Ad Code

កម្ពុជា​ស្នើ​ឲ្យ​ញូ​ហ្សេ​ឡិន​បង្កើន​កិច្ចសហការ​បន្ថែម​ទៀត​ លើ​វិស័យ​កសិកម្ម និង​ធុរកិច្ច​

ភ្នំពេញ ៖ ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រីការបរទេស​កម្ពុជា ជាមួយ​រដ្ឋមន្ត្រី​ការ​ទេស​នូ​វែ​ល​ហ្សេ​ឡង់ លោក ម៉ូ​រ៉ៃ ម៉ា​គុល​លី ( Murray Mc Cully។


លោក ជុំ ស​សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ប​ន្ឬា​ប់​ពី​ជំនួប​កាលពី​វេលា​ម៉ោង​១១ និង​៣០ នាទី​មុន​នេះ​ថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ជំរាប​ទៅ​ភាគី​រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​ហ្សេ​ឡង់​ថា  គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការ​លើក​កំពស់​ជីវភាព​ប្រជាជន​ឲ្យ​បាន​កាន់តែ​ល្អប្រសើ​ឡើង ហើយ​រាជ​រដ្ឋាភិបាល​បានសម្រេច​គោលដៅ​សេដ្ឋ​កិ​ច្ឋ​៧ ភាគរយ​រយៈពេល​ជាង​មួយ​ទសវត្ស​កន្លង​មក​នេះ ធ្វើ​ឲ្យ​កាត់បន្ថយ​នូវ​អត្រា​ភាព​ក្រីក្រ​បាន​ជាង​មួយ​១ ភាគរយ​ក្នុង​មួយឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៥ នេះ​សេដ្ឋ​កិច្ច​កម្ពុជា​មាន​កំណើន​៧ ភាគរយ ហើយ​បើ​តាម​ការវាយតម្លៃ​រប​ស់ IMF បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ជាង​៧ ភាគរយ​សំរាប់​រយៈពេល​៥ ឆ្នាំ​ត​ទៅមុខទៀត។


ជាមួយគ្នា​នោះ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏​បានលើកឡើង​ពី​បញ្ហា​ជា​អា​ទី​ភាព​ចំនួន​៤ ចំណុច​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា ទី​១, ការអភិវឌ្ឍន៍​ធនធានមនុស្ស ទី​២, ខាង​កសិកម្ម ទី​៣, ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ទី​៤, ផ្នែក​ថាមពល ហើយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អង្ករ​របស់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​អង្ករ​លេខ​១ នៅ​លើ​ពិភពលោក​ក្នុង​រយៈកាល​៣ ឆ្នាំ​ជាប់ៗ​គ្នា ហើយ​មកដល់ពេលនេះ​កម្ពុជា​នៅសល់​ស្រូវ​ប្រមាណ​៤,៥ លាន​តោន​សំរាប់​ការនាំចេញ ហើយ​សង្ឃឹមថា អនាគត​កម្ពុជា នឹង​អាច​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ញូ​ហ្សេ​ឡិន​។


តាម​លោក ជុំ ស​សុន្ទរី បាន​បញ្ជាក់​ថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ញូ​ហ្សេ​ឡិន ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ជាពិសេស​លើ​ការ​ដោះ​មីន ការ​ថែរក្សា​ប្រាសាទអង្គរវត្ត និង​សាលាក្ដី​ខ្មែរក្រហម​ជាដើម​។ ព្រមទាំង​ការផ្តល់​អាហារូបករណ៍​ដល់​កម្ពុ​ជា ដែល​បាន​ចូល​រួមចំណែក ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ហើយ​កាលពី​ឆ្នាំ​២០១៤ បាន​ផ្តល់​អាហារូបករណ៍​ដល់​កម្ពុជា​ចំនួន​៥១ នាក់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ញូ​ហ្សេ​ឡិន ហើយ​ជាមួយគ្នា​នោះ​ក៏​បាន​ស្នើ​ឲ្យ​ញូ​ហ្សេ​ឡិន​ផ្តល់​អាហារូបករណ៍​បន្ថែម​ទៀត​ដល់​កម្ពុជា ក៏​ដូចជា​អ្នក​ការទូត​វ័យក្មេង​របស់​កម្ពុជា។


នៅក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បានស្នើ​ឲ្យ​ញូ​ហ្សេ​ឡិន បង្កើន​កិច្ច​សហការ​គ្នា​បន្ថែម​ទៀត​លើ​វិស័យ​កសិកម្ម និង​ធុរកិច្ច​រវាង​ប្រទេស​ទាំំ​ង​ពីរ ហើយ​នៅក្នុង​ក្រម​ខ័​ណ្ឌ​ទំនាក់ទំនង​អាស៊ាន និង​ញូ​ហ្សេ​ឡិន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បានលើកឡើង​ពី​កិច្ចប្រជុំ​នៅ​កូ​ឡាំ​ពួរ ដែល​បានសម្រេច​លើក​កំពស់​ទំនាក់ទំនង​រវាង​អាស៊ាន និង​ញូ​ហ្សេ​ឡិន ពី​ដៃគូ​ទូលំទូលាយ ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ដាក់​ឲ្យ​ថ្នាក់ដឹកនាំ​សំរេច​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​សំរេច​នៅ​ចុង​ឆ្នាំនេះ​។


ជាមួយគ្នា​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ញូ​ហ្សេ​ឡិន​ជំរុញ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ ហើយ​នេះ​ជា​ក្របខណ្ឌ​ទំនាក់ទំនង​មួយ ដែល​ការ​ចរចា​បង្កើត​ឡើង​នូវ​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​២០១២ ហើយ​មកដល់ពេលនេះ ការចរចា ដើម្បី​បង្កើត​ឡើង​នូវ​ទំនាក់​ទំនង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់​កំពុងតែ​បន្ត​ទៀត ដែល​មាន​ប្រទេស​ចំនួន​១៦ ជា​សមាជិក ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​ទាំង​១០ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ញូ​ហ្សេ​ឡិន និង​ឥណ្ឌា៕
NIta-19-A-51-Full


NIta-19-A-52-Full


NIta-19-A-53-Full



កម្ពុជា​ស្នើ​ឲ្យ​ញូ​ហ្សេ​ឡិន​បង្កើន​កិច្ចសហការ​បន្ថែម​ទៀត​ លើ​វិស័យ​កសិកម្ម និង​ធុរកិច្ច​

Post a Comment

0 Comments

Close Menu