Ad Code

ព្រះ​ភក្ត្រព្រះ​ព្រហ្ម​តំណាង​ឲ្យបាយ័នមុខ៤ មែនឬ?

មជ្ឈដ្ឋាន​ភ្ញៀវ​ដែលបាន​ទស្សនា​ប្រាង្គប្រាសាទ​បុរាណ​របស់ខ្មែរ​តែងមានការ​កោតសរសើរប្រកប​ដោយភាពល្បីល្បាញ​នៃប្រាសាទ​បាយ័ន។ គេ​បាន​ធ្វើការ​សន្និដ្ឋាន​ដ៏​ជាក់លាក់​ថាប្រាសាទ​​បាយ័ន គឺជា​និមិត្តរូប​នៃជាតិខ្មែរ​ទាំង​មូល​ ឬជា​ដំបូល​រួមមួយនៃ​ការរួមរស់​ដ៏សុខ​សាន្តនៃ​ជំនឿ​របស់​ប្រជាពលរដ្ឋខ្មែរនា​សម័យអង្គរតែម្តង។ ជាពិសេស​ប្រវត្តិវិទូ​ជាច្រើន​បានយល់ដូច​គ្នា​ថា ប្រាសាទ​បាយ័ន​ជាពហុ​សាសនា ដែលជា​មជ្ឈមណ្ឌល​​នៃ​ទីសក្ការបូជា​ព្រម​គ្នា និងជា​មួយ​គ្នា​ហៅថា សាមគ្គី​ភាព​ជាធ្លុង​មួយជុំ​វិញ​ព្រះរាជ​បល្ល័ង្ក​ ក្រោម​ការគ្រប់គ្រង​រាជ្យ​ដោយ​ព្រះ​មហា​ក្សត្រ​ជ័យវរ្ម័នទី៧ ។ ប៉ុន្តែ​នាពេលនេះ​ដែរ​ខ្ញុំ​លើកបង្ហាញ​តែបញ្ហា​ចម្លាក់​ព្រះ​ព្រហ្ម​ដែល​មាន​មុខ៤ នេះ តើជាបដិមា​មានមុខ៤ នៃកំពូល​ប្រាសាទ​បាយ័នមែនឬ?


មុននឹង​ចូលរួមបង្ហាញ​នូវគំនិតដ៏ល្បីល្បាញ​របស់​ដូនតា​ក៏ដូច​ជា​ឧត្តម​គតិ​បង្កប់​ដ៏មាន​តម្លៃ​របស់បុព្វបុរស​នៃ​ប្រាសាទ​បាយ័ននោះ ក៏មាន​សំណួរ​ថា អ្វី​ទៅហៅថា​ បាយ័ន? បើផ្អែក​តាម​ការពន្យល់​នៅក្នុង​វចនានុក្រមខ្មែរ​របស់​សម្តេច​សង្ឃរាជ ជួន ណាត ទំព័រ ៥៦៦ បោះពុម្ពឆ្នាំ១៩៦៧ បានឲ្យដឹងថា បាយ័ន​ប្រែថា បល្ល័ង្ក ឬព្រះ​ទែន មានន័យថា ប្រាសាទ​នេះជាទី​តាំង​បល្ល័ង្ក​ ព្រះពុទ្ធរូប​ ឬទេវរូប…។ ដូច​នេះប្រាង្គប្រាសាទ​បាយ័ន គឺជា​កន្លែង​សក្ការបូជា។ ជាពិសេស​ទាំងខាង​ព្រាហ្មណ៍សាសនិក និងទាំង​ពុទ្ធសាសនិក អាច​អញ្ជើញទៅបូជនីយដ្ឋាននេះដូចគ្នា ក្នុង​ការគោរព​ទៅតាម​ជំនឿរបស់ខ្លួន​រៀងខ្លួន។ ជាក់ស្តែង​ដូច​ជា​ការគោរព​ព្រះសិវលិង្គ, ការ​គោរព​​ព្រះវិស្ណុ, ការគោរពព្រះព្រហ្ម, ការគោរព​ព្រះពោធិសត្វ លោកេស្វរៈ និងការគោរពព្រះពុទ្ធ​រូបជាដើម។ ទាំងអស់នេះ​ហើយដែល​ជា​លក្ខណៈ​​ពិសេសនៃ​ប្រាសាទ​បាយ័ន​ដែល​ប្លែក​ជាង​ប្រាសាទដទៃទៀតនោះ។


ទន្ទឹមនេះ​ដែរ ចំពោះ​ការតាំង​បង្ហាញ​នៅទីដ៏​ខ្ពស់​ជាងគេហៅថា កំពូល​នៃប្រាង្គប្រាសាទ​​សម្រាប់​សម្គាល់​ថា ជា​ប្រាសាទ​បាយ័ន ឬជា​រចនាប័ទ្មបាយ័ននោះ គឺ​មាន​ចម្លាក់មុខ៤ហើយ​​បែរទៅ​រក​ទិស​ធំទាំង​៤ តែម្តង​។ ត្រង់​ចំណុច​នៃ​មុខ​៤នេះ​ហើយ​ដែលហៅថា ស្លាក ឬជា​យីហោលើក​មុខ​មាត់​​ និង​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​នៃអ្នក​កាន់សាសនា​ព្រាហ្មណ៍ប្រកបដោយ​ជំនឿ​យ៉ាងមោះមុតបំផុត។ ក្នុង​ខណៈនេះយើង​លើកយក​មុខ៤ នេះ​សម្រាប់​ធ្វើជា​ភស្តុតាង​នៃអ្នក​គោរព​ព្រហ្មញ្ញ សាសនា​ដែល​មានការ​ព្រមព្រៀង​ក្នុងចិត្ត​ និង​ជឿជាក់​កក់ក្តៅថា ជាមុខ​ព្រះព្រហ្ម របស់​ខ្លួន​មែន។


ការពិត​ព្រះ​ព្រហ្ម ជាអាទិទេព​ដែលមាន​តួនាទី​បង្កើត​លោក ហើយ​ព្រះអង្គមាន​មុខ៤ មានដៃ​៤ តែមាន​ដងខ្លួនតែមួយប៉ុណ្ណោះ។ ជាក់ស្តែង​ដូចរូបថត​នៃចម្លាក់ព្រះ​ព្រហ្ម​បាន​ភ្ជាប់​មកជា​មួយ នឹង​អត្ថបទនេះ​មានប្រភព​ពី​ប្រាសាទភ្នំបូក ដែល​កសាងឡើង​នៅចុង​សតវត្សរ៍​ទី៩ និងដើមសតវត្សរ៍ទី១០ ដោយ​ស្នាព្រះ​ហស្ត​ព្រះ​បាទ​យសោ​វរ្ម័នទី១ ក្នុងការ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ សាសនា។


ដូចនេះ​ចំពោះ​ព្រាហ្មណ៍សាសនិក​ដែល​មាន​ជំនឿក្នុង​ការគោរព​ព្រះ​ព្រហ្ម​ជាអាទិ​ទេព​ច្បងគេ​នោះនៅ​ពេល​ដែល​បានឃើញកំពូល​​ប្រាសាទ​បាយ័ន រំលេច​ចេញ​ដោយមុខ៤យ៉ាង​​ខ្ពស់​ត្រដែត យ៉ាង​នេះគឺ ហាក់​ដូចជា​មានការ​ទទួល​ស្គាល់​ជាផ្លូវការ​នៃការ​លើក​តម្កើងព្រះ​ព្រហ្ម ពិត​ប្រាកដ​ដែល​មិន​អាច​ប្រកែកបាន​​ឡើយ។ ទន្ទឹមនឹង​ជំនឿ​ថាព្រះ​​ព្រហ្ម​ជាអាទិទេព​បង្កើត​លោកនោះ ក៏​មជ្ឈដ្ឋាន​​​នានាក្នុងសង្គម​​ខ្មែរ​នាសម័យ​អង្គរ​ក៏ដូច​ជាសម័យ​បច្ចុប្បន្ន​នេះដែរ តែង​យល់ថា មាតាបិតា​ជាអ្នក​បង្កើត​បុត្រ។ មាន​ន័យថា មនុស្ស​ទាំងអស់​គ្រប់​គ្នា​លើលោកនេះ​តែងមាន​កំណើត​មកដោយ​សារ​មាតាបិតាជាអ្នកបង្កើត។ ម៉្លោះហើយ​គេតែងបានលើក​តម្កើង​នូវគុណ​បំណាច​់របស់​មាតាបិតា​ហៅថា មានព្រហ្ម​វិហារ​ធម៌ទាំង៤ ដល់កូនចៅ​ប្រុសស្រី។ គឺមុខទាំង៤ នេះតំណាង​ឲ្យ​ព្រហ្មវិហារ​ទាំង៤ មាន​ មេត្តា, ករុណា,​មុទិតា និងឧបេក្ខា ដែល​ប្រជាពលរដ្ឋ​យើងបាន​ចេះ​ចាំ​បន្តមកដល់​សព្វថ្ងៃនេះ។


សរុបមក​ព្រះ​ភក្ត្រ​របស់ព្រះ​ព្រហ្ម​ទាំង៤ នៃប្រាសាទបាយ័ន​ក៏ជា តំណាង​ឲ្យ​មុខនៃ​មាតាបិតារបស់ខ្លួន​ក្នុងការ​ផ្តល់​ជូននូវ​ព្រហ្មវិហារ​ធម៌ទាំង៤ ក្នុងការ​ចិញ្ចឹម​ និងថែរក្សាកូនចៅ​ឲ្យ​មានការ​រស់រាន មានការ​អភិវឌ្ឍប្រកបដោយ​សិរីមង្គល​នៅ​លើលោកនេះ​ពិតប្រាកដ៕



ព្រះ​ភក្ត្រព្រះ​ព្រហ្ម​តំណាង​ឲ្យបាយ័នមុខ៤ មែនឬ?

Post a Comment

0 Comments

Close Menu