាន់​ជា​មេ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែល​កន្លងមក​ល្បីល្បាញ​ខាង​បង្ក្រាប បទល្មើស ចាប់​ចោរ​លួច ​ចោរឆក់ ចោរប្លន់​ កាលដែល​រូប​គាត់​នៅ​ជា​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំ ពេញ​នោះ សម្រាប់​ខេត្ត​ព្រះសីហនុ​នា​ពេល​នេះ ថ្វីត្បិតតែ​គេ​សង្កេតឃើញ​មានការ​រៀបចំ​ដាក់​កម្លាំង​យាម ល្បាត​គ្រប់​គោលដៅ​ស្ទើរ​គ្រប់​ដង​ផ្លូវ​ទាំង​យប់​ទាំង​ថ្ងៃ​ក៏ដោយ​ ប៉ុន្តែ​បទល្មើស​នៃ​អំពើ​ប្លន់ ប្រដាប់​អាវុធ​នៅតែ​កើតមាន​ដដែល​ជា​ដដែល ហើយ​ក្រុម​ជនល្មើស​ទាំងនោះ​តែង​តែ​មាន​ឧកាស​រត់ គេច​ខ្លួន​បាន​ដោយ​សុវត្ថិភាព​រហូត ជាក់ស្ដែង​ដូច​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​អ្នកលក់​មាស​នៅ​ផ្សារ​ចិន​បាញ់​ជនរងគ្រោះ​ឲ្យ​របួស​ធ្ងន់​ យក​អស់​លុយ​ និង​មាស​ជាច្រើន​តំឡឹង និង​ករណី​ប្លន់​ប្រដាប់​អាវុធ​ដល់​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​តំបន់​ទំនប់រលក​ជាដើម ដោយ​ទាំងពីរ​ករណី​នេះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិនបាន​រក​ឃើញ​តម្រុយ​អត្តសញ្ញាណ​ជនល្មើស​នៅឡើយ​ទេ។ ជា​មួយ​គ្នា​នេះ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​សម្ដែង​នៅ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខ​សុវត្ថិភាព​របស់​ពួកគាត់​ និង​ធ្វើ​សំណូមពរ​ទៅ​លោក ជូន​ ណារិន មេ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ មេត្តា​រឹត​បន្តឹង បន្ថែម​ទៀត​ទៅលើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ​ធ្វើ​យ៉ាង​ណា​រុករក​តាម​ចាប់​ខ្លួន​ក្រុម​ជនល្មើស​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន ​ដើម្បី​ឲ្យ​សក្ដិសម​នឹង​ភាព​ល្បីល្បាញ​ដូច​កាលដែល​លោក​ធ្វើជា​ស្នងការ​រង​រាជធានី​ភ្នំពេញ បើ​មិន​អញ្ចឹង​ទេ​ ប្រជាពលរដ្ឋ​មិន​មាន​ជំនឿ​នោះ​ឡើយ៕
Pisey-2015-07-20-full-B

Pisey-2015-07-20-full-B1 Pisey-2015-07-20-full-B3 Pisey-2015-07-20-full-B5




បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ត្រូវ​គេ​អាករ​សម្លាប់​ទម្លាក់​ចោល​ក្នុង​ទឹកអូរ​

Post a Comment

0 Comments

Close Menu