Ad Code

ស្ដាប់​ការ​រៀបរាប់​របស់​ស្ត្រី​ ដែល​ចាញ់​បោក​មេខ្យល់​យក​ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន

សៀមរាប ​៖​ ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ​ហេង សំណាង ​អាយុ​២៩​ឆ្នាំ មាន​ទី​កំណើត​នៅ​ភូមិ​ស្វាយ ឃុំ​ស្វ៊ាង ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ហ្វូ​ជាន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥ តាម​ជើង​យន្តហោះ​ K6659 ដោយ​ចេញពី​ទីក្រុង​ក្វាង​ចូ​វ វេលា​ម៉ោង​១៣​និង​២៥​នាទី និង​បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នៅ​វេលា​ម៉ោង​១៥​រសៀល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​តាមរយៈ​លិខិត​របស់​អគ្គ​កុងស៊ុល​កម្ពុជា ផ្ញើជូន​មក​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា។


ការ​មកដល់​ប្រទេស​កំណើត​វិញ របស់​ស្ត្រី​ខ្មែរ​រងគ្រោះ​ម្នាក់​នេះ ត្រូវបាន​លោក ជា ហេង នាយរង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ទៅ​ទទួលយក និង​នាំ​សាមី​ជនរងគ្រោះ​មកកាន់​ការិយាល័យ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត​សៀមរាប អនុវត្ត​តាម​នីតិវិធី ដើម្បី​ឲ្យ​គ្រួសារ​ជនរងគ្រោះ​មក​ទទួល​​​ជួបជុំ​គ្រួសារ​វិញ។


បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​រងគ្រោះ​នោះ​បាន​ឲ្យ​ដឹង​ថា ​ ខ្លួន​បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ប្រទេស​កម្ពុជា ទៅកាន់​គោលដៅ​នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៤។ ដំណើរ​រឿង​នេះ ស្រី្ត​រងគ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ថា ​ ដំបូង​មាន​ស្ត្រី​ម្នាក់​ដែល​ធ្វើការ​ជាមួយគ្នា​នៅ​រោងចក្រ​ឯ​រាជធានី​ភ្នំពេញ ថា​មាន​ចំណាប់អារម្មណ៍​ចង់​ទៅ​បេះ​តែ​នៅ​ស្រុក​ចិន​ដែរឬទេ ? ប្រាក់ខែ​ពី​៣០០​ទៅ​៥០០​ដុល្លារ។ បន្ទាប់មក​មាន​បុរស​ម្នាក់​ទាក់ទង​ជាមួយ​ស្ត្រី​រងគ្រោះ​រហូតដល់​មានការ​យល់ព្រម។


ស្រី្ត​រងគ្រោះ​បាន​និយាយ​ថា ​ ពេល​ទៅ​ដល់​សុង​ស៊ី ( គាត់​បញ្ជាក់ថា គាត់​មិន​ស្គាល់​ថា ទី​កន្លង​ដែល​ខ្លួន​ទៅដល់​នោះ ជា​ខេត្ត ជា​ស្រុក​អ្វី​ទេ គឺ​ដឹង​ត្រឹមតែ​ថា តំបន់​សុង​ស៊ី )។ ស្រី្ត​រង​គ្រោះ​បាន​បន្តទៀតថា ​ ពេល​ទៅដល់​ទីនោះ ឥតមាន​បាន​ធ្វើ​ការងារ​បេះ​តែ​អ្វី​ទេ គឺ​គេ​ចាប់បង្ខំ​ឲ្យ​ខ្លួន​យកប្តី​ជនជាតិ​ចិន​តែម្តង គឺ​យកប្តី​ឥតមាន​រៀបការ​អ្វី​ទាំងអស់ ​ដោយ​ឲ្យ​ចូលខ្លួន​ទៅ​បម្រើ​គេ​ក្នុងនាម​ជា​ប្រពន្ធ និង​បម្រើ​គ្រួសារ​គេ​ដូច​ទាសករ​តែម្តង។


ស្រី្ត​រងគ្រោះ​ម្នាក់​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា​ គាត់​បាន​ប្រកែក ឥតមាន​យល់ព្រម​តាម​ការ​ចាប់​បង្ខំ​នោះទេ ក៏ប៉ុន្តែ​បុរស​ជនជាតិ​ចិន​នោះ បាន​និយាយ​ថា បើ​ចង់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ត្រូវ​សង​សំណង​៥ ០០០​ដុល្លារ។ ដូច្នេះ​គឺ​ជនរងគ្រោះ មិន​មាន​ជម្រើស​ផ្សេង​ឡើយ​ គឺ​ត្រូវតែ​រស់នៅ​ជា​ទាសករ​នៅ​ក្នុង​គ្រួសារ​បុរស​ជនជាតិ​នោះ​តែម្តងទៅ។


ស្រី្ត​រងគ្រោះ ហេង សំណាង បាន​និយាយ​បន្ត​ថា ​ទីបំផុត​ក៏​ដាច់ចិត្ត​លួច​រត់​ទៅ​រក​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ​ឲ្យ​ជួយ ដោយ​ជិះ​ឡាន​ធ្វើដំណើរ​អស់​១០០០​លុយ​ចិន។ ដោយ​ការ​ជួយជ្រោមជ្រែង​អន្តរាគមន៍​ពី​សំណាក់​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ ជា​ចុងបញ្ចប់ ក៏ត្រូវ​បានមក​ដល់​ប្រទេស​កម្ពុជា​វិញ នា​រសៀល​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៥។


លោក​ជា ហេង នាយរង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា ករណី​បញ្ជូន​ស្រី្ត​រងគ្រោះ​ទៅកាន់​ក្រុមគ្រួសារ​វិញ តាមរយៈ​មន្ទីរ​សង្គម​កិច្ច​នោះ មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប​ពុំបាន​ទទួលយក​ទេ ព្រោះ​ជាប់រវល់​ថ្ងៃ​សៅរ៍ ដូច្នេះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ស្ត្រី​រងគ្រោះ​ដោយ​ផ្ទាល់ ដើម្បី​រង់ចាំ​ទទួលយក។ ស្ត្រី​រងគ្រោះ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ទៅ​ជួប​ក្រុម​គ្រួសារ​ខ្លួន​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ៕
M26-07-zb



ស្ដាប់​ការ​រៀបរាប់​របស់​ស្ត្រី​ ដែល​ចាញ់​បោក​មេខ្យល់​យក​ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន

Post a Comment

0 Comments

Close Menu