Ad Code

គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ថ្ងៃ​តែមួយ ដែល​១​ករណី​បង្ក​ដោយ​រថយន្តក្រុង

បាត់ដំបង ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​ បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​បាណន់ និង​ក្នុងស្រុក​សំពៅ​លូន ព្រមទាំង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ចំនួន​៣​នាក់​ផង​ដែរ​ដែល​បាន​រង​របួស​ធ្ងន់ ដោយមាន​១​ករណី ​គឺ​បាន​បង្ក​ដោយ​រថយន្តក្រុង ព្រោះ​កន្លងមក​មាន​ច្រើន​ករណី​ណាស់​ពាក់ព័ន្ធ​នឹង​រថយន្តក្រុង ព្រោះ​សូម្បីតែ​ទីប្រជុំជន​ក៏​ពួកគេ​គ្មាន​បន្ថយល្បឿន​ដែរ។ ករណី​ទី​១​-បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ភូមិ​កំប៉ង់​កើត ឃុំ​កន្ទី​២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដោយ​ដំបូង​គឺ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង 1H-0256 ដែល​បើកបរ​ដោយ​នារី​ម្នាក់​ឈ្មោះ សែន សាវ៉ា​ត់ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​គាស់ក្រឡ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ក្នុង​ទិសដៅ​ពី​លិច​ហើយ​បត់​ទៅ​ខាង​ត្បូង។


សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ម៉ូតូ​កំពុងតែ​បើក​លឿន​ ហើយ​បាន​បត់​ទៅ​ឆ្វេង​នោះ ក៏បាន​ជ្រុល​ចង្កូត​ហួស​ទៅ​ខាង​ឆ្វេង ហើយ​បាន​បុក​ទៅលើ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដែល​ម៉ូតូ​នោះ​ម៉ាក​ឌ្រី​ម បិទ​តែម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់​ដំបង​1H-9226 យ៉ាង​ពេញទំហឹង ​បណ្ដាល​ឲ្យ​ភាគី​ខាង​នារី​រងគ្រោះ​របួស​យ៉ាង​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​ម្ខាង​ទៀត ​គឺ​បើកបរ​ដោយ​ឈ្មោះ ខន ស្រស់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ គឺ​មិនបាន​ដួល​នោះ​ឡើយ។


ភ្លាមៗ​នោះ​ដែរ ​ប្រជាពលរដ្ឋ​ដែក​រស់នៅ​ទីនោះ​បាន​នាំ​គ្នា​ដឹក​បញ្ជូន​នារី​រងគ្រោះ​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ ​ព្រោះ​នាង​មាន​ឈាម​ហូរ​ច្រើន​ផង ​ដែល​ទំនងជា​បែក​ក្បាល ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​នាំ​យក​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះ​អាសន្ន រង់ចាំ​ដោះស្រាយ​ជា​ក្រោយ។​

ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​២០ ខែ​សីហា ដូចគ្នា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​57B ដែល​ស្ថិតនៅ​ចំណុច​បេង​ទ្រេត ក្នុង​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ដែល​មាន​រថយន្តក្រុង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ពន្លឺ​ខ្មែរ​អង្គរ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-5857 បាន​បើកបរ​ក្នុង​ទិសដៅ​ពី​បាត់ដំបង​ទៅ​ព្រំដែន​ថៃ។​


សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​នេះ​អាច​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ម្យ៉ាង​ទៀត ដោយសារតែ​គោយន្ត​កន្ត្រៃ​ដែល​បើកបរ​ស្រប​ទិស​នៅ​ពីមុខ​គ្មាន​ភ្លើង ឬ​ចំណាំង​ផ្លាត​ផង ទើប​ត្រូវ​រថយន្ត​ក្រុង​នោះ​បុក​ពីក្រោយ​តែម្ដង ដែល​បណ្ដាល​ឲ្យ​មនុស្ស​នៅ​លើ​គោយន្ត​ចំនួន​ពីរ​នាក់​រង​របួស​ធ្ងន់​ និង​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ដើម្បី​សង្គ្រោះ​បន្ទាន់​។ ក្រោយពេល​កើត​ហេតុ សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​នោះ​ទៅ​រក្សាទុក​នៅ​ក្នុង​អធិការដ្ឋាន៕



គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ថ្ងៃ​តែមួយ ដែល​១​ករណី​បង្ក​ដោយ​រថយន្តក្រុង

Post a Comment

0 Comments

Close Menu