Ad Code

ឈាន ហុង ជួប​អង់គ្លេស ឯ​វ៉ាន់ ចាន់​វ៉េ​ត ជួប​សេក​ គឹម​ភាព​

ប្រដាល់ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ សង្វៀន​ទី​២​របស់​TV5 នឹង​ចាប់ផ្ដើម​បើក ការ​ប្រកួត​ហើយ ដែល​ជា​ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក «​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​» ទម្ងន់​៦៣,៥០០​គីឡូក្រាម នៅ​លើ​សង្វៀន​TIFFY ARENA។


សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​នេះ ជា​ការ​ប្រកួត​ក្នុង​ពូ​ល​A ដែល​មាន​អ្នក​ប្រដាល់​កម្ពុជា​៣​រូប និង​អ្នក​ប្រដាល់​ជនជាតិ​អង់គ្លេស​១​រូប។ ​ក្នុង​នោះ ឈាន ហុង អ្នក​ប្រដាល់​កម្ពុជា​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស​ឈ្មោះ Hector Tou nier។​


ឈាន ហុង គេ​ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ច្រើន​នាក់​មក​ហើយ ដូច្នេះ​សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ Hector Tou nier​នេះ ប្រហែលជា​មិន​មាន​បញ្ហា​អ្វី​ចោទ​សម្រាប់​រូបគេ​នោះ​ទេ។ យ៉ាងណា អ្នក​លេង​កែង ​ឈាន ហុង អាច​នឹង​ធ្វើ​ឲ្យ​TIFFY​អស់​លុយ​ដោយសារ​កែង​របស់​គេ​មិន​ខាន ព្រោះ​TIFFY​ប្រកាស​ឲ្យ​មួយ​ថ្នេរ​រហូតដល់​ទៅ​៣០.០០០​រៀល​នោះ។


អ្នក​ប្រដាល់​អង់គ្លេស​រូប​នេះ​ពុំ​ធ្លាប់​ដែល​មក​ប្រកួត​នៅ​ភ្នំពេញ​នោះ​ទេ ដូច្នេះ​មិន​ដឹង​ថា​ខ្លាំង​ឬក៏​ខ្សោយ​នោះ​ទេ? តែ​យ៉ាងណា​ឈាន ហុង បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៩​ ខែ​សីហា​កន្លងមក​ថា គេ​ត្រូវ​តែ​យកឈ្នះ​អ្នក​ប្រដាល់​អង់គ្លេស​រូប​នេះ​ឲ្យ​ខាង​តែ​បាន។​


ចំណែក​គូ​ខ្សែក្រវាត់​មួយ​គូ​ទៀត គឺ​វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះ​ខ័ន​រាជ​ត្រូវ​ជួប​ជាមួយ​សេក គឹម​ភាព អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប។ រវាង​ពីរ​នាក់​នេះ​មិនដែល​ជួប​គ្នា​ទេ​កន្លង​មក។​


សេក គឹម​ភាព ពីមុន​គេ​ឡើង​ប្រកួត​ញឹកញាប់​ដែរ ប៉ុន្តែ​មួយ​រយះ​ចុងក្រោយ​នេះ​គេ​មិនសូវ​ដែល​បង្ហាញមុខ​នៅ​ភ្នំពេញ​ទេ គឺ​ច្រើនតែ​ឡើង​ប្រកួត​នៅ​សៀមរាប។ ទោះជា​ យ៉ាង គឹម​ភាព ប្រហែល​ជា​មិន​អាច​ឈ្នះ ​វ៉ាន់ ចាន់​វ៉េ​ត បាន​នោះ​ទេ ព្រោះ ​ចាន់ ​វ៉េ​ត មាន​ផ្លែ​ជង្គង់ ​និង​កណ្ដាប់​ល្អ​ជាង។


វ៉ាន់ ចាន់​វ៉េ​ត ប្រកួត​ចុងក្រោយ​នេះ​វាយ​ឈ្នះ​ ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។ ចាំ​មើល ចាន់​វ៉េ​ត អាច​ផ្ដួល ​សេក គឹម​ភាព បាន​ឬ​អត់​?​ សម្រាប់​ការ​ជួប​គ្នា​ក្នុង​ជម្រុះ​ជុំ​ទី​១​នេះ?


គួរ​បញ្ជាក់​ថា ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក «​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​» ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៨​រូប​ចូលរួម​ប្រកួត ក្នុង​នោះ​អ្នក​ប្រដាល់​កម្ពុជា​មាន​៦​រូប ជន​ជាតិ​អង់គ្លេស​១​រូប និង​ជនជាតិ​ថៃ​១​រូប។ អ្នក​ប្រដាល់​ចំនួន​៨​រូប (​ខ្មែរ​៦​រូប ថៃ​១​រូប និង​អង់គ្លេស​១​រូប​) ត្រូវ​បែង​ចែក​ជា​ពីរ​ពូ​ល គឺ​ពូ​ល​A និង​ពូ​ល​B ដែល​ក្នុង​មួយ​ពូ​លៗ​មាន​កីឡាករ​៤​រូប រួម​ទាំង​កីឡាករ​បរទេស​ផង។


សម្រាប់​ពូ​ល​A មាន​កីឡាករ​ឈាន ហុង សមាគម​កីឡា​ក្រសួងការពារជាតិ- Hector Tou nier ជនជាតិ​អង់គ្លេស-វ៉ាន់ ចាន់​វ៉េ​ត ក្លិប​ព្រះខ័ន​រាជ និង​សេក គឹម​ភាព ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ។ ចំពោះ​ពូ​ល​B​វិញ មាន ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្ត​កីឡា​- Weerachai Menayuthin ជនជាតិ​ថៃ​-​ថៃ ប៊ុន​ហាន ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ និង​អៀង ចាន់​ល័​ក្ខ ក្លិប​កងទ័ពជើងគោក។ ការប្រកួត​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​រូបមន្ត​វិល​ជុំ​ជម្រុះ​ក្នុង​ពូ​ល ដោយ​ជម្រុះ​ចោល​ពីរ​ទុក​ពីរ​នាក់​ក្នុង​មួយ​ពូ​ល សម្រាប់​ឡើង​ទៅ ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ។​


ចំពោះ​តម្លៃ​ខ្លួន​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល គឺ​អ្នកឈ្នះ​ទទួល​បាន​១៥០​ដុល្លារ អ្នក​ចាញ់ ទទួល​បាន​១០០​ដុល្លារ ហើយ​សម្រាប់​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អ្នកឈ្នះ​បាន​២០០ ដុល្លារ និង​អ្នក​ចាញ់​បាន​១៥០​ដុល្លារ៕
Pisey-2015-09-01-full-C


Pisey-2015-09-01-full-C1



ឈាន ហុង ជួប​អង់គ្លេស ឯ​វ៉ាន់ ចាន់​វ៉េ​ត ជួប​សេក​ គឹម​ភាព​

Post a Comment

0 Comments

Close Menu