Ad Code

កុមារ​ចំនួន​៣៦៥​នាក់​បាត់បង់​ជីវិត និង​៤៨៤​នាក់​រង​របួស​ក្នុង​ជម្លោះ​នៅ​យេមែន


អង្គការ​កុមារ Unicef បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ នា​ទីក្រុង​ហ្សឺណែវ ​កាលពី​ថ្ងៃ​សុក្រ​ថា កុមារ​ចំនួន​៣៦៥​នាក់ ត្រូវ​បាន​សម្លាប់ និង​៤៨៤​នាក់​បាន​រង​របួស នៅ​ក្នុង​ប្រទេស​យេមែន ចាប់តាំង​ពី​មាន​យុទ្ធនាការ​វាយប្រហារ​តាម​ច្រក​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ និង​កងកម្លាំង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ដើម្បី​ប្រឆាំង​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី ចាប់តាំង​ពី​ថ្ងៃ​ទី​២៦​ ខែ​មីនា​រហូត​មក។

លោក​គ្រី​ស្តូប ប៊ូ​លី​រ៉ា​ក គឺជា​អ្នកនាំពាក្យ​របស់ Unicef បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ចន្លោះ​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា​ និង​១៦ ខែ​កក្កដា មាន​កុមារ​ចំនួន​៣៦៥​នាក់ បាន​បាត់​បង់ជីវិត ហើយ​កុមារ​៤៨៤​នាក់​ទៀត បាន​រងរបួស។

គួរ​បញ្ជាក់​ថា រដ្ឋ​ដែល​ក្រីក្រ​បំផុត​នៅក្នុង​តំបន់​ឧបទ្វីប​អារ៉ាប់​មួយ​នេះ បាន​ជួបប្រទះ​ភាព​រំជើបរំជួល​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ប៉ុន្មាន​ខែ​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូ​ធី និង​កងកម្លាំង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ ប្រជាជន និង​កុមារ​យេមែន​ បាន​ប្រឈម​នឹង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​បើ​យោងតាម​សេចក្តី​រាយការណ៍​ពី​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា កុមារ​ប្រហែល​៥​សែន​នាក់ កំពុង​ជួប​កង្វះ​អាហារ​​​រូបត្ថម្ភ ក្នុង​នោះ​នោះ​កុមារ​ជាង​១.៨​លាន​នាក់ មិនបាន​ចូលរៀន​ក្នុង​រយៈពេល​ជាង​២​ខែ​កន្លង​មកនេះ។

លោក​គ្រី​ស្តូប បាន​បញ្ជាក់​ទៀត​ថា នៅ​មុន​ពេល​ជម្លោះ អត្រា​ចុះឈ្មោះ​ចូលរៀន​មាន​ចំនួន​៧៩​ភាគរយ​នៅ​ក្នុង​ប្រទេស​យេមែន ខណៈ​ដែល​កុមារ​គ្រប់​អាយុ​ចូលរៀន​ចំនួន​២​លាន​នាក់ អត់​បាន​ចូលរៀន ដោយសារតែ​ភាព​ក្រីក្រ ការ​ប្រកាន់​ជាតិ​សាសន៍ និង​ជម្លោះ។ ដូច្នេះ ហើយ​អង្គការ​របស់​លោក ទទូច​សុំ​ឲ្យ​ភាគី​ទាំងអស់​គួរតែ​គោរព​ដល់​សុវត្ថិភាព​សាលារៀន​ដើម្បី​អាច​ផ្ដល់​ឱកាស​ដល់​កុមារ​បាន​រៀន​សូត្រ​នឹង​គេ៕

កុមារ​ចំនួន​៣៦៥​នាក់​បាត់បង់​ជីវិត និង​៤៨៤​នាក់​រង​របួស​ក្នុង​ជម្លោះ​នៅ​យេមែន

Post a Comment

0 Comments

Close Menu