ក្រុមបាល់ទាត់ក្រុមភ្នំពេញក្រោន និង បឹងកេតអង្គរ សុទ្ធតែរកបាន៣ពិន្ទុដូចគ្នាក្នុងវគ្គសន្សំពិន្ទុសប្ដាហ៍ទី ១៣ នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015) ក្រោយប្រកួតឈ្នះនៅល្ងាចថ្ងៃពុធ ទី ១២ ខែ សីហា ឆ្នាំ ២០១៥ ម្សិលមិញ ស្របពេលក្រុមស្វាយរៀងអែហ្វស៊ី ប្រកួតត្រឹមស្មើក្រុមអាស៊ីអឺរ៉ុបយូណាយធីត ១ ទល់ ១។
ក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ១ ទល់ ០ លើទីលានពហុកីឡដ្ឋានជាតិ។ កីឡាករជនជាតិអាហ្វ្រិចខាងត្បូង Booysen Shane បានរកគ្រាប់បាល់ជ័យជម្នះនៅនាទី ៥៧ ក្រោយកីឡាករ សារី ម៉ាត់ណូរ៉ូទីន បញ្ជូនឱ្យយ៉ាងស្អាត។
ចំពោះក្រុមជើងឯករងឆ្នាំចាស់ បឹងកេតអង្គរ បានយកឈ្នះក្រុមខេមបូឌានថៃហ្គ័រ ដោយលទ្ធផល ៤ ទល់ ០ នៅទីលានវេស្ទើន។ យុវជនក្នុងក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំ ចាន់ វឌ្ឍនាកា បានរកគ្រាប់បាល់បើកឆាកតាំងពីនាទី៣ ឱ្យបឹងកេតអង្គរ ស្របពេលប្រធានក្រុម ឃួន ឡាបូរ៉ាវី រកគ្រាប់បាល់ទី២ នៅនាទី ២៦។ កីឡាករ Esoh Paul Omogba បានបន្តរកគ្រាប់បាល់ទី៣ នៅនាទី ៨៥ ហើយមិនអស់ចិត្ត ឃួន ឡាបូរ៉ាវី បានរកគ្រាប់បាល់ចុងក្រោយនៅនាទី ៨៦។
សម្រាប់ក្រុមស្វាយរៀងអែហ្វស៊ី បានប្រកួតស្មើគ្នា ១ ទល់ ១ ជាមួយក្រុមអាស៊ីអឺរ៉ុបយូណាធីត ដោយលទ្ធផល ១ ទល់ ១ នៅទីលានពហុកីឡដ្ឋានជាតិ។ កីឡាករយុវជនទើបដំឡើងមកពីឈុតយុវជន សារ៉េត ស៊ីយ៉ា បានតែតបាល់នាំមុខតាំងពីនាទី ៤៨ ដើមតង់ទី១ ប៉ុន្ដែកីឡាករ Mohamed Hamzaabdel Allan របស់អាស៊ីអឺរ៉ុប បានតាមស្មើវិញនៅនាទី ៦៩៕
MCL 2015៖ ភ្នំពេញក្រោន និង បឹងកេត រកបាន ៣ ពិន្ទុ ខណៈស្វាយរៀង ស្មើ អាស៊ីអឺរ៉ុប
0 Comments