សៀមរាប ៖ លោកអេង ជាសាន្ត ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៅក្នុងឱកាសដឹកនាំមន្ត្រីជំនាញរបស់ខ្លួនទៅបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់ស្រុកសូទ្រនិគមនិងស្រុកជីក្រែងខេត្តសៀមរាបកាលពីថ្ងៃ ទី៨ខែកញ្ញា បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទខ្លួនបង្កើនសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទនេះឲ្យខ្លាំងក្លាបន្ថែម ជាពិសេសគឺត្រូវបង្ក្រាបឲ្យបានដាច់ខាតនូវរាល់ឧបករណ៍នេសាទដែលចាប់យកកូនត្រីតូចៗទៅឲ្យត្រីឆ្ដោរស៊ីដូចជាអួនស្បៃមុងដាក់ភ្លើងពណ៌ជាដើម។
លោកបានបញ្ជាក់ថា ជំហានដំបូងទី១. មន្ត្រីជំនាញទាំងអស់ត្រូវបង្ក្រាបអួនស្បៃមុងដាក់ភ្លើងពណ៌យកត្រីតូចៗ ទី២.បង្ក្រាបនូវរាល់សកម្មភាពដឹកជញ្ជូនកូនត្រីឆ្តោរមកពីប្រទេសជិតខាងចូលមកកាន់តំបន់យើងគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងទី៣.ចុះបង្ក្រាបកន្លែងចិញ្ចឹមត្រីឆ្តោរនៅតាមបែរ និងស្រះដោយផ្ទាល់។
លោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានប្ដេជ្ញាថា នឹងខិតខំអនុវត្តភារកិច្ច ដែលថ្នាក់លើដាក់ជូនឲ្យមានប្រសិទ្ធភាព ប៉ុន្តែលោកស្នើឲ្យសហគមន៍ និងអាជ្ញាធរមូលដ្ឋានមានការចូលរួមពីព្រោះអាជ្ញាធរ និងសហគមន៍ជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ប្រសិនជាអាជ្ញាធរ និងសហគមន៍មិនចូលរួមទេ វាពិបាកខ្លាំងណាស់ក្នុងបង្ក្រាបបទល្មើសនេសាទឲ្យទទួលបានជោគជ័យ។
ពាក់ព័ន្ធបញ្ហានេះលោកម៉ិញ ប៊ុនលី មន្ត្រីសម្របសម្រួលកម្មវិធីតំបន់បឹងទន្លេសាបរបស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលបានគាំទ្រចំពោះការលើកឡើងរបស់លោកព្រិន្ទសាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប។
លោកបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានរំសាយចោលឡូត៍នេសាទទាំងអស់ក្នុងបឹងទន្លេសាប ហើយបានប្រគល់តំបន់មួយចំនួនទៅឲ្យសហគមន៍អ្នកគ្រប់គ្រង និងអភិរក្ស ដូច្នេះបញ្ហាបទល្មើសនេសាទនេះ យើងត្រូវតែរួបរួមគ្នាទើបទទួលបានជោគជ័យ។ ចំណែក ករណីត្រីឆ្ដោរលោកគិតថា ដើម្បីបង្ក្រាបទទួលបានជោគជ័យ លុះត្រាតែសមត្ថកិច្ចនៅតាមច្រកនាំចូលធ្វើការបង្ក្រាបឲ្យមានប្រសិទ្ធភាពជាមុនសិន។ លោកពន្យល់ថា បើសមត្ថកិច្ចនៅតាមច្រកបណ្ដោយឲ្យនាំចូលកូនត្រីឆ្ដោរហើយបានដាក់ចិញ្ចឹមពេញផ្ទៃទឹកហើយនោះប្រាកដណាស់ថា ពិបាកក្នុងការបង្ក្រាប៕
លោកអេង ជាសាន្តបញ្ជាឲ្យមន្ត្រីក្រោមឱវាទបង្កើនសកម្មភាពបង្ក្រាបបទល្មើសនេសាទ
0 Comments