Ad Code

កីឡា​នាំមកនូវ​សុខភាព និង​ប្រាជ្ញាវាងវៃ

ការសិក្សា​របស់សិស្ស​គឺជាការ​បណ្តុះប្រាជ្ញា​ស្មារតី​អោ​យភ្លឺ​ថ្លា​ ដើម្បី​បានទទួល​នូវចំណេះដឹង​លើ​គ្រប់​មុខវិជ្ជា​ ជាតម្រូវការ​តាម​កម្រិត​នៃការសិក្សា។ អ្នក​ប្រាជ្ញខាង​ការអប់រំ​លើ​សកល​លោក បាន​ទុក​ទ្រឹស្តី​បង្ហាញ​ថា សុខភាព​ផ្លូវ​កាយ​មានការ​ទាកទង់​នឹងសុខ​ភាព​ផ្លូវចិត្ត។ មានន័យថា បើរាងកាយ​របស់​សិស្ស​ មាន​សុខភាព​ល្អនោះ​តែងបណ្តាលអោយសិស្ស​នោះមានសុខភាព​ផ្លូវចិត្ត​បានល្អ។ ឯសុខភាព​ផ្លូវចិត្ត​នោះហើយ​ដែល​ប្រៀបដូចជា​ច្រកទ្វារ​ចូលនៃ​ចំណេះវិជ្ជា​ទៅក្នុង​ខ្លួន​សិស្ស​នោះដែរ។


ទាក់ទង​នឹងបញ្ហាសុខភាព​រាងកាយ​នេះ​គេតែង​មាន​ទម្លាប់​ជាសកលទៅហើយថា កើត​ឡើងដោយ​ពលកម្មនៃ​រាងកាយ ដូចជាការ​លេង​កីឡា​ដែល​ធ្វើអោយ​សាច់​ដុំមាន​ចលនា និង​ធ្វើអោយ​គំនិត​ប្រាជ្ញា​មានការ​ឆ្លាតវាងវៃ​ដោយ​គិតទៅតាម​ក្បួន​ច្បាប់នៃ​ល្បែង​នោះផង។​ ហេតុ​ផលដ៏ល្អ ដែលមាន​ការទាក់ទង នឹង​សកម្មភាព​ផ្លូវ​គំនិត​ ឬផ្លូវចិត្ត​ទៅនឹង​ចលនា​ឬសកម្មភាព​នៃសាច់ដុំ​នោះ​ហើយ​ទើបក្នុង​សម័យ​ថ្មីនេះ​នៅ​កម្ពុជា​យើង​មានការ​បង្កើត​ក្រសួង​មួយ​ហៅថា ក្រសួងអប់រំយុវជន និងកីឡា។ មាន​ន័យថា ក្នុងការ​អប់រំ​ដែលមាន​ការបង្រៀន និងការរៀន​ជាមូលដ្ឋាន​នោះក៏មានការ​ប្រាស្រ័យ​ទាក់ទងយ៉ាង​ជិតស្និទ្ធ ជាមួយនឹងការ​ហាត់​ឬ​ការ​​លេងកីឡារបស់​សិស្ស​នោះដែរ។


បើយើង​ធ្វើការ​រំលឹក​ប្រកបដោយ​ការពិចារណា​ម្តងទៀតដើម្បី​បញ្ជាក់​អោយបានច្បាស់​អំពី​ការទាក់ទង​ នឹង​ការរៀន​សូត្រ​របស់សិស្ស​ទៅ​នឹង​​ការលេង​កីឡារបស់សិស្ស​ដែរនោះ​គឺមាន​ការបង្ហាញដូចតទៅនេះ៖


ចំពោះ​ការរៀន​សូត្រ​លើគ្រប់​មុខវិជ្ជា​ស្របទៅ​តាម​កម្មវិធី​នោះវាជា​សកម្មភាព​ក្នុងខួរក្បាល​សុទ្ធ​សាធតែម្តង ឬគេ​ហៅថា ជាសកម្មភាពនៃ​គំនិត​ប្រកបដោយ​ការ​យល់​ឃើញ​ការជឿជាក់ ឬការចេះ​ចាំ និង​បន្តការ​កែច្នៃថែមទៀតទៅតាម​ការយល់​ដឹង​ផ្ទាល់​ខ្លួន​។ ឯការ​ចេះចាំ និងការ​យល់​ដឹងនេះក៏កើតឡើង​តាមរយៈការងារ​អនុវត្ត​ឬការដកពិសោធន៍ជាក់ស្តែង ប្រកបដោយ​ការផ្ចិត​ផ្ចង់​តម្រង់​ស្មារតី​អោយ​ដោត​ទៅលើ​មេរៀន​នោះដែរ។ ប៉ុន្តែ​ផ្ទុយទៅវិញ​បើអារម្មណ៍​សិស្ស​នោះមាន​ភាពរាយមាយ ឬ​រវើរវាយនោះ ក៏មិនអាច​បានចេះ​ចាំច្បាស់ពិត​ប្រាកដនោះទេ។


ចំណែក​ឯការ​លេង​កីឡា​របស់សិស្ស​វិញនោះ​គឺសិស្ស​មានបំណង​ចង់ឈ្នះ​រៀងៗខ្លួន។ បានសេច​ក្តីថា ម្ខាងៗនៃ​ភាគី​អ្នក​លេង​កីឡា​នោះ​តែងចង់​ដណ្តើម​បាននូវ​ជ័យជំនះ។ ប៉ុន្តែ​ត្រង់ការ​ទទួលបាន​ជ័យជំនះ​ ឬក៏ជាការ​បរាជ័យ​នោះវា​ជារឿង​ធម្មតារបស់អ្នក​កីឡា ដែល​តែងមានម្ខាង​ឈ្នះនិង​ក៏មាន​ម្ខាងចាញ់​យ៉ាងនេះដែរ។ ឯអ្វី​ដែល​ជារឿង​សំខាន់​សម្រាប់​សិស្ស​ជាអ្នក​កីឡា​នោះគឺ​ក្នុង​សកម្មភាពកំពុង​ប្រព្រឹត្តទៅ​នៃការ​ប្រកួត​នោះ ក្រុម​កីឡាករទាំង​សងខាងតែងបញ្ចេញអស់​នូវសមត្ថភាព​របស់​ខ្លួន​ដោយ​ឥតមាន​ការលាក់​តម្រិះ ឬជាការ​លាក់​កម្លាំង​នោះទេ។ បើតាម​សកម្មភាព​នៃការ​លេង​នោះគេ​បានដឹងថា ទាំង​កម្លាំង​ចិត្ត​ប្រាជ្ញាស្មារតី​​និងទាំង​កម្លាំង​កាយ​តែង​ឋិតនៅ​ស្របគ្នា​ ឬនៅជា​មួយគ្នា​យ៉ាងស្វិត​ស្វាញបំផុត។ ជាពិសេស​គេហៅថា មាន​ល្បិចក្នុង​ការលេង​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​គួបផ្សំនឹង​បច្ចេកទេសនៃ​ការ​លេងនោះ​ទើប​រកឃើញ​នូវជ័យជំនះ​លើ​ភាគី​ម្ខាងនោះ។ ត្រង់​ចំណុចនៃ​ការធ្វើ​សកម្មភាព ដោយ​ការរិះគិត​បានឆាប់រហ័ស​ភ្លាមៗនេះហើយ​ដែលជា​មូលដ្ឋាន​នៃការ​អប់រំ​មួយដ៏ប្រសើរ​ដើម្បី​អោយ​សិស្ស​មានសុខភាព​ខាងរាងកាយបាន​រឹងមាំល្អផង និងមានប្រាជ្ញាឈ្លាសវៃផង។


ជាក់ស្តែង​បច្ចុប្បន្ននេះ​ការអប់រំ​បែបទំនើបក្នុង​សកលលោក​បានងាកមក​រកការ​លេងកីឡា​តែម្តង។ ដូច​គេឃើញ​ក្រុមកីឡា​សិស្ស​ ឬយុវជន​ក្រោម​អាយុ១៦ឆ្នាំ​បាន​មកលេង​កីឡាបាល់​ទាត់​នៅស្រុក​ខ្មែរ​យើង ស្ទើរ​រាល់​ថ្ងៃ​ចូលមក​ខែនេះ និង​បន្តនៅ​ខែសីហា ឆ្នាំ​២០១៥ នេះទៀត។ ដ្បិត​ដោយសារការ​ហាត់ ឬការ​លេងកីឡានេះហើយ​ដែលនាំ​អោយសិស្ស​ដើេរ​ចាកឆ្ងាយ​ពីគ្រឿងញៀន​ផង ហើយ​ក៏ធ្វើអោយ​យុវជន​មានសុខភាព​ល្អ មាន​ប្រាជ្ញាស្មារតីភ្លឺថ្លា ឆ្លាតវាងវៃ នឹង​នាំមកនូវ​ការរៀន​សូត្រ​ពូកែ ព្រមទាំង​មានការបណ្តុះបណ្តាល​នូវសិទ្ធិ​សេរី​ភាព​ និងប្រជាធិបតេយ្យពិតប្រាកដ៕


 



កីឡា​នាំមកនូវ​សុខភាព និង​ប្រាជ្ញាវាងវៃ

Post a Comment

0 Comments

Close Menu