ភ្នំពេញ ៖ សាលារាជធានីភ្នំពេញគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហីហ្វេខេត្តអានហូយនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងពេលឆាប់ៗនេះ។ ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងគណៈប្រតិភូទីក្រុងហីហ្វេខេត្តអានហូយនៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោកHUA Ai អនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនទីក្រុងហីហ្វេខេត្តអានហូយនិងលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០១៥នេះនៅសាលារាជធានីភ្នំពេញ។
លោកHUA Ai បានមានប្រសាសន៍លើកឡើងថា ទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិតជាមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាណាស់។ ទន្ទឹមនឹងការរីកចម្រើននេះបានធ្វើឲ្យទីក្រុងនានារបស់ប្រទេសចិនចំនួន១២ហើយបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។លោកចង់អោយទីក្រុងហីហ្វេខេត្តអានហូយនៃសាធារណរដ្ឋប្រជាមានិតចិនបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះដែរ។
លោកHUA Ai ក៏បានបញ្ជាក់ផងដែរថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនេះលោកក៏បាននាំអ្នកវិនិយោគទុនចិនជាច្រើននាក់មកជាមួយផងដែរ ដើម្បីមកមើលពីស្ថានភាពជាក់ស្តែងមុននៃការបណ្តាក់ទុនរកស៊ីនៅលើទឹកដីរាជធានីភ្នំពេញនេះ។
លោកប៉ា សុជាតិវង្សបានមានប្រសាសន៍លើកឡើងផងដែរថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងហីហ្វេខេត្តអានហូយជាមួយរាជធានីភ្នំពេញ នឹងដំណើរការទៅក្នុងពេលឆាប់ៗនេះដោយសារតែយើងមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីការចងសម្ព័ន្ធមេត្រីភាពរួចហើយ។ អ្វីដែលយើងត្រូវអនុវត្តបន្តនោះនៅត្រង់ថា ពិធីចុះហត្ថលេខាស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហីហ្វេខេត្តអានហូយនិងរាជធានីភ្នំពេញនេះត្រូវធ្វើឡើងនៅរាជធានីភ្នំពេញឬនៅទីក្រុងហីហ្វេខេត្តអានហូយនៃសាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសាលារាជធានីភ្នំពេញនឹងជំរុញការងារនេះឲ្យបានលឿន។
ក្នុងឱកាសនោះលោកប៉ា សុជាតិវង្សក៏បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញអោយប្រតិភូចិនបានដឹងផងដែរ ដោយលោកបានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានផ្ទៃក្រឡា៦៧៨គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ចែកចេញជា១២ខណ្ឌនិង៩៦សង្កាត់។ ក្រៅពីការលើកឡើងខាងលើលោកប៉ា សុជាតិវង្សក៏បានលើកឡើងពីការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញនិងបញ្ហាប្រឈមមួយចំនួនផងដែរ ពិសេសការកកស្ទះចរាចរ ហើយដើម្បីដោះស្រាយលើបញ្ហានេះខាងប្រទេសជប៉ុន កូរ៉េនិងប្រទេសចិនក៏បានជួយមករាជធានីភ្នំពេញ យ៉ាងច្រើនផងដែរ៕
សាលារាជធានីភ្នំពេញចុះហត្ថលេខាលើអនុស្សរណៈស្តីពីការចងសម្ព័ន្ធមេត្រីភាពនឹងទីក្រុងហីហ្វេខេត្តអានហូយប្រទេសចិន
0 Comments