ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញដំណើរពីភ្នំពេញហើយ ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី៦ នៅស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលកិច្ចប្រជុំនោះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលចេញដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ឯកឧត្តមនឹងធ្វើជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមខួបលើកទី៧០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយទន្ទឹមនេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏នឹងធ្វើជាតំណាងសម្តេច ដើម្បីចូលរួមប្រជុំស្តីពីការបញ្ជូនកងទ័ពកម្ពុជា ក្នុងក្របខណ្ឌការពារសន្តិភាពរបស់អង្គការសហប្រជាជាតិ ពីព្រោះអង្គការសហប្រជាជាតិ ប្រហែលជានឹងស្នើកងទ័ពកម្ពុជាមួយចំនួនទៀត ក្នុងក្របខណ្ឌការពារសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីទៅចូលរួមការពារសន្តិភាពនៅប្រទេសប្រទេសអាហ្វ្រិក។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងចូលរួមប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសអាសស៊ានប្រហែល៥ ទៅ៦ រូប និងប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បាន គីមូន និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។
តាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ទៀតដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពក្រោយឆ្នាំ២០១៥ ដោយឡែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៧០ នៃអង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងថ្លែងលើកឡើងអំពីបញ្ហាសំខាន់ដែលមនុស្សជាតិ ទូទាំងពិភពលោកកំពុងតែប្រឈម រួមមានការប្រែប្រួលអាកាសធាតុ ,បញ្ហាប្រឈមនឹងភាពក្រីក្រ ,ប្រឈមបញ្ហាសន្តិសុខស្បៀង និងប្រឈម នឹងបញ្ហាពួកជ្រុលនិយម ដែលសុទ្ធតែជាបញ្ហាប្រឈមនៅលើពិភពលោកទាំងមូល។
តាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដែរថា បន្ទាប់ពីចូលរួមចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី៦ នៅស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិសម្រាប់អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥” និង “កិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្ដីពីសមភាពយេនឌ័រ និងការលើកកម្ពស់ស្ដ្រី៖ ការប្ដេជ្ញាចិត្តឆ្ពោះទៅរកវិធានការ” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូយ៉ក ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងដែរថា ក្នុងនាមជាតំណាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅនៃ “សម័យប្រជុំលើកទី៧០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ” និងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលប្រមុខដឹកនាំស្ដីពីការរក្សាសន្តិភាព” ដែលរៀបចំដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ហើយក្នុងឱកាសស្នាក់នៅទីក្រុងញូយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងកិច្ចប្រជុំមួយចំនួនដូចជា ទី១, កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទី២, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧០ ទី៣, កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក និងទី៤, កិច្ចប្រជុំលើកទី២ថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សម្ព័ន្ធមិត្តប៉ាស៊ីហ្វិក។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងមានជំនួបមួយចំនួនផងដែរ តាមការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ប៉ូឡូញ ហ្សកហ្ស៊ី ស៊ុយអ៊ែត សាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉េ និងទីប្រឹក្សាក្រសួងការបរទេសអាមេរិក៕
រដ្ឋមន្ត្រីការបរទេសកម្ពុជាអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី៦នៅខេត្តសានស៊ី
0 Comments