Ad Code

ផលិតផល​កែ​សម្ផស្ស​ក្លែងក្លាយ​ ធ្វើ​ឲ្យ​កើត​មហារីក​ស្បែក ​វាយលុក​ក្នុង​ទីផ្សារ​យ៉ាង​ខ្លាំង

ភ្នំពេញ ​៖ ​បច្ចុប្បន្ន​នេះ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផលិតផល​កែ​សម្រស់​មួយ​ចំនួន​ដូចជា ឡេ​លាប​ឲ្យ​ស្បែក​ស ឲ្យ​មុខ​ស បំបាត់​មុន ជាំ ជាដើម​កំពុង​មាន​ទីផ្សារ​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​យុវជន និង​យុវនារី ដែល​មាន​ចង់​​​ឲ្យ​ខ្លួន​មាន​សម្រស់​ស្រស់​ស្អាត​ដូច​តារា​ថៃ ឬ​កូរ៉េ​។ ការ​ជ្រើសរើស​របស់​ពួក​គាត់​មិន​ត្រូវបាន​ឆ្លងកាត់​ការពិចារណា​ច្រើន​នោះទេ គឺ​ល្បឺ​ត​គ្នា តាម Facebook ឬ​មិត្តភក្ដិ ដែលជា​អ្នក​ត្រូវ​បាន​អ្នក​ដទៃ​ទាក់ទង​ឲ្យ​ប្រើ ហើយ​ណែនាំ​អ្នក​ដទៃ​ទៀត​ដើម្បី​បាន​ប្រយោជន៍​នូវ​កម្រៃជើងសា​។ ការ​ជ្រើសរើស​មិន​ផលិតផល​មិនបាន​ត្រឹមត្រូវ បានផ្តល់​នូវ​លទ្ធផល​ដូចជា​មហារីក​ស្បែក និង​ជំងឺ​សើ​ស្បែក​មួយចំនួនទៀត។ ផលិតផល​ទាំងនោះ​ភាគច្រើន​ត្រូវបាន​អ្នកលក់​ផ្សព្វផ្សាយ​ថា​បាន​នាំចូល​មកពី​ប្រទេស ថៃ ឥ​ណ្ឌូនេស៊ី សាំងហ្គាពួរ​និង​ម៉ាឡេស៊ី​ជាដើម​។


តាម​ប្រភព​ច្បាស់ការ​មួយ​​ប្រាប់ កម្ពុ​ជាថ្មី ឲ្យដឹងថា នៅ​ប្រទេស​ម៉ាឡេស៊ី និង​សាំងហ្គាពួរ​បាន​រកឃើញ​សារធាតុ​ផ្សំ​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ផលិតផល​នេះ​កើត​មហារីក​ស្បែ​កមុខ​បាន​។ អាជ្ញាធរ​បាន​ហាមឃាត់​ការ​នាំចូល​ផលិតផល​នេះ​មក​លក់​ឲ្យ​ប្រជាជន​របស់​ពួកគេ​ឡើយ ថែមទាំង​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​របស់​គេ​ដើម្បីឲ្យ​ប្រជាជន​ដឹង​អំពី​ផលិតផល​ក្លែងក្លាយ​នេះ​។ ផលិតផល​នេះ​ប្រើ​ដំបូង​ទទួល​បាន​លទ្ធផល​ភ្លាមៗ តែ​នឹង​បង្ក​ឲ្យ​អ្នកប្រើប្រាស់​មាន​ជំងឺមហារីក​ស្បែក និង​ឈាន​ទៅដល​ការ​រលួយ​ស្បែក​ថែមទៀត​ក្នុងអំឡុងពេល​ណាមួយ​។​


នៅពេលដែល​ទីផ្សារ​របស់​ប្រទេស ម៉ាឡេស៊ី និង សាំងហ្គាពួរ ត្រូវបាន​ហាមឃាត់​​​ការ​នាំ​ចូល​ដ៏​តឹងរ៉ឹង​ពីសំណាក់​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​មក ធ្វើ​ឲ្យ​ទីផ្សារ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ បាន​ផ្លាស់ប្តូរ​ទីផ្សារ​ ដោយ​ងាកមក​ចូលក្នុង​ប្រទេស​កម្ពុជា​យើងវិញ ​ហើយ​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​នេះ​ការ​នាំចូល​យ៉ាង​គំហុក​ដូច​ទឹកបាក់​ទំនប់ ដែល​ជាទី​ចាប់​អារម្មណ៍​ប្រើប្រាស់​របស់ សុភាពនារី​សុភាពបុរស និង​ភេទ​ទី​៣ ដែលមាន​ក្ដី​ប្រាថ្នា​ចង់​ស្អាត​ដូច​តួ​កូរ៉េ និង​ថៃ ដោយ​មិនបាន​គិត​ពី​ផល​ប៉ះពាល់ ដោយសារ​ធាតុគីមី​បំផ្លាញ​ស្បែក​របស់ខ្លួន​ធ្វើ​ឲ្យ​កើត​មហារីក​នេះ​ទេ។


ប្រភព​ពី​ប្រទេស​ដដែល​នេះ​បាន​ទម្លាយ​អាថ៌កំបាំង​ទៀត​ថា ​ក្រុម​វេជ្ជបណ្ឌិត​របស់​ក្រសួង​សុខាភិបាល​សាំងហ្គាពួរ​បាន បញ្ជាក់​ថា ផលិតផល​នេះ​ពេល​អ្នកប្រើប្រាស់​ដំបូង គឺ​ទទួលបាន​សម្រស់​លើ​ផ្ទៃមុខ​ស្រស់​ស្អាត​ខ្លាំង​ណាស់ លុះ​ពួកគេ​ប្រើប្រាស់​លើក​ក្រោយៗ​ទៀត​វា​ក៏​ចាប់ផ្ដើម​បង្ក​ជាម​ហារីក​ស្បែក នៅ​លើ​ផ្ទៃមុខ នឹង​អាច​ឈាន​ទៅ​រក​ការ​រលួយ​ផ្ទៃមុខ​ទាំងមូល​ថែមទៀត​ផង តាម​កម្រិត​របស់​អ្នកប្រើប្រាស់ ផលិត​ផល​នេះ ព្រោះ​វា​មាន​សារជាតិ​ផ្ទុក​ដោយ​ថាមពល​គីមី​កម្រិត​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​មនុស្ស​ប្រែប្រួល​ដ៏​សាហាវ​បំផុត។

ការ​នាំ​ចូល​មក​ទីផ្សារ​ងងឹត​តាម​ច្រក​របៀង និង​ច្រក​អន្តជាតិ ជា​ថ្នូរ​នឹង​ការដោះដូរ​ផលចំណេញ​រវាង​ឈ្មួញ និង​សមត្ថកិច្ច​តាម​តំបន់​ទាំងនោះ ដោយ​ពួកគាត់​មិនបាន​គិត​ពី ផលប៉ះពាល់​ដល់​អនាគត​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​កម្ពុជា​ឡើយ​។ ប្រហែលជា​ពួកគាត់​គ្មាន​ការសោកស្តាយ ស្រណោះ​អាល័យ​ទេ​ឬ នៅពេលដែល​ផលិតផល​ទាំងនេះ​បានសម្លាប់ បង ប្អូន កូន ក្មួយ សាច់ញាតិ​របស់គាត់ ដោយសារតែ​ការចង់បាន​ផលចំណេញ​របស់គាត់។


មួយវិញទៀត​គឺជា​ភាព​កម្សោយ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ ដែល​មិនបាន​គិតគូរ​យកចិត្តទុកដាក់​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ផលិតផល​ក្លែងក្លាយ​មួយ​ចំនួន​ ​ដែល​ហូរ​ចូលមក​ស្រុក​ខ្មែរ​ ទើប​លំហូរ​ផលិតផល​ក្លែងបន្លំ​នេះ​ហូរ​ចូល​មក​ស្រុក​ខ្មែរ​មិន​ឈប់ឈរ។ ទង្វើ​ទាំងនេះ​បាន​បើកដៃ​ឲ្យ​ខាង​ឈ្មួញ​និង​សមត្ថកិច្ច​នៅ​តាម​ច្រក​ព្រំដែន​មានឱកាស​ច្រើន​ក្នុងការ​ប្រកបរបរ​បែបនេះ ដោយ​មិន​គិត​ពី​អនាគត​ប្រទេសជាតិ​នា​ពេល​ខាងមុខ​របស់​ខ្លួន​ថា​វា​ធ្លាក់​ដល់កម្រិត​ណា ដោយសារ​ផល​ប៉ះពាល់​ទាំង​នេះ ដូចជា ផលិតផល​លើ​ចំណី​អាហារ​ជាដើម។


បច្ចុប្បន្ន​ផលិតផល​ប្រភេទ​ក្លែងក្លាយ​នេះ​បាន​កំពុង​ចរាចរណ៍​ពេញទំហឹង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ហេតុនេះ​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ គួរតែ​គិត​គួរ​រឹត​បន្តឹង​លើ​ការ​នាំចូល​ផលិតផល​ដែល​បំផ្លាញ​មនុស្សជាតិ​ក្នុងប្រទេស​របស់ខ្លួន​។ ត្រូវ​ត្រួតពិនិត្យ​ឲ្យ​អស់ នូវ​គ្រប់​ផលិតផល​ដែល​ទាក់ទង​ទៅ​សុខុមាលភាព​របស់​ប្រជាជន​ដែល​ចរាចរ​​​នៅ​លើ​ទីផ្សារ មិន​ថា​តាម​ច្រក​ព្រំដែន ទីប្រជុំជន ឬ​ជនបទ​ឡើយ ត្រូវតែ​ផ្សព្វផ្សាយ​និង​ចាត់វិធានការ​នេះ​ជាបន្ទាន់​ទើប​ពលរដ្ឋ​យើង​គេច​ផុត​ពី​ជំងឺ​ដ៏​សាហាវ​នេះ​។ បើសិនជា​នៅតែ​បណ្ដោយ​ឲ្យ​មាន​ការ​ហូរ​ចូល​ផលិតផល​បែបនេះ​ទៀត ប្រជាពលរដ្ឋ​នឹង​បាត់បង់​ថវិកា​​ផ្ទាល់ខ្លួន​ក៏ដូចជា​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ ព្រោះ​ត្រូវ​ទទួល​ការ​ព្យាបាល ហើយ​ប្រហែលជា​រក​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​មិនបាន​ក៏​មិន​ដឹង។


បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ ដែល​បាន​ដឹង​ពី​ការ​នាំចូល​ផលិតផល​នេះ បាន​បង្ហើប​ថា លោក​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល មិនបាន​ដឹង​អំពី​រឿង​នេះ​ទេ ព្រោះ​ថ្នាក់​ក្រោម​ៗ​គេ​បិទមាត់​អស់ មិន​ព្រម​ទម្លាយ​ឲ្យ​លោក​រដ្ឋមន្ត្រី​នោះ​ដឹង​ឡើយ។ ដូចនេះ​រាជរដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​លើ​រឿងនេះ​បើ​រំពឹង​ទៅលើ​មន្ត្រី​សមត្ថកិច្ច​តាម​ច្រក​របៀង​និង​ច្រក​អន្តរជាតិ មិន​អាច​ទុក​ចិត្ត​បាន​ទាំងស្រុង​ទេ​។ បើសិនជា​មិន​ចាប់​ដុសក្អែល​ចេញ​ខ្លះ​ទេ​នោះ​ផលវិបាក​នឹង​ធ្លាក់​មក​លើ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃក្រោយ​មិន​ខាន​៕


M19-08-15-u3M19-08-15-u


M19-08-15-u2



ផលិតផល​កែ​សម្ផស្ស​ក្លែងក្លាយ​ ធ្វើ​ឲ្យ​កើត​មហារីក​ស្បែក ​វាយលុក​ក្នុង​ទីផ្សារ​យ៉ាង​ខ្លាំង

Post a Comment

0 Comments

Close Menu