ការដាល់គ្នា និងរបាយការណ៍នៃអ្នកបោះឆ្នោតក្លែងបន្លំ ត្រូវបានគេឃើញកាលពីចុងសប្តាហ៍ដែលប្រជាជនហៃទី នឹងជ្រើសរើសសមាជិកសភាសម្រាប់សភាបន្ទាប់ ដែលត្រូវបានពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ការបោះឆ្នោតនីតិប្បញ្ញត្តិត្រូវបានពន្យារពេលអស់រយៈពេលជិតបួនឆ្នាំមកហើយ ដោយសារតែបញ្ហានយោបាយរវាងនីតិប្រតិបត្តិហៃទី និងបក្សប្រឆាំង។ ពួកគេត្រូវបានផ្សព្វផ្សាយថា ជាការធ្វើតេស្តដ៏សំខាន់នៃប្រព័ន្ធបោះឆ្នោតរបស់ប្រទេសនេះនៅមុនការបោះឆ្នោតប្រធានាធិបតី នៅចុងខែតុលាខាងមុខ។
ជុំដំបូងកាលពីថ្ងៃអាទិត្យ គឺបានស្វែងរកដើម្បីបំពេញពីរភាគបីនៃព្រឹទ្ធសភាដែលមានសមាជិក៣រូប ហើយសភាទាំងមូលដែលមានសមាជិក១១៩នាក់ នៅក្នុងប្រទេសនេះនៅតែតស៊ូងើបឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដីឆ្នាំ ២០១០ ដែលបានបំផ្លិចបំផ្លាញរាជធានី និងតំបន់ជុំវិញនោះ។
ប៉ុន្តែស្ថានីយបោះឆ្នោតមួយចំនួននៅទូទាំងប្រទេសដែលមានប្រជាជន១០លាននាក់មួយនេះ ត្រូវរង់ចាំសន្លឹកឆ្នោតនៅប៉ុន្មានម៉ោង បន្ទាប់ពីការបោះឆ្នោតត្រូវបានគេសន្មតថា នឹងចាប់ផ្តើមនៅម៉ោង៦ព្រឹក។ នៅក្នុងផ្នែកមួយចំនួននៃទីក្រុង Port-au-Prince អ្នកបោះឆ្នោតមានការក្តៅក្រហាយយ៉ាងខ្លាំងបន្ទាប់ពីពួកគេត្រូវបានប្រាប់ថា ពួកគេមិនអាចបោះឆ្នោតបានទេ ព្រោះឈ្មោះរបស់ពួកគេមិនមាននៅក្នុងបញ្ជីបោះឆ្នោតជាផ្លូវការ។
នៅក្នុងរដ្ឋធានីដែលមានមនុស្សកកកុញនេះ មណ្ឌលបោះឆ្នោតយ៉ាងហោចណាស់ចំនួនបី ត្រូវបានបិទទ្វារដោយអាជ្ញាធរ បន្ទាប់ពីការដាល់គ្នាបានកើតឡើងខណៈដែលអ្នកប្រកាន់បក្សពួកប៉ុនប៉ងទុកហិបឆ្នោត និងភាពមិនប្រក្រតីផ្សេងទៀត។ នៅមណ្ឌលបោះឆ្នោតមួយនៅក្នុងទីក្រុង Port-au-Prince ក្រុមបុរសវ័យក្មេងបានហែកសន្លឹកឆ្នោតនៅពេលប៉ូលិសប្រដាប់អាវុធបានបាញ់ទៅលើអាកាសដើម្បីរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។ ដុំថ្មត្រូវបានគប់ដើម្បីជាការឆ្លើយតបមុនពេលអាជ្ញាធរបានបិទការិយាល័យបោះឆ្នោត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរ ពីការបិទកន្លែងបោះឆ្នោតជាច្រើននៅក្នុងប្រទេសនេះ និងការចាប់ខ្លួនប្រជាជនដោយចោទប្រកាន់ថា បានបោះឆ្នោតលើសពីម្ដង។
បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ លោក Pierre-Louis Opont ដែលជាប្រធាននៃក្រុមប្រឹក្សារៀបចំការបោះឆ្នោតបណ្តោះអាសន្នរបស់ប្រទេសនេះបានប្រាប់អ្នកយកព័ត៌មានថាស្ថានីយ បោះឆ្នោតប្រហែល៥៤កន្លែង (៥%) ត្រូវបានបិទកាលពីថ្ងៃអាទិត្យ ស្របពេលមានអំពើហិង្សានិងការរំខានដទៃទៀត។ លោកក៏បានបង្ហាញផងដែរថា មានបុគ្គលិកក្រុមប្រឹក្សាម្នាក់បានលួច សម្ភារៈបោះឆ្នោតមួយចំនួន ប៉ុន្តែលោក Oponte បានបដិសេធមិនផ្តល់ការបញ្ជាក់ដទៃទៀតក្រៅពីថា ក្រុមប៉ូលិសកំពុងតែស្វែងរកគាត់។
វាជាការបោះឆ្នោតលើកដំបូងរបស់ប្រទេសហៃទី ដែលត្រូវបានធ្វើឡើងនៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Michel Martelly ដែលបានចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ ២០១១ ហើយវាគឺជាឆ្នាំចុងក្រោយនៃអាណត្តិរយៈពេលប្រាំឆ្នាំរបស់គាត់ ខណៈគាត់មិនអាចឈរឈ្មោះសម្រាប់អាណត្តិជាប់គ្នាបាននោះទេ។
គួរបញ្ជាក់ថា មនុស្សប្រហែល៥.៨លាននាក់ បានចុះឈ្មោះបោះឆ្នោត និងបេក្ខជនជាង ១,៨៥០នាក់មកពីគណបក្សនយោបាយជិត ១៣០បានចូលរួមប្រកួត៕
AP
អ្នកក្លែងបន្លំ និងការដាល់គ្នា បានកើតមានក្នុងការបោះឆ្នោត នៅប្រទេសហៃទី
0 Comments