ភ្នំពេញ ៖ កំណាត់ផ្លូវ១ខ្សែ (ផ្លូវទ្រុងមាន់) ចាប់ពីចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិចនៃស្តុបសាលាណតប្រ៊ីត រហូតទៅដល់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរងនូវការខូចខាតស្ទើរទាំងស្រុង ខណៈមានភ្លៀងធ្លាក់ម្តងៗបង្កឲ្យទឹកជនលិចពិបាកក្នុងការធ្វើដំណើរ ពិសេសបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ព្រោះតែផ្លូវមួយនេះមានជង្ហុកធំៗជាច្រើនកន្លែង។
ប្រភពពីប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះបាននិយាយថា បច្ចុប្បន្នកំណាត់ផ្លូវមួយខ្សែនេះកំពុងតែរងនូវការខូចខាតយ៉ាងដំណំបង្កឲ្យមានក្រឡេកក្រឡុកដូចសំបុកក្ងានជាច្រើនកន្លែង ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកដោយសារតែរថយន្តធុនធំដឹកដីឆ្លងកាត់ចុះឡើងជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ទើបបណ្ដាលឲ្យមានការខូចខាតឆាប់រហ័សបែបនេះ។
ប្រភពដដែលបាននិយាយទៀតថា ជាក់ស្ដែងដូចជារដូវភ្លៀងនេះជាដើម គឺកំណាត់ផ្លូវទ្រុងមាន់ខាងលើកំពុងតែប្រឈមនឹងការខូចខាតយ៉ាងខ្លាំង ព្រោះពេលភ្លៀងម្តងៗតែងមានទឹកលិចដក់នៅតាមជង្ហុកទាំងនោះ។ រហូតមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដើម្បីឲ្យអាជ្ញាធរមានវិធានការចុះជួសជុលសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់។
ជាមួយគ្នានេះ បើតាមប្រភពពីប្រជាពលរដ្ឋអ្នករស់នៅក្បែរនោះបានឲ្យដឹងដែរថា មូលហេតុដែលបណ្ដាលឲ្យផ្លូវនេះរងការខូចរហូតបែកបាក់ទ្រុឌទ្រោមមានជង្ហុកតូច-ធំច្រើនកន្លែងបែបនេះ គឺដោយសារតែមានរថយន្តធំៗធ្វើដំណើរដឹកទំនិញធ្ងន់ឆ្លងកាត់តាមផ្លូវស្ទើររៀងរាល់ថ្ងៃ។ លុះមានការខូចខាតគេមិនឃើញមានអាជ្ញាធរមូលដ្ឋានណាម្នាក់ប្រញាប់ធ្វើការជួសជុលឡើយ ដោយបណ្ដែតបណ្ដោយទុកឲ្យរីករាលដាលកាន់តែខ្លាំងឡើងៗយ៉ាងដូច្នេះ។
ក្រុមប្រជាពលរដ្ឋទាំងអ្នករស់នៅតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះបានអំពាវនាវ និងស្នើសុំដល់មន្ទីរពាក់ព័ន្ធ ព្រមទាំងសាលាក្រុង មេត្តាជួយជួសជុលកំណាត់ផ្លូវដែលកំពុងរងការខូចខាត និងជួបការលំបាកក្នុងការធ្វើដំណើរចាប់ពីចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិចនៃស្តុបសាលាណតប្រ៊ីត រហូតទៅដល់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍៕
កំណាត់ផ្លូវ១ខ្សែចាប់ពីភ្លើងស្តុបណតប្រ៊ីត ឆ្ពោះទៅទូរទស្សន៍អាស៊ីអាគ្នេយ៍រងការខូចខាតយ៉ាងដំណំ
0 Comments