ក្រុមមន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុង Karachi នាពេលបច្ចុប្បន្ននិងកាលពីអតីតបាននិយាយថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងកំពុងកើតឡើងក្នុងផ្នែកមួយនៃការបង្ក្រាបលើឧក្រិដ្ឋកម្មនៅក្នុងទីក្រុងនេះ។
ក្រុង Karachi គឺជាទីក្រុងមានមនុស្សចំនួន ២០លាននាក់ ដែលជាកន្លែងផ្សារហ៊ុន និងធនាគារកណ្តាល គឺត្រូវបានរំខានឥតឈប់ឈរដោយអំពើហិង្សាប្រដាប់អាវុធ។
រយៈពេលពីរឆ្នាំកន្លងមកហើយ ពួកយោធាដោយមានជំនួយពីប៉ូលិសកុម្ម៉ង់ដូ ទាហានប៉ារ៉ា និងភ្នាក់ងារស៊ើបការណ៍បានចេញយុទ្ធនាការប្រឆាំងនឹងក្រុមជើងកាងប្រដាប់អាវុធ និងពួកសកម្មប្រយុទ្ធដែលគេសង្ស័យនៅក្នុងទីក្រុងនេះ។
កំណត់ត្រារបស់ប៉ូលិសបានបង្ហាញថា រហូតមកដល់ពេលនេះក្នុងឆ្នាំ២០១៥ ឃាតកម្មបានធ្លាក់ចុះដល់២០២នាក់ បើធៀបនឹងចំនួន២,៥០៧នាក់ ក្នុងឆ្នាំ២០១៣។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Chaudhry Nisar បាននិយាយថា ការខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយរដ្ឋាភិបាលបានបណ្តាលឲ្យមានការថយចុះគួរអោយកត់សម្គាល់ក្នុងបទឧក្រិដ្ឋ។
ទោះបីយ៉ាងណាក៏ដោយ បើយោងទៅតាមថ្នាក់ដឹកនាំនយោបាយ សកម្មជនសិទ្ធិមនុស្ស និងក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា ការបង្ក្រាបត្រូវបានអមដោយការចោទប្រកាន់អំពីការគំរាមកំហែង និងការសម្លាប់ដោយប៉ូលិស។
នៅក្នុងការសំភាសន៍ អតីតមន្ត្រីប៉ូលិស និងមន្ត្រីប៉ូលិសជាច្រើន ដែលកំពុងបម្រើការបានឲ្យដឹងថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការត្រូវបានគេប្រើជាបច្ចេកទេស និងជាវិធីមួយដើម្បីដោះលែងបន្ទុកលើតុលាការ។
ការចោទប្រកាន់នៃការរំលោភបំពានដោយយោធា និងប៉ូលិសរបស់ប្រទេសប៉ាគីស្ថាន គឺមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវាបានបង្ហាញពីកំណត់ត្រាសិទ្ធិមនុស្សដ៏អន់ខ្សោយក្នុងប្រទេសនេះ។
លោក Rao Anwar ដែលជាមន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុង Karachi បានឲ្យដឹងថា ជនសង្ស័យត្រូវបានប្រគល់ឲ្យទៅប៉ូលិសដោយមន្ត្រីអនុរក្សនិងមន្ត្រីស៊ើបការណ៍សម្ងាត់ដើម្បី “ដោះស្រាយ”។ ប៉ុន្តែលោកបានបន្ថែមថា ភាគច្រើននៃការសម្លាប់នោះគឺជាលទ្ធផលនៃការប៉ះទង្គិចគ្នារវាងប៉ូលិសជាមួយឧក្រិដ្ឋជន។
គណៈកម្មការសិទ្ធិមនុស្សបានចោទប្រកាន់ក្នុងរឿងក្តីប្រឆាំងនឹងលោក Anwar ថា គាត់បានសម្លាប់មនុស្ស៦០នាក់នៅក្នុងការប៉ះទង្គិចគ្នា។ ទោះបីយ៉ាងណាលោក Anwar បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ។
លោក Ghulam Qadir Thebo អគ្គអាធិការសម្រាប់ក្រុង Karachi រហូតដល់ខែកក្កដាបានឲ្យដឹងថា ប៉ូលិសបានសម្លាប់ឧក្រិដ្ឋជន២៣៤ នាក់ នៅក្នុងការប៉ះទង្គិចគ្នាចាប់តាំងពីខែមករាឆ្នាំនេះ។
ប៉ូលិសជាន់ខ្ពស់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ភាគច្រើននៃការស្លាប់នោះត្រូវបានគេសម្លាប់នៅក្រៅប្រព័ន្ធតុលាការ។ មន្ត្រីបីនាក់ផ្សេងទៀតដែលកំពុងបម្រើការបានបញ្ជាក់ពីការអះអាងនេះ។
ចំណែកប៉ូលិសវិញបាននិយាយថា ប៉ូលិសជាង១៥០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការនេះ។
នៅឯមន្ទីរពេទ្យ Abbasi Shaheed ក្នុងក្រុង Karachi លោក Afzal ដែលជាគ្រូពេទ្យបាននិយាយថា ប៉ូលិសបាននាំយកសពដែលមានស្នាមគ្រាប់កាំភ្លើងបាញ់ក្នុងរយៈចម្ងាយជិត៕
Reuters
ការសម្លាប់ក្រៅប្រព័ន្ធតុលាការ បានកើនឡើង ក្នុងការបង្ក្រាបរបស់ប៉ូលិសប៉ាគីស្ថាន នៅទីក្រុង Karachi
0 Comments