Ad Code

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​លោក សម រង្ស៊ី ណែនាំ​មន្ត្រី​របស់​ខ្លួន​លើ​បញ្ហា​ផែនទី និង​សន្ធិ​សញ្ញា​ផ្សេងៗ​

ភ្នំពេញ ៖ បន្ទាប់ពី​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អង្គការសហប្រជាជាតិ មើល​ឃើញ​ថា ផែនទី​១៨​ផ្ទាំង ដូចគ្នា​ទាំងស្រុង​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ផ្ញើ​សារ​ពិសេស​មួយ ជូន​ទៅ​លោក សម រង្ស៊ី ដើម្បី​បញ្ជាក់​អំពី​បញ្ហា​ផ្សេងៗ ដូចជា​ផែនទី និង​សន្ធិសញ្ញា​ជាដើម។


លិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ផ្ញើ​ជូន​លោក សម រង្ស៊ី  ហើយ​ដែល​ការិយាល័យ​របស់​យើង​ទើប​ទទួល​បាន​កាលពី​វេលា​ម៉ោង​៨ និង៥ នាទី​ព្រឹក​ថ្ងៃ​ទី២១​ខែសីហា ឆ្នាំ​២០១៥ មុន​នេះ​មាន​ខ្លឹមសារ ទាំងស្រុង​ថា ជូន​ឯកឧត្តម​ស​ម រង្ស៊ី ! សង្ឃឹមថា ​ឯកឧត្តម​នឹង​យល់​ពី​គោលបំណង​ដែល​ខ្ញុំ​ផ្ញើ​ជូន​​ឯកឧត្តម​នូវ​ព្រះរាជសារ ព្រះមហាក្សត្រ​នឹង​ច្បាប់​ទាក់ទង ទៅ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម​។ ខ្ញុំ​បាន​ផ្ដល់​ឱកាស​ច្រើនណាស់​ហើយ សំរាប់​ការយល់​របស់​ឯកឧត្តម​ នឹង​សហការី​​ឯកឧត្តម​តែ​ដូច​មិន​យល់ សោះ​រហូត​បន្ត​ប្រើ​ពាក្យ​ផែនទី​ក្លែងក្លាយ​។ ម្សិល​មិញ​ក្រោយពេល​ផ្ទៀង​ផែនទី​យក​ពី​អង្គការសហប្រជាជាតិ តំណាង​គណបក្ស​ឯកឧត្តម បាន​និយាយ​ថា អ្នក​និយាយ​ជា​សិទ្ធិ​របស់​បុគ្គល​មិន​ទាក់ទង នឹង​គោលជំហរ​គណបក្ស​ទេ​។ សង្ឃឹមថា ​ឯកឧត្តម​នឹង​ណែនាំ​ដល់​អ្នក​ដែល​បញ្ចេញ​យោបល់​ទាំងនោះ​ឲ្យ​យល់ ដោយ​រាប់ទាំង​ប្រាប់ ពួកគេ​ឲ្យ​ដឹង​អំពី​ច្បាប់​ទាក់ទង នឹង​សិទ្ធិ សញ្ញា​បំពេញបន្ថែម​រវាង​កម្ពុ​ជា នឹង​វៀតណាម​លើ​បញ្ហា​ព្រំដែន​ផង។


ខ្ញុំ​នឹង​ឲ្យ​ផ្សព្វផ្សាយ​នូវ​ឯកសារ​ទាំងអស់ រាប់ទាំង​លិខិត​របស់​សម្ដេច​ឪ​ផ្ញើ ជូន​អតីត​នាយករដ្ឋមន្ត្រី វៀតណាម ផាំ វ៉ាន់​ដុង កាលពី​ឆ្នាំ​១៩៩៩​សុំ​យក​ខ្សែ​ប្រេ​វីយេ​ជា​ខ្សែ​ព្រំដែន ទឹក​រវាង​កម្ពុជា​នឹង​វៀតណាម​។ ខ្ញុំ​សង្ឃឹមថា​​ឯកឧត្តម​នឹង អប់រំ​ផ្ទៃក្នុង​បក្ស​កុំ​ឲ្យ​ធ្វើ សកម្មភាព​ទុច្ចរិត​បំផ្លាញ​ការ​ខិតខំ​របស់ រាជរដ្ឋាភិបាល លើ​ការងារ​ព្រំដែន​ដែល​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​។ តាមរយៈ​ការ​ពន្យល់​ដ៏​តិចតួច​នេះ​ឯ​.​ឧ​អាច​យល់ថា ហេតុអ្វី​បានជា លោក ហុង ស៊ុន​ហួ ត្រូវ​ចាប់ខ្លួន​នឹង​សកម្មភាព​ផ្លូវច្បាប់​នឹង​ត្រូវ​ប្រកាន់យក​សំរាប់ អ្នកណា​ក៏ដោយ​ដែល​និយាយ​ថា ផែនទី​ក្លែងក្លាយ​ធ្វើ​សកម្មភាព​ញុះញង់ បោកប្រាស់​ប្រជាពលរដ្ឋ បង្ក​អស្ថិរភាព​ដើម្បី​កេង​ចំណេញ​យក​សន្លឹកឆ្នោត​ដោយ​មិន​គិតពី​ផល​ប្រ​យោ​ជ​ន៏​ស្របច្បាប់ របស់​ជាតិ​នឹង​ប្រជាជន​នោះ​ឡើយ​។ ​ឯកឧត្តម​អាច​ចោទសួរ​ខ្ញុំ​ថា បើ​មាន​ផែនទី​ត្រឹមត្រូវ​ហើយ​ថែមទាំង​មានច្បាប់​គាំពារ​ទៀត ហេតុអ្វី​ចាំបាច់​ទៅ​សុំ​ខ្ចី​ផែនទី​ពី អង្គការ​សហប្រជា​ជាតិ នឹង​ពី​ប្រទេស​ផ្សេងទៀត​? ត្រង់​ចំណុច​នេះ​ឯកឧត្តម​អាច​យល់​ពី​បំណង​ល្អ​របស់ខ្ញុំ​ដែល ចង់​ឲ្យ​ខ្មែរ​ទាំងអស់​ឯកភាព​គ្នា លើ​ផែនទី​ងាយស្រួល​រួមគ្នា ការពារ​ទឹកដី​តាម​ផែនទី​ដែល​រាជរដ្ឋាភិបាល​មាន។ យើង​ខ្ចី​ផែនទី​ពី​សហប្រជាជាតិ នឹង​ប្រទេស​ផ្សេងទៀត មក​ផ្ទៀង​ជាមួយ​ផែនទី​ផ្លូវការ​របស់​កម្ពុជា​ដែល​ស្របតាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នឹង​មាន​ច្បាប់ ធានា​លើ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​។ យើង​ធ្វើ​នេះ​ក៏​ចង់​ធានា​តម្លាភាព​ក្នុងចំណោម​ជាតិ យើង​កុំ​ឲ្យ​ចោទប្រកាន់​គ្នា​ថា ផែន​ទីនេះ​ត្រឹម​ត្រូវ ផែន​ទីនោះ​ក្លែងក្លាយ​រាប់ទាំង​ផែនទី ឯ​.​ឧ​ដែល​ទិញ​ក្នុង​តម្លៃ​១៦៨​ដុល្លារ ក៏បាន​យក​មក​ផ្ទៀង​រួចហើយ​ដោយ​រាជ​បណ្ឌិតសភា​។ មុន​ឯកឧត្តម​ផ្តល់​ផែនទី​ឲ្យ​រាជ​បណ្ឌិតសភា​ទាំង​ឯ​.​ឧ ទាំង​អ្នកគាំទ្រ​អះអាង​ថា ជា​ផែនទី​ត្រឹមត្រូវ​ហើយ​ចោទ​ថា ផែនទី​រដ្ឋាភិបាល​ជា​ផែនទី​ក្លែងក្លាយ ឬ​ផែនទី​ចោរ​។ ពេលនេះ​អ្វីៗ ច្បាស់​ហើយ​ផែនទី​ត្រឹមត្រូវ​របស់​ឯ​.​ឧ​ខ្វះ​២​ផ្ទាំង សុំ​រក​មក​បង្គ្រប់​ឲ្យ​រាជបណ្ឌិត​សភា សំរាប់​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​, សុំ​ឯកឧត្តម​កុំ​បន្ទោស​ខ្ញុំ​ថា ប្រើ​ល្បិច​យក​សត្វ​មាន​ពឹ​ស​ចេញពី​រូង ព្រោះ​ផែនទី​ត្រឹមត្រូវ​របស់​ឯ​.​ឧសា​ហាវ​ជាង​សត្វ អាសិរពិស​ទៅទៀត ព្រោះ​ផែនទី​នេះ​មិន​ត្រឹមតែ បោស​ប្រាស់​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​ផែន​ទីនេះ​បាន​ធ្វើ​ឲ្យ​សហការី ឯ​.​ឧ​ខ្លះ​ជាប់គុក នឹង​ខ្លះទៀត​កំពុង​រត់​គេច​ខ្លួន។


ខ្ញុំ​សង្ឃឹមថា​ចាប់​ពី​ពេលនេះ​តទៅ​បញ្ហា​ព្រំដែន​ពិសេស​ព្រំដែន​កម្ពុជា​-​វៀតណាម លែង​ក្លាយ​ទៅ ជា​ល្បែង​នយោបាយ​បោកប្រាស់​ប្រជាជន​ពី​សំណាក់​ឯ​.​ឧ​ផ្ទាល់ នឹង​មនុស្ស​ក្នុង​គណបក្ស​​ឯកឧត្តម​ត​ទៅទៀត​។ ខ្ញុំ​នឹង​ចូលរួម​កំដរ​​ឯកឧត្តម​នូវ​គ្រប់​ទម្រង់​លែង​នឹង​គ្រប់​កាលៈទេសៈ​គ្រប់​រដូវ​កាល​នឹង​គ្រប់​រស់​ជាតិ (​ក្តៅ​.​ត្រជាក់​.​ផ្អែម​.​ល្វីង​.​ជូរចត់​) ។​ល​។


ខ្ញុំកំដរ​​ឯកឧត្តម​បាន​ទាំងអស់ ដូចដែល​ធ្លាប់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​កន្លងមក​តាំងពី មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី​រហូតមកដល់​វប្បធម៌​សន្ទនា ដែល​យើង​បាន​រួមគ្នា​កសាង​ឡើង​ដែល​ជា​ប្រយោជន៍​សម្រាប់​ជាតិ នឹង​ប្រជាជន​យើង​វែងឆ្ងាយ​ទៅ​មុខ​ទៀត៕



សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​លោក សម រង្ស៊ី ណែនាំ​មន្ត្រី​របស់​ខ្លួន​លើ​បញ្ហា​ផែនទី និង​សន្ធិ​សញ្ញា​ផ្សេងៗ​

Post a Comment

0 Comments

Close Menu