ភ្នំពេញ ៖ បន្ទាប់ពីបញ្ជូនជនសង្ស័យ៤១នាក់ពាក់ព័ន្ធនឹងបទល្មើសលួច ឆក់ ប្លន់ និងគ្រឿងញៀន ទៅតុលាការកាលពីសប្ដាហ៍មុននេះហើយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យ៣២នាក់ផ្សេងទៀតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមជាមួយវត្ថុតាងដូចជា គ្រឿងញៀន ,ជញ្ជីងថ្លឹង ,ដាវសាំមូរ៉ៃ,និងសម្ភារៈសម្រាប់សេពជាច្រើនទៀតមុនពេលបញ្ជូនទៅតុលាការ។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហាថា ជនសង្ស័យទាំងអស់ខាងលើត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ និងរាជធានីចុះបង្ក្រាបជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ អាវុធហត្ថខណ្ឌច្បារអំពៅ សហការជាមួយការិយាល័យគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្រោយវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង អាវុធហត្ថខណ្ឌទួលគោក សហការជាមួយការិយាល័យគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនដែរ នៅផ្លូវ២៧១ និងផ្លូវ១៨២សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ក្រោយមកបន្តឃាត់ខ្លួនជនសង្ស័យចំនួន២៦នាក់បន្ថែមទៀតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យទាំង៣២នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់៕
កងរាជអាវុធហត្ថបានបង្ហាញមុខជនសង្ស័យ៣២នាក់មុនពេលបញ្ជូនទៅតុលាការ
0 Comments