ភ្នំពេញ ៖ ក្រសួងសង្គមកិច្ចប្រារព្ធទិវាមនុស្ស.គ-ថ្លង់ កម្ពុជា និងអន្តរជាតិ ឆ្នាំ២០១៥ ក្រោមប្រធានបទ “លើកកម្ពស់សិទ្ធិភាសាសញ្ញាកុមារ គ.ថ្លង់ អាចធ្វើអ្វីៗបាន ”ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី លោកគ្រូ អ្នកគ្រូមន្ត្រីរាជការ និងបងប្អូនជនពិការសរុបប្រមាណ៤០០ នាក់។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នៅទីស្តីការក្រសួងសង្គមកិច្ចក្នុងទិវាមនុស្ស.គ-ថ្លង់ កម្ពុជា និងអន្តរជាតិ ឆ្នាំ២០១៥ ដោយបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ រដ្ឋបាលសិទ្ធិជនពិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានរួមសហការគ្នាអនុវត្តការងារពាក់ព័ន្ធពិការភាពនេះ សម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់។
លោកបន្ដថា លទ្ធផលទាំងនេះជាសក្ខីភាពបង្ហាញអំពីការយកចិត្តទុកដាក់បង្កើនភាពអត់ធ្មត់ និងការតស៊ូព្យាយាមរបស់ភាគីពាក់ព័ន្ធទាំងអស់ សំដៅលើកកម្ពស់សិទ្ធិជនពិការ ជំរុញការងារស្តារលទ្ធភាពពលកម្មកាយសម្បទា និងការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជំរុញឲ្យមានការដាក់បញ្ចូល និងការចូលរួមរបស់បងប្អូនជនពិការនៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការមានប្រសាសន៍ថា ទិវាមនុស្ស.គ-ថ្លង់កម្ពុជា និងអន្តរជាតិ ក្រោមប្រធានបទ “ លើកកម្ពស់សិទ្ធិភាសាសញ្ញា កុមារ.គ-ថ្លង់ អាចធ្វើអ្វីៗបាន ”ប្រារព្ធធ្វើឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីការពារសិទ្ធិ និងលើកកម្ពស់ការចូលរួមរបស់មនុស្ស.គ-ថ្លង់ ទៅក្នុងសង្គម ដោយបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងនោះរួមមាន ការបង្កើនអត្រាចុះឈ្មោះចូលរៀនសម្រាប់កុមារ.គ-ថ្លង់ នៅថ្នាក់បឋមដើម្បីឈានឆ្ពោះទៅបញ្ចប់ការសិក្សានៅកម្រិតឧត្ដមសិក្សា និងក្លាយទៅជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។
លើសពីនេះ ទិវានេះ គឺបង្ហាញពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងគោរពសិទ្ធិជនពិការ ស្របតាមច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងការពង្រីកបច្ចេកវិទ្យាថ្មីៗសម្រាប់គាំទ្រមនុស្ស.គ-ថ្លង់ និងការផ្តល់ឱកាសក្នុងការទទួលបានសិទ្ធិពេញលេញ ស្មើភាព មិនមានការរើសអើង និងរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
លោកអគ្គលេខាធិការបានឲ្យដឹងទៀតថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្ស.គ-ថ្លង់ ចំនួន៥% នៃជនពិការសរុបក្នុងពិភពលោកចំណោមជនពិការប្រមាណ៣៦០លាននាក់។ ដោយឡែកនៅកម្ពុជា បើយោងតាមជំរឿនទូទៅពាក់កណ្ដាលអង្កេតនូវប្រជារាស្ត្រ ឆ្នាំ២០១៣ បង្ហាញថាប្រទេសកម្ពុជាមានជនពិការប្រមាណ៣០១,៦២៩នាក់ ក្នុងនោះមនុស្ស.គ-ថ្លង់ មានចំនួន១៤.៤២ % ដែលស្មើនឹងចំនួន៤៣,៤៩៧នាក់។
លោករដ្ឋមន្ត្រីបានបន្ថែមថា បញ្ហាពិការភាពជាបញ្ហាពហុវិស័យ ដែលទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងឈានទៅកាត់បន្ថយបញ្ហាប្រឈមនានា ជាបណ្តើរៗ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍលើវិស័យនេះឲ្យបានខ្លាំងក្លាបន្ថែមទៀត លោករដ្ឋមន្ត្រី វង សូត ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន និងជំរុញឲ្យក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិនានា វិស័យឯកជន ខិតខំបន្តការយកចិត្តទុកដាក់អនុវត្តការងារដែលពាក់ព័ន្ធនឹងពិការភាពនេះឲ្យទទួលបានលទ្ធផលល្អសម្រាប់សង្គមជាតិយើង ពិសេសការបង្កើនការយកចិត្តទុកដាក់គិតគូរពីបញ្ហាពិការភាព ការការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការដាក់បញ្ចូលពិការភាពទៅក្នុងការអភិវឌ្ឍគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅរកសង្គមមួយសម្រាប់ទាំងអស់គ្នា និងធ្វើឲ្យសិទ្ធិក្លាយជាការពិត៕
ទិវាមនុស្ស.គ-ថ្លង់កម្ពុជា និងអន្តរជាតិ ក្រោមប្រធានបទ“លើកកម្ពស់សិទ្ធិភាសាសញ្ញាកុមារ.គ ថ្លង់ អាចធ្វើអ្វីៗបាន”
0 Comments