Ad Code

ភូមិ​ព្រែក​គន្លង​មាន​គេ​លួច​ចិញ្ចឹម​ត្រី​ឆ្តោរ​១៨​ស្រះ សមត្ថកិច្ច​​មាន​ផែនការ​មិនអនុវត្តន៍

កំពង់ឆ្នាំង ៖ កូន​ត្រី​ឆ្តោរ​ចំនួន​១៨​ស្រះ​ជិត​៣​ម៉ឺន​ក្បាល ត្រូវ​បាន​គេ​លួច​ចិញ្ចឹម​ដោយ​ខុសច្បាប់​នៅក្នុង​ភូមិ​ព្រែក​គន្លង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច  ដែល​សមត្ថកិច្ច​រដ្ឋបាល​ជលផល បាន​ចុះទៅ​ធ្វើ​កំណត់​ហេតុ​នៅ​ថ្ងៃទី​០៩ ខែកក្កដា  ជាមួយ​សហគមន៍​នេសាទ និង​ម្ចាស់​ត្រី អោយ​ចាក់​លែង​កូន​ត្រី​ចូលក្នុង​ទន្លេ​វិញ​ដោយ​ខ្លួនឯង​ឲ្យ​អស់​នៅ​ថ្ងៃទី​១០ ខែសីហា  ឆ្នាំ​២០១៥ ប៉ុន្តែ​មកដល់ពេលនេះ​មិនឃើញ​អ្នកណា​អនុវត្ត​ឡើយ ទាំង​ម្ចាស់​ត្រី និង​សមត្ថកិច្ច។


លោក ហ៊ីម វាន់  អនុ​ភូមិ​ព្រែក​គន្លង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥ ក្រុមការងារ​របស់​សមត្ថកិច្ច​ជលផល​ខណ្ឌ​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក អ៊ឹង ជី​ប៉ោ  នាយរង​ខណ្ឌ​បាន​ចុះ​មក​ត្រួតពិនិត្យ​ក្នុងភូមិ​ដោយ​រក​ឃើញ​អ្នក​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ​ចំនួន​១៨​នាក់ មាន​១៨​ស្រះ និង​មានកូន​ត្រី​ជិត​៣​ម៉ឺន​ក្បាល។


នៅក្នុង​ពេលនោះ​ក្រោយពី​បាន​ប្រជុំ​ផ្សព្វផ្សាយ ស្តីអំពី​ការបញ្ឈប់​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោរ​ដែល​ស៊ី​កូន​ត្រី​ជា​ចំណី​ខាតបង់​ត្រី​រាប់ម៉ឺន​តោន​ក្នុង​១​ឆ្នាំៗ យោង​លិខិត​ជូនដំណឹង​លេខ ៣១៨៤ កសក ចុះ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៤ របស់​ក្រសួងកសិកម្ម  អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​បាន​សំណូមពរ​ដល់​ក្រុមការងារ សុំ​ធ្វើការ​ចាក់​លែង​ត្រី​ដោយ​ខ្លួនឯង​ឲ្យអស់​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥  ដោយមាន​កំណត់ហេតុ​ត្រឹមត្រូវ  បើ​លើស​ថ្ងៃ​កំណត់​សមត្ថកិច្ច​ក្នុង​ក្រុមការងារ និង​ចុះមក​ចាក់​លែង​ត្រី​ទាំងអស់​នេះ​មិន​ទុក​ឡើយ។


ប៉ុន្តែ​មកដល់​ថ្ងៃនេះ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​១៨​ស្រះ មិនបាន​អនុវត្ត​តាម​កិច្ចសន្យា​របស់  ខ្លួន​ឡើយ  ចំណែក​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​ក៏​មិនទាន់​អនុវត្ត​ផែនការ​ចាក់​លែង​កូន​ត្រី​ឆ្តោរ​នៅក្នុង​ភូមិ​ព្រែក​គន្លង​នេះ​នៅឡើយ​ដែរ  ដែល​គេ​គិតថា​ជា​រឿង​វាយ​ព្រៃ​បង្អើល​ត្រី​ងោ​យ​ចូល​ស៊ង ដើម្បី​តែ​ផលប្រយោជន៍ និង  បើតាម​គេ​ដឹង​នៅក្នុង​ឃុំ​កំពង់ត្រឡាច​មាន​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​ត​តាម​ស្រះ​រាប់​សិប​កន្លែង​ឯណោះ​ក្នុង​១​ឆ្នាំ។


ទាក់ទង​និង​រឿង​នេះ​លោក អ៊ឹង ជី​ប៉ោ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៥​នេះ យើង​បាន​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​លោក​មិន​ទទួល​។ ដោយឡែក​លោក​អ៊ូ សោ​ភ័ណ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ ដោយមាន​ចំណារ​របស់​លោក​អភិបាលខេត្ត និង​លោកនាយ​ខណ្ឌ បាន​កំណត់​ឲ្យ​ក្រុមការងារ​ចំរុះ​រួមមាន​ទាំង​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ផង នឹង​ចុះ​ទៅ​ធ្វើ​ការណែនាំ​អប់រំ​ម្តង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី​ឆ្តោរ ដែល​ច្បាប់​ហាមឃាត់។


ដោយឡែក​ប្រជាពលរដ្ឋ​ជា​អ្នក​ចិញ្ចឹម​ត្រីភាគ​ច្រើន  មានការ​ងឿងឆ្ងល់​ថា  សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​តែមួយ​ច្បាប់​តែមួយ តែ​ការអនុវត្ត​ច្បាប់​ជលផល​នៅ​តាម​ខេត្ត​ក្រុង​មិន​ដូចគ្នា គឺ​ពួកគាត់​បានឃើញ​នៅ​ខេត្តកំពង់ចាម  ខេត្តកណ្តាល  មាន​គេ​ចិញ្ចឹម​ត្រី​ឆ្តោរ​រាប់​រយ​ស្រះ និង​រាប់​រយ​បែរ មិន​ឃើញ​សមត្ថកិច្ច​ជលផល​បង្ក្រាប ឬ​ហាមឃាត់​ឡើយ​។


ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា រដ្ឋបាល​ជលផល​មិន​ឲ្យ​ចិញ្ចឹម​ត្រី​ឆ្តោរ  តែ​នុយ​ត្រី​ឆ្តោរ​ត្រូវ​បាន​គេ​ឲ្យ​ដឹក​យក​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម​រាប់​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ហើយ​ការ​នាំចូល​ត្រី​ឆ្តោរ​មក​លក់​នៅក្នុង​ស្រុក​ខ្មែរ​ក្នុង​១​ថ្ងៃៗ​ក៏​មាន​រាប់រយ​តោន  ដែល​មិន​ត្រូវ​បាន​ជលផល​ទប់ស្កាត់​ដែរ បើ​បែបនេះ​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ចិញ្ចឹម​ត្រី​លក់​នោះ  យក​ទៅ​លក់​ឲ្យ​អ្នកណា​ទៅ​។ បញ្ហា​នេះ​ប្រជា​នេសាទ ស្នើសុំលោក  អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បើ​អាណិត​ស្រឡាញ់​ប្រជាពលរដ្ឋ​ខ្មែរ មេត្តាជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​ផង  ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ប្រទេស៕


T-08-19-15-z14-full


T-08-19-15-z16-full


T-08-19-15-z17-full



ភូមិ​ព្រែក​គន្លង​មាន​គេ​លួច​ចិញ្ចឹម​ត្រី​ឆ្តោរ​១៨​ស្រះ សមត្ថកិច្ច​​មាន​ផែនការ​មិនអនុវត្តន៍

Post a Comment

0 Comments

Close Menu