Ad Code

សេង ស្រឿ​ន​ ជួប​សងសឹក ​សុខ ​សុវណ្ណ​ លើ​សង្វៀន​ស្ទឹងមានជ័យ

​*ម៉ន លី​ហ៊ួ​រ ជួប​ជើង​ថ្មី ម៉ា ចាប​ចាន់

ប្រដាល់ ៖ សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ នឹង​ជួប​សងសឹក​ សុខ សុវណ្ណ អ្នក​ប្រដាល់​ជើង​ចាស់​ក្លិប​កងពលតូច​លេខ​៣១ នា​ល្ងាច​ថ្ងៃ​សុក្រ​ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​


កាលពី​ជួប​គ្នា​លើក​មុន​(២៥​មេសា​២០១៥) សេង ស្រឿ​ន​ វាយ​ចាញ់​ សុខ សុវណ្ណ ក្នុង​លក្ខណៈ​ប្រផឹតប្រផើយ​តែប៉ុណ្ណោះ ធ្វើ​ឲ្យ​គេ​មិន​អស់ចិត្ត​សុំ​ឡើង​ជួប​សងសឹក​វិញ​នៅ​ពេល​នេះ។ សេង ​ស្រឿ​ន ចាញ់​នៅ​ក្រោម​ថ្វី​ជើង​ទាត់​របស់ ​សុវណ្ណ និង​ភាព​រហ័សរហួន​ជា​មួយ​នឹង​តិចនិក​ប្រកួត​ខ្ពស់​ផង​ដែរ។​


សេង ស្រឿ​ន ចង់​ឈ្នះ​ សុខ សុវណ្ណ នោះ គឺ​មានតែ​វិធី​ម្យ៉ាង​គត់ គឺ​ត្រូវ​សម្រុកចូល​វាយ​ប្ដូរ​កែង ទើប​អាច​មាន​ផ្លូវ​ឈ្នះ​កើត។ ព្រោះថា បើ​វាយ​តាម​សម្រួល ​ឬ​តាម​ប្លង់​បច្ចេកទេស​នោះ គឺ​មិន​អាច​ទៅ​រួច​ជាមួយ​ សុវណ្ណ​ នោះ​ឡើយ។​


ចាំ​មើល សេង ស្រឿ​ន អាច​យកឈ្នះ ​សុខ សុវណ្ណ សងសឹក​បាន​វិញ​ឬ​អត់? សុវណ្ណ ប្រកួត​ចុង​ក្រោយ​នេះ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ដោយ​ពិន្ទុ ឯ​ការប្រកួត​ចុងក្រោយ​របស់ ​សេង ស្រឿ​ន វិញ គឺ​វាយ​ចាញ់ ​ឆៃ សា​រ៉ា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ ក្នុង​ទឹក​ទី​២។ ជា​ការ​ពិបាក​សន្និដ្ឋាន​ដែរ​ចំពោះ ​សេង ស្រឿ​ន ដែល​អាច​យកឈ្នះ ​សុខ សុវណ្ណ ​នោះ ព្រោះ ​ស្រឿ​ន ​វាយ​ចាញ់​ទាំង ​សា​រ៉ា​ដែល​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ផង​នោះ។


ម៉ន លី​ហ៊ួ​រ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ ម៉ា ចាប​ចាន់ អ្នក​ប្រដាល់​ជើង​ថ្មី​មកពី​ក្លិប​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ។ ម៉ា ចាប​ចាន់​នេះ មិនដែល​ឮ​ឈ្មោះ​ និង​មិនដែល​ស្គាល់​មុខ​ម្ដង​ណា​ឡើយ ដោយសារ​គេ​មិនដែល​ឡើង​មក​ប្រកួត​នៅ​ភ្នំពេញ​នា​ពេល​កន្លងមក។​

ទោះជា​យ៉ាងណា ម៉ន លី​ហ៊ួ​រ ដែល​ជា​ជើងឯក​ខ្សែក្រវាត់​គូ​បូ​តា មិន​អាច​មើលស្រាល​ចំពោះ​អ្នក​ប្រដាល់​ចំណូល​ថ្មី​ ម៉ា ចាប​ចាន់​ នេះ​បាន​ឡើយ ដោយសារ​ថា ចាប់​ចាន់​ តាម​ការ​ឲ្យ​ដឹង​នោះ គឺ​គេ​វាយ​មាន​ផ្លែ​ល្អ​ដែរ។​


លី​ហ៊ួ​រ​ ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ ជ័យ វ​ណ្ណះ ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់​ដោយ​ពិន្ទុ។ ចំណែក ​ម៉ា ចាប​ចាន់ មិន​មាន​កំណត់ត្រា​ប្រកួត​ឲ្យ​ដឹង​នោះ​ទេ។ ចាំ​មើល​ការ​ជួប​គ្នា​លើកដំបូង​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?


ប៊ី ចាន់ណា អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ នឹង​ជួប​ប្រកួត​ជាមួយ ​ចាន់ ឆាយ​ម៉ៅ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ដោយ​ជួប​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ អ្នក​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ជួប​គ្នា​ទេ​ពី​មុន​មក។ រវាង​ពួកគេ​ពីរ​នាក់​នេះ តាម​ការ​កត់សម្គាល់​នោះ ប៊ី ចាន់ណា ប្រហែលជា​មិន​អាច​ឈ្នះ​ ឆាយ​ម៉ៅ នោះ​ទេ?

ចាន់ ឆាយ​ម៉ៅ ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ។ ការប្រកួត​ចុងក្រោយ​របស់​គេ គឺ​វាយ​ឈ្នះ ​ដេ​ត សីហា ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៣។ ចំណែក​ឯ​ការប្រកួត​ចុងក្រោយ​របស់ ​ប៊ី ចាន់ណា ​វិញ គេ​ប្រកួត​ឈ្នះ ​ពុទ្ធ សុជាតិ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ។​


ចៅ រស់ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។ ចៅ រស់​ ជា​អ្នក​ប្រដាល់​ដែល​ប្រកួត​មិន​ចេះ​ខ្លាច​ញញើត​នោះ​ទេ។ ​ដូច្នេះ​លើក​នេះ ចាន់ សាន់​ ដែល​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​នោះ មិន​ដឹង​ថា​អាច​ទៅ​រួច ​ឬ​មិន​រួច​ជាមួយ​ ចៅ រស់ នោះ​ឡើយ៕
Pisey-2015-07-28-full-B


Pisey-2015-07-28-full-B1



សេង ស្រឿ​ន​ ជួប​សងសឹក ​សុខ ​សុវណ្ណ​ លើ​សង្វៀន​ស្ទឹងមានជ័យ

Post a Comment

0 Comments

Close Menu