Ad Code

ពួក​ឈ្មួញ​មាន​ប្រាក់​ មានអំណាច​កំពុង​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ

កណ្ដាល​ ​៖ ​ដី​ព្រៃ​លិច​ទឹក​រាប់​លាន​ហិកតា​នៅ​ក្នុង​ទឹកដី​ខេត្ត​កណ្តាល​ ពិសេស​តំបន់​ព្រៃ​លិច​ទឹក​នៅ​តំបន់​អតីត​ឡូត៍​នេសាទ​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​រង្គាល​ពី​សំណាក់​ពួក​ឈ្មួញ​មាន​ប្រាក់​ និង​មានអំណាច​ធំៗ​ជាច្រើន​នាក់​ ដែល​កំពុង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​លើក​ជា​ទំនប់​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ និង​កំពុង​ធ្វើ​ឲ្យ​រាស្ត្រ​ក្រីក្រ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខរបរ​អាជីព​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​ ដោយ​ការ​ដើរ​បេះ​ត្រកួន​ព្រលិត រាវ​ខ្យង ខ្ចៅ​ ឬ​ដាក់​លប​មង​សន្ទូច​លែង​បាន​ដូច​ពីមុន​ទៀតហើយ ព្រោះ​តំបន់​បឹងបួ​ទាំងនោះ​បានក្លាយ​ជា​ដី​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ពួក​អ្នក​មានអំណាច​ និង​មាន​ប្រាក់​អស់​ទៅ​ហើយ​នោះ។


ទន្ទឹម​នឹង​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ ដែល​ជា​ជម្រក​ត្រី​ពង​កូន​ ជាទី​សម្បត្តិ​រដ្ឋ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ នា​ពេល​កន្លងមក អាជ្ញាធរ​ខេត្ត​ស្រុក​មួយ​ចំនួន ហាក់បីដូចជា​បណ្ដែតបណ្ដោយ​ឲ្យ​ពួក​ឈ្មួញ​ទាំងនោះ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​បំផុត​ទំនងជា​ទួលបាន​នូវ​លាភសក្ការៈ​ខ្លះ​ហើយ​មើលទៅ។


មេ​ឈ្មួញ​ធំៗ​ដែល​បាន​បំពាន​យក​ដី​បឹង​ដី​រដ្ឋ និង​ដី​រាស្ត្រ​ទាំងនោះ​ត្រូវ​អ្នកស្រុក​ស្គាល់​ឈ្មោះ មាន​ដូច​ជា លោក​ជំទាវ សៀង ចាន់​ហេង (​ហៅ​យាយ​ហេង​) ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ មាន​លំនៅដ្ឋាន​ក្រុង​តាខ្មៅ គឺ​បាន​យក​ទាំង​ដី​រដ្ឋ​ដី​រាស្ត្រ​រាប់​ពាន់​ហិកតា​នៅ​តំបន់​ទំនប់​ ៩២‑៩៣‑៩៤ ស្រុក​កណ្តាល​ស្ទឹង​ចូលមក​ដី​ស្រុក​ស្អាង ចំណុច​ខាងលិច​ភ្នំ​ស្អាង​ក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​១ ស្ថិតនៅ​ឃុំ​ស្អាង​ភ្នំ ព្រំប្រទល់​ឃុំ​អំពៅព្រៃ ស្រុក​កណ្តាល​ស្ទឹង។


លោក​ជំទាវ កុក អាន (​ហៅ​យាយ​រឿន​) បាន​ទៅ​ព័ទ្ធ​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ស្លាបទា​អតីត​ឡូត៍​លេខ​១ ឃុំ​ក្រាំង​យ៉ូ​វ​រាប់​រយ​ហិកតា។


លោក​សុខ រិទ្ធី ជា​មន្ត្រី​យោធា​បាន​ទៅ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នៅ​ខាងចុង​វត្ត​ប្រាសាទប្រាំ​បឹង​ធំ​ស្ថិតក្នុង​អតីត​ឡូត៍​លេខ​៣ ស្រុក​កៀនស្វាយ រាប់រយ​ហិកតា ហើយ​ដី​នោះ​កន្លងមក​ក៏មាន​ទំនាស់​ជាមួយ​លោក​ឧកញ៉ា​ឈន សារ​ណេ និង​ឈ្មោះ ឈាង ប៉ាក់​សួ ផងដែរនា​ពេល​ថ្មីៗ​នេះ។


លោក​ជុំ ប៊ុន​ណា​រ៉ូង លោក​វេជ្ជបណ្ឌិត​កែវ​សាន​បាន​ទៅ​ព័ទ្ធ​យក​ដីព្រៃ​នៅ​ចុង​ព្រែក​ប្រសាទ​ប្រាំ ចុង​ព្រែ​កតា​តិ​ន ចុង​ព្រែ​កតា​ជ័រ​ព្រៃទា​ហាន​ស៊ៅ ស្ថិតនៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ​​រាប់ពាន់​ហិកតា។


លោក​ឧកញ៉ា ឡោក ហួ ធ្វើការ​នៅ​ព្រឹទ្ធសភា​ក៏បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​បំពាន​យក​ដី​រដ្ឋ ដី​រាស្ត្រ​ពី​ស្រុក​កៀនស្វាយ​ធ្លាក់​ដល់​ដល់​ស្រុក​លើកដែក ស្រុក​កោះធំ រាប់ពាន់​ហិកតា។ ដី​ដែល​លោក ឡោក ហួ ព័ទ្ធ​យក ស្ថិតនៅ​តំបន់​ឡូត៍​នេសាទ​លេខ (៣‑៤‑៥‑៦‑៧)។


ស្ត្រី​ឈ្មោះ​ច្រេ​ង សៀក (​ហៅ​យាយ​សៀក​) រស់នៅ​ភូមិ​លេខ​៣ ឃុំ​ត្រើយស្លា​ក៏បាន​ទៅ​ទន្ទ្រាន​យក​ដី​នៅ​ចំណុច​ខាងលិច​ខ្នង​អាង​យុវជន រាប់រយ​ហក​តា​ផងដែរ។


ឈ្មោះ ហ៊ុន អៀង​, ឈ្មោះ ចី​ម គី ជា​មេភូមិ​លេខ​៩ ឃុំ​ត្រើយ​ស្លា​ក៏បាន​ទៅ​ព័ទ្ធ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ខាងកើត​ខ្នង​អាង​ពាម​សូ អតីត​ឡូត៍​លេខ​៣‑៤ជាច្រើន​ហិកតា​ផងដែរ និង​ឈ្មោះ តា​ម៉ាប់ ហៅ​ថៅកែ​ហាប់ ផ្ទះ​នៅ​ផ្សារ​ព្រែក​ឃ្លោង​ក៏បាន​ទៅលើ​ក​ទំនប់​ជីក​ប្រឡាយ តំបន់​ប្រឡាយ ៧៥ អតីត​ឡូត៍​លេខ ៣ជាច្រើន​ហិកតា​ផងដែរ។


លោក​ចៅ តុល មេបញ្ជាការ​រង​កង​អង្គរក្ស​ ក៏​បាន​រំលោភ​យក​ដី​រាប់​សិប​ហិកតា​នៅ​តំបន់​មុខ​ស្រះ​៣៨ទួល​រាជា ឃុំ​ពោធិ​បាន ស្រុក​កោះធំ អតីត​ឡូត៍​លេខ ៥‑៦ រួមជាមួយ​ឈ្មោះ នួន សា​វី​មន្ត្រី​យោធា​អង្គរក្ស ថ្នាក់​ផ្កាយ​ផងដែរ។


ឈ្មោះ​ប៊ុន ច័ន្ទ​គ្រឹ​ស្នា មន្ត្រី​យោធា​អង្គរក្ស ថ្នាក់​ផ្កាយ​ក៏បាន​ទៅ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​លិច​ទឹក អតីត​ឡូត៍​លេខ ៤‑៥ ស្ថិតនៅ​ឃុំ​ត្រើយ​ស្លា​ និង​ឃុំ​ប្រសាទ​រាប់​រយ​ហិកតា​ និង​កំពុង​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដើម្បី​ឈូស​ឆាយ​យក​ដី​បន្ត​ទៀត ហើយ​បច្ចុប្បន្ន កំពុង​ប្រឈម​មុខ​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ឃុំ​ប្រាសាទ​ភូមិ​ជ្រោយ​ឫស្សី។


គួរ​បញ្ជាក់ថា រាល់​ដីព្រៃ​លិច​ទឹក​ទាំងអស់​ ដែល​ត្រូវបាន​ធ្លាក់​ដល់​កណ្តាប់ដៃ​ឈ្មួញ​ធំៗ​ខាងលើ​នោះ ត្រូវបាន​គេ​ប្រើ​គ្រឿងចក្រ​ជីក​ជា​ប្រឡាយ​លើក​ទំនប់​ហ៊ុមព័ទ្ធ​ជុំវិញ​ជិតជុំ ​រួច​ធ្វើ​ប៉ុស្តិ៍​យាម​ដាក់​កងកម្លាំងប្រដាប់អាវុធ​ មាន​ទាហាន ប៉េអឹម ប៉ូលិស ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី បាញ់​បោះ យ៉ាង​អនាធិបតេយ្យ​នៅតាម​គោលដៅ​ដី​នីមួយៗ​ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចេញចូល​ទៅ​ធ្វើ​ការ​នេសាទ ឬ​បេះ​ត្រកួន​ព្រលឹត​ ឬ​រាវ​ខ្យង​ខ្ចៅ ដាក់​លប​មង សន្ទូច បាន​ដូច​ពីមុនៗ​ទៀត​ទេ​លុះត្រា​ណា​តែ​បង់ប្រាក់​ឲ្យ​​​ក្រុម​អ្នកយាម​ដី​នោះ​ជាមុន ទើប​បើកទូក​ឆ្លងកាត់​ឬ​ធ្វើការ​នេសាទ​បាន។


ខណៈ​ពួក​ឈ្មួញ​ធំ​ៗ​បាន​ធ្វើ​សកម្មភាព​ ដណ្ដើម​ដី​បឹង​ ដី​រដ្ឋ​​យក​ធ្វើ​កម្មសិទ្ធិ​រៀង​ៗ​ខ្លួន​ យ៉ាង​អនាធិបតេយ្យ​នោះ ​កន្លងមក​ថ្មីៗ​នេះ​​លោក​ម៉ៅ ភិ​រុណ ​ដែល​បាន​ឡើងជា​ចៅហ្វាយខេត្ត​បាន​បញ្ជា​ទៅ​លោក​អភិបាលស្រុក​នានា​ពិសេស​ជំនាញ​ជលផល​ខណ្ឌ​កណ្តាល​ដើម្បី​ធ្វើការ​ឃាត់​ចាប់​គ្រឿងចក្រ​បែប​អនាធិបតេយ្យ​ទាំងនោះ។


បើតាម​ការបញ្ជាក់​ពី​លោក សេង ធី​ម ជំនាញ​ផ្នែក​ជលផល​បាសាក់​បាន​ឲ្យ​ដឹងថា ចាប់ពី​ចុងខែ​ឧសភា និង​ដើមខែ​មិថុនា ឆ្នាំ​២០១៥ នេះ​កម្លាំង​ជលផល​សហការ​ជាមួយ​អាជ្ញាធរ ឃុំ​ស្រុក ប៉ូលិស ប៉េអឹម​ចុះ​ធ្វើការ​បង្ក្រាប​គ្រឿងចក្រ​មក​ដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ​បាន​ចំនួន​២៥​គ្រឿង​ហើយ​បាន​រក្សាទុក​ដើម្បី​ចាំ​ការពិន័យ​ដោយ​ស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។ ក្នុងនោះ​ចាប់​នៅ​ស្រុក​ល្វាឯម អេស្កាវ៉ាទ័រ ចំនួន​២​គ្រឿង​នៅ​ស្រុក​កៀនស្វាយ​អេស្កាវ៉ាទ័រ​ចំនួន​៣​គ្រឿង នៅ​ស្រុក​ស្អាង​ចំនួន​៥​គ្រឿង​ និង​នៅ​ស្រុក​កោះធំ ចំនួន​១៣​គ្រឿង៕



M26-07-y


M26-07-y1


M26-07-y2



ពួក​ឈ្មួញ​មាន​ប្រាក់​ មានអំណាច​កំពុង​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ

Post a Comment

0 Comments

Close Menu