ភ្នំពេញ ៖ សាលារៀន ខេមអេលីត បានប្រារព្ធពិធីចែក ប័ណ្ណសរសើរ និងវិញ្ញាបនបត្របញ្ជាក់ ការសិក្សា ដល់សិស្សរបស់ខ្លួន ចំនួន៣៩៨នាក់ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៥ នេះ។
លោកបណ្ឌិត ឌួង លាង អគ្គនាយកសាលារៀន ខេមអេលីត បាមថ្លែងអំណរគុណ ដល់ ឯកឧត្តម រដ្ឋលេខាធិការ ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិស្សានុសិស្ស សាលារៀន ខេមអេលីត ប្រចាំឆ្នាំ ២០១៥នេះ។ សាលារៀនខេមអេលីត កំពុងផ្តល់សេវាអប់រំលើប្រាំកម្មវិធីដូចជា៖
១. កម្មវិធីចំណេះទូទៅខ្មែរពីមត្តេយ្យ ដល់ថ្នាក់ទី១២
២. កម្មវិធីភាសាអង់គ្លេសសិស្សធំ (ពេញម៉ោង និងក្រៅម៉ោង) តាមបែបអាមេរិកកាំង
៣. មត្តេយ្យភាសាអង់គ្លេស (ទទួលសិស្សចាប់ពីអាយុ១ឆ្នាំកន្លះ) បង្រៀនផ្ទាល់ដោយគ្រូបរទេសជនជាតិដើម និងមានគ្រូខ្មែរកម្រិតបរិញ្ញាបត្រជាជំនួយការ។
៤. មត្តេយ្យភាសាអង់គ្លេសចិន បង្រៀនដោយគ្រូជនជាតិដើមទាំងស្រុង និងមានការសហការណ៍គាំទ្រជាពិសេស ដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា។
៥. កម្មវិធីកុំព្យូទ័រវគ្គខ្លី និងការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ៊ឹម កុច បាមមានប្រសាសន៍ថា តាងនាមអោយលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមសម្តែងនូវ ក្តីអំណរសាទរ និងកោតសរសើរដោយស្មោះចំពោះការរីកចម្រើនយ៉ាងខ្លាំង ទាំងបរិមាណ និងគុណភាព របស់សាលារៀន ខេមអេលីត ដែលទើបតែទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា មិនដល់ពីរឆ្នាំផង សាលារៀននេះទទួលបានជោគជ័យ ដោយទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសិក្សាផងដែរ។
លោកគណៈអធិបតី បានបន្តទៀតថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង អប់រំ យុវជន និងកីឡា បានដាក់ចេញនូវ វិធានការជាអាទិភាពនៃកំណែទម្រង់វិស័យអប់រំយុវជន និងកីឡាចំនួន៨ចំណុច ដែលមាន ដូចជា ការបង្កើនគុណភាពនិងប្រសិទ្ធភាពនៃសេវាអប់រំ ការពង្រឹងការគ្រប់គ្រងបុគ្គលិក ការពង្រឹងការប្រឡងគ្រប់ប្រភេទ ការកែទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍន៍សម្រាប់យុវជននូវ ជំនាញបច្ចេកទេសនិងជំនាញទន់ ការអនុវត្តស៊ីជម្រៅកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការកែទម្រង់ការងារអប់រំនិងកីឡា និងការបង្កើតធនាគារខួរក្បាលវិស័យអប់រំ។
លោកអ៊ឹម កុច ក៏បានផ្តាំផ្ញើដល់ក្មួយៗ ចៅៗ ផងដែរថា លោកឪពុកអ្នកម្តាយរបស់ ក្មួយៗ ចៅៗ លោកពិតជាលំបាកណាស់ក្នុងចិញ្ចឹមថែរក្សាក្មួយៗ ចៅៗ តាំងពីចាប់កំណើត រហូតមកដល់ពេលនេះ។ ការដែលលោកទាំងទ្វេបញ្ជូន ក្មួយៗ ចៅៗមកសិក្សានេះគឺជាទ្រព្យ ដ៏សំខាន់ និងមហាសាលដែលត្រូវតែចាប់យកឲ្យបាន។ ដូច្នេះដើម្បីជាការតបស្នងសងគុណលោកអ្នកមានគុណ ក្មួយៗ ចៅៗ ត្រូវតែត្រងត្រាប់ស្តាប់លោកទាំងពីរ ដែលជាគ្រូបាអាចារ្យទី១ និងលោកគ្រូអ្នកគ្រូដែលជាគ្រូបាអាចារ្យទី២ និងធ្វើខ្លួនឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ ជាពលរដ្ឋល្អក្នុងសង្គម៕
លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិស្សសាលារៀន ខេមអេលីតចំនួន៣៩៨នាក់
0 Comments