បន្ទាយមានជ័យ ៖ នេះក៏ចាត់ទុកជាមេរៀនមួយសម្រាប់អ្នកលេងហ្វេសប៊ុក ដែលយុវជនម្នាក់បានលេងហ្វេសប៊ុកបរិហារកេរ្តិ៍ និងបង្ហោះរូបភាពអាសអាភាសពីស្រីស្នេហ៍របស់ខ្លួន ត្រូវនគរបាលកណ្ដាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ។
លោក សិទ្ធិ ទ្បោះ ស្នងការរងកណ្ដាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា យុវជនជាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងបទបរិហារកេរ្តិ៍ និងគំរាមកំហែងលើស្រីស្នេហ៍ និងក្រុមគ្រួសារស្ត្រីដែលខ្លួនស្រលាញ់មានឈ្មោះ ញឹម ចាន់ណា អាយុ២៧ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានស្រឡាញ់គ្នាជាមួយកញ្ញា ឈ្មោះ ស ស ជ ត បានប្រមាណជាមួយឆ្នាំ ឪពុកម្ដាយខាងកូនស្រីមិនលើកឲ្យ ដោយមូលហេតុកូនប្រុសមានប្រវត្តិមិនល្អ។ ក្រោយពីមានការហាមពីខាងកូនស្រី ជនសង្ស័យបានបង្កើតអាខោនហ្វេសប៊ុកមានឈ្មោះ SNA ATA HUNII បានផ្ញើឆាតតាមហ្វេសប៊ុកទៅម្ដាយខាងកូនស្រី ដោយគំរាមថា បើគេមិនបានកញ្ញា ស ស ជ ត អ្នកណាក៏មិនបានដែរ គេនឹងបំផ្លាញចោលតាមគ្រប់វិធីដែលអាចធ្វើបាន។ មិនថែមតែប៉ុណ្ណោះ ជនសង្ស័យឈ្មោះ ញឹម ចាន់ណា បានឆាតបន្តទៅមិត្តភ័ក្ដិ និងបងប្អូនគេថា រូបគេ និងកញ្ញាខាងលើ ធ្លាប់រស់នៅជាមួយគ្នា ធ្លាប់បានខ្លួនប្រាណគ្នាអស់ហើយ មិនតែប៉ុណ្ណោះបានកាត់តរូបភាពអាសអាភាសបង្ហោះក្នុងប្រព័ន្ធហ្វេសប៊ុកថា រូបគេ និងស្ត្រីរងគ្រោះបានដេកជាមួយ។
លោកបានបន្តឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ញឹម ចាន់ណា ធ្វើឡើងកាលពីថ្ងៃទី៩ ខែសីហា តាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះដែលបានប្តឹងមកស្នងការថា ជនសង្ស័យបានធ្វើការគំរាម និងប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់រូបគេ និងក្រុមគ្រួសារ។ ជនសង្ស័យបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការចោទប្រកាន់មែន មូលហេតុដែលនាំឲ្យគេធ្វើដូចនេះ ក៏ព្រោះតែខឹងឪពុកម្ដាយខាងស្រីមិនលើកកូនឲ្យ។
ដោយយោងតាមពាក្យបណ្ដឹងស្ត្រីរងគ្រោះ និងការសារភាពរបស់ជនសង្ស័យ ព្រមទាំងការស៊ើបអង្កេតស្រាវជ្រាវមានឯកសារភស្តុតាងបញ្ជក់ផង យុវជន ញឹម ចាន់ណា ត្រូវបានកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការ ហើយបើតុលាការរកឃើញថាបានប្រព្រឹត្តក្នុងបទចោទបរិហារកេរ្តិ៍តាមប្រព័ន្ធហ្វេសប៊ុក គំរាមកំហែង និងបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាសនឹងត្រូវជាប់ទោស និងពិន័យជាប្រាក់តាមច្បាប់៕
ឃាត់ខ្លួនជនសង្ស័យបរិហារកេរ្តិ៍ និងបង្ហោះរូបស្រីស្នេហ៍តាមហ្វេសប៊ុកទៅតុលាការ
0 Comments