ភ្នំពេញ ៖ នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលរទេះរុញ ដែលជាអំណោយរបស់អង្គការអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់ការផ្តល់រទេះជនពិការក្រៅប្រទេស ចំនួន ១៧០ គ្រឿង ជូនដល់កុមារពិការនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ ២០១០ រហូតមកដល់ឆ្នាំ២០១៥នេះ អង្គការអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ការផ្តល់រទេះរុញជនពិការក្រៅប្រទេស បាននាំមកនូវរទេះរុញ ដែលមានគុណភាពពី ៨៥% ទៅ ៩០% សម្រាប់កុមារពិការកម្ពុជា ដែលមានបញ្ហាជម្ងឺខួរក្បាល បានសរុបចំនួន ៤៩០ គ្រឿងហើយ ដោយក្នុង១គ្រឿងមានតម្លៃប្រហែល ២,០០០ ដុល្លារសហរដ្ឋអាមេរិក។ លោកបានគូសបញ្ជាក់ថា រទេះរុញ និងឧបករណ៍ជំនួយក្នុងការអង្គុយនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងទិសដៅស្តារលទ្ធភាពពលកម្មកុមារពិការកាយសម្បទា និងកុមារពិការសតិបញ្ញា ដូចជាកុមារពិការចលករខួរក្បាល កុមាររបួសខួរឆ្អឹងខ្នង កុមារដែលមានជម្ងឺដោនសាំងដ្រូម។ល។
លោក ឯម ច័ន្ទមករា បានបន្ដថា លើសពីនេះ កុមារពិការ ពិតជាមានតម្រូវការចាំបាច់ណាស់នូវសម្ភារៈទាំងនេះ ហើយការផ្តល់ឲ្យរបស់អង្គការនាពេលនេះ ពិតជាបានឆ្លើយតបទាន់ពេលវេលា ដល់ពួកគេក្នុងការស្តារលទ្ធភាពពលកម្មផ្នែកវេជ្ជសាស្ត្រ និងផ្នែកកាយសម្បទា។
មានមតិសំណេះសំណាលនាឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការអ្នកស្ម័គ្រចិត្តជប៉ុន ដែលបានបំពេញបេសកកម្មប្រកបដោយទឹកចិត្តមនុស្សធម៌ អាណិតស្រឡាញ់កុមារពិការនៅកម្ពុជា និងបានប្រម៉ែប្រមូលរទេះរុញទាំងអស់នេះមកចែកជូនកុមារពិការនាពេលនេះ។ លោកបន្ដថា វិស័យពិការភាព គឺជាវិស័យអាទិភាពរបស់ក្រសួង ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការ ដូច្នេះ ក្រៅពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិជាច្រើន ដែលបានអនុម័តរួច រាជរដ្ឋាភិបាលបានប្តេជ្ញាអនុវត្តយ៉ាងសកម្ម ក្នុងការកែប្រែស្ថានភាពជនពិការឲ្យកាន់តែប្រសើរឡើង។
លោករដ្ឋមន្ដ្រី បន្ដថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីសម្រេចតាមផែនការគ្រោងទុក ក្នុងនោះបានផ្តល់សេវាជូនជនពិការប្រមាណ ២ ម៉ឺននាក់ ដោយឥតគិតថ្លៃក្នុង១ឆ្នាំៗ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំនួន ១១ កន្លែង។ លោកបានបន្ដថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គការអ្នកស្ម័គ្រចិត្តជប៉ុន និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត នឹងបន្តផ្តល់ជំនួយមនុស្សធម៌បែបនេះ សម្រាប់ជាគុណប្រយោជន៍របស់កុមារពិការ និងបងប្អូនពិការដទៃទៀត ផ្អែកតាមតម្រូវការជាក់ស្តែងរបស់ បងប្អូនពិការនៅកម្ពុជា៕
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចទទួលរទេះរុញចំនួន១៧០គ្រឿងពីអង្គការអ្នកស្ម័គ្រចិត្តជប៉ុន
0 Comments