ការងាររបស់មនុស្សតែងមានការរីកចម្រើនផង និងមានការស្រុតចុះខ្សោយផង។ នៅពេលមានការថមថយនេះហើយដែលមានពាក្យអ្នកស្រុកនិយាយថា មុជមិនជ្រៅទៅមិនឆ្ងាយ។ ឯអ្វីដែលគួរឲ្យគេឃើញយ៉ាងជាក់ស្តែងនោះ គីហៅថា អស់ក្រឡាលោត ឬងាប់ក្រឡា ដែលគេចំណាំតែហៅថា ចងជើងដោយខ្លួនឯងពិតប្រាកដ។
ចំពោះទស្សនៈដូនតាពីបុរាណក៏បានទុកជាបណ្តាំដែរថា ” តម្រិះជិះលើកឯង ” និងមានពាក្យមួយឃ្លាទៀតពោលថា ” ភូតច្រើន ច្រើនចាញ់អាត្មា “។ បានសេចក្តីថា ដោយសារតែទង្វើរបស់បុគ្គលនោះប្រព្រឹត្តទៅដោយមិនបានគិតពីហេតុផល ជាក់លាក់ ព្រោះដូចពាក្យចាស់ពោលថា ” ឆ្អិនក្បាលស៊ីក្បាល និងឆ្អិនកន្ទុយស៊ីកន្ទុយ ” នោះហើយដែលត្រូវទទួលនូវចំណែកផលជាអកុសលរបស់ខ្លួន ឬលទ្ធផលមិនល្អនេះហើយដែលគេហៅថា ជាចំណងដែលបានចងជើងនោះ។
បើតាមសំដីចាស់ទុំដែលជាអ្នកកាន់ពុទ្ធសាសនាតែងបាននិយាយអំពីបញ្ហាចំណងដែលមនុស្សម្នាក់ៗបានចងខ្លួនឯងស្ទើរតែគ្រប់រូបនោះគឺហៅថា ចំណង៥ប្រការ។ ចំណងនេះហើយដែលចងជើងមនុស្សឲ្យនៅវិលវល់ដោះស្រាយមិនបានសម្រេចនោះឡើយ។ ជាពិសេសនៅក្នុងទ្រឹស្តីបដិច្ចសមុប្បាទធម៌ក្នុងព្រះពុទ្ធសាសនាបានបង្ហាញ អំពីដើមចមនៃទុក្ខទោសនេះដែលជារបស់មនុស្សកើតឡើងដោយអវិជ្ជាតែម្តង។ បានសេចក្តីថា អវិជ្ជា,សង្ខារ,វិញ្ញាណ, នាមរូប, អាយតនៈ, ផស្សៈ, វេទនា, តណ្ហា, ឧបាទាន, ភព, ជាតិ, ជរា វាជាចំណងនៃទុក្ខភ័យរបស់មនុស្សគ្រប់រូប។ គឺដោយសារតែមានមូលហេតុដែលជាការជាប់ស្អិតនៃអវិជ្ជានោះហើយ ទើបមនុស្សមានចំណងដែលចងដោយខ្លួនឯង ក្នុងការជាប់ជំពាក់យ៉ាងស្អិតមិនអាចរបេះបាននោះឡើយ។
ដោយឡែកចំពោះរឿងនយោបាយក៏ប្រៀបដូចជាទស្សនីយភាពមួយដែលមជ្ឈដ្ឋានមនុស្សទាំងក្នុងសង្គមជាតិ និងទាំងនៅក្នុងសង្គម ក្រៅស្រុកគេមើលឃើញច្បាស់រាល់ថ្ងៃដោយមិនមានអ្វីសម្រាប់បិទបាំង ឬជាការលាក់លៀមនោះទេ។ ក្នុងនោះគេមើលឃើញសន្ទុះនៃសកម្មភាពនយោបាយថា តើនយោបាយខាងគណបក្សណាបានស្ទុះល្បឿនទៅមុខ និងក៏គេថា មានគណបក្សនយោបាយខ្លះទៅមុខមិនរួចដោយនៅវិលវល់នៅតែជ្រំជើងមួយកន្លែងតាមបែបហក់លោតលែងបាន ឬហៅថា ជាការចងជើងរបស់ខ្លួនដោយខ្លួនឯងពិតប្រាកដ។
ទន្ទឹមនេះដែរបើយើងក្រឡេកមើលទិដ្ឋភាពនៃនយោបាយរបស់គណបក្សប្រឆាំង ហៅថា គណបក្សសង្គ្រោះជាតិនោះ ក៏កំពុងចូលក្នុងរឿងដ៏អាប់អួមួយហៅថា ចងជើងដោយខ្លួនឯងនោះដែរ។ ព្រោះអ្វី?
ពេលវេលានៃអាណត្តិទី៥ ឃើញថា បានកន្លងផុតជិតអស់ពាក់កណ្តាលអាណត្តិទៅហើយគេសួរតើក្រុមការងារនៃគណបក្សសង្គ្រោះជាតិធ្វើបានអ្វីខ្លះសម្រាប់ជួយជាតិ និងប្រជាពលរដ្ឋ? ភាគច្រើនគេឆ្លើយថា មិនទាន់មានជាដុំកំភួនអ្វីក្រៅពីការបង្កើតចលាចលក្នុងស្រុកកន្លងមកនោះទេ។ ដោយសារតែការពន្យុះបង្អើលឲ្យមនុស្សធ្វើបាតុកម្មនោះហើយ ទើបលទ្ធផល មានមនុស្សជាប់ទោសចំនួន១៤នាក់នៅក្នុងពន្ធនាគារព្រៃស នាពេលនេះ។ នេះក៏ជារឿងចងជើងដោយខ្លួនឯងនោះដែរ ហើយជាមួយនេះបន្តទៀតក៏មជ្ឈដ្ឋានអ្នកគាំទ្រ និងក៏ជាប្រភពនៃការផ្តល់ដង្ហើមរស់នៃគណបក្សសង្គ្រោះជាតិទាំងនៅទីជិតក៏ដូចជានៅឯនាយសមុទ្រផងដែរ គឺគេមានការខកចិត្តពីបញ្ហាច្របូកច្របល់រកទិសតំបន់អ្វីមិនឃើញ ឬគេមើលឃើញតែជាការបរាជ័យនៃគណបក្សនោះពិតប្រាកដ។
ជាចុងក្រោយមជ្ឈដ្ឋានសាធារណៈយល់ឃើញថា នៅសល់ក្បាច់គុនចុងក្រោយមួយទៀតគឺប្រសិនបើរាជរដ្ឋាភិបាលបានសម្រេចពីការព្រមព្រៀងដោយការបោះបង្គោលព្រំដែនជាមួយវៀតណាមហើយនោះ ក៏ជាជោគជ័យមួយរបស់គណបក្សកាន់អំណាច ហើយក៏ជាការថមថយនូវឥទ្ធិពលទាំងស្រុងនៃគណបក្សប្រឆាំងនោះមែនហើយ។ នោះក៏ចាត់ទុកជាការចងជើងធ្វើឲ្យលែងដើររួចនៃបក្សប្រឆាំងដែលធ្វើឲ្យនយោបាយរបស់ខ្លួនមានការខូចខាតរេចរិលជាអសារបង់៕
ទស្សនៈ ៖ ចងជើងដោយខ្លួនឯង!
0 Comments