រដូវវិស្សមកាលឆ្នាំនេះមានសភាពប្លែកជាងបណ្តារាល់ឆ្នាំគឺ អ្វីដែលប្លែកនោះដោយសារតែសិស្សដែលត្រូវចូលរៀនថ្នាក់ទី១២ នៃឆ្នាំសិក្សាថ្មី២០១៥–២០១៦ខាងមុខនេះ មានការភ្ញាក់រលឹកយ៉ាងកុះករក្នុងការរៀនគួរដ៏ផុសផុលបំផុត។
ជាក់ស្តែងចំពោះវិទ្យាល័យ ព្រែកស្លែង ក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សិស្សបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាចុងឆ្នាំសិក្សានេះមានចំនួនប្រហែលជាង៧០ភាគរយ។ នេះជាលទ្ធផលល្អក្នុងចំណោមវិទ្យាល័យនានាក្នុងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល (នេះជាព័ត៌មានដែលបានទទួលពីសិស្សវិទ្យាល័យព្រែកស្លែង)។ ឯអ្វីដែលគេយល់ថា មានសកម្មភាពរីកចម្រើនប្លែកទៀតនោះគឺ អតីតៈសិស្សថ្នាក់ទី១១ នៃវិទ្យាល័យនេះបានត្រៀមចូលរៀនថ្នាក់ទី១២ ក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះ បានសម្រុករៀនគួរយ៉ាងយកចិត្តទុកដាក់បំផុត។ សិស្សមានជំនឿលើគ្រូបង្រៀនដែលគាត់ធ្លាប់បានបង្រៀនសិស្សថ្នាក់ទី១២ កន្លងមកនៃវិទ្យាល័យនេះបានទទួលលទ្ធផលល្អ គឺ សិស្សបានប្រឡងជាប់ច្រើនជាងសាលានានា។ សិស្សានុសិស្សតែងយល់ឃើញថា គ្រូបង្រៀនល្អទើបបណ្តាលឲ្យសិស្សបានប្រឡងជាប់ច្រើន។ ហេតុនេះហើយ ទើបបានជានៅពេលវិស្សមកាលនេះមានសិស្សរៀនគួរកាន់តែច្រើន ជាងបណ្តារាល់ឆ្នាំ។
ចំពោះសិស្សរៀនគួរនោះឃើញថា សំខាន់គឺ សិស្សរៀនមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា-គីមីវិទ្យាថ្នាក់ទី១២តែម្តង។ បានសេចក្តីថា ជាទម្លាប់របស់សិស្សគឺ រៀនតែមុខវិជ្ជានេះទេដែលគេគិតថា បើចេះ និងយល់នោះទើបមានការធ្វើត្រូវហើយក៏ជាអាទិភាពនៃការប្រឡងជាប់នោះដែរ។ ទោះជាការរៀនគួរត្រូវចំណាយលុយបង់ជូនគ្រូតាមការកំណត់ក្តីក៏សិស្សមានជំនឿ លើគ្រូ ថា ការបង្រៀនរបស់គ្រូពិតជាមានប្រសិទ្ធភាពម៉្លោះហើយត្រូវតែរៀនដើម្បីនៅក្រោយពេលចូលរៀនវិញនោះខ្លួនមានសមត្ថភាពឆាប់ទទួលយកបាន និងបានរៀនពូកែព្រមទាំងមានការស្ទាត់ជំនាញទៀតផង។
ម្យ៉ាងទៀតសិស្សឆ្នាំនេះតែងមានការភ្ញាក់រលឹកខ្ពស់ចំពោះខ្លួនឯងថា ពិតជានៅពេលប្រឡងម្តងៗ គេតែងនឹកគិតដោយការទន្ទេញចាំមាត់ថា បើចេះទើបប្រឡងជាប់ហើយបើមិនមិនចេះទេនោះនឹងមិនអាចប្រឡងជាប់ឡើយ។ ជាងនេះទៅទៀតចំពោះរបៀបរបបនៃការប្រឡងកន្លងមកនេះបានក្លាយជា ការដាស់តឿនក្រើន រំលឹកដល់ សិស្សគ្រប់រូបឲ្យមានផ្នត់គំនិតមួយហៅថា ការប្រឡងមានយុតិ្តធម៌គឺ មិនមានប្រ៊ុយយ៉ុង ចូលបានហើយក៏មិនអាចចម្លងគ្នាបាននោះទេ។ ដូចនេះអ្វីដែលសិស្សមានការរំពឹងទុកក្នុងចិត្តនោះ គឺ «ខ្លួនទីពឹងខ្លួន»ពិតប្រាកដ។
លើសពីនេះទៅទៀតចំពោះមូលហេតុដែលបណ្តាលឲ្យសិស្សឆ្នាំនេះមានការខិតខំប្រឹងប្រែងរៀនសូត្រនោះព្រោះគេគិតដល់កិត្តិយសដ៏ខ្ពង់ខ្ពស់នៃសិស្សដែលបានប្រឡងជាប់តែងបានទទួលរង្វាន់លើកទឹកចិត្តពីអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តទៀតផង។ ពិសេសជាងនេះទៅទៀតគឺ សិស្សចង់បានប្រឡងជាប់និទ្ទេស «A »ដើម្បីបានទទួលរង្វាន់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទៀតផង។ ទាំងអស់នេះគឺ ជាបំណងប្រាថ្នារបស់សិស្សដែលចេះតែបន្តវេននៃការសិក្សាហើយដែលមានទំលាប់បាក់ផ្នត់គំនិតក្នុងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងពូកែស្របទៅតាមទិសដៅនៃការកែទម្រង់នៃការប្រឡងក៏ដូចជាកំណែទម្រង់នៃការសិក្សាគ្រប់ភូមិសិក្សានោះដែរ។
អាស្រ័យហេតុនេះហើយទើបបានជា គេឃើញសិស្សរៀនគូរខែវ៉ាកងនេះមានចំនួនច្រើនជាងបណ្តារាល់ឆ្នាំព្រោះជាសញ្ញាបង្ហាញថា សិស្សបានប្រកាន់តាមទម្លាប់ថ្មីនៃ ការកែទម្រង់នៃការប្រឡងផង និងមានសន្ទុះនៃការខិតខំប្រឹងប្រែងនៃការរៀន ដូចពាក្យចាស់ពោលថា «ចូលស្ទឹងតាមបទ និងចូលស្រុកតាមប្រទេស »យ៉ាងនោះដែរ។ ជាពិសេសបើតាមការសន្និដ្ឋានពីមជ្ឈដ្ឋានទូទៅតែងយល់ថា អំណើះតទៅសិស្សគ្រប់ភូមិសិក្សាទាំងអស់ នឹងកាន់តែមានគុណភាព និងមានសមត្ថភាពកាន់តែកើនឡើង។ ទន្ទឹមនេះដែរគេតែងហ៊ានទស្សន៍ទាយថា ការប្រឡងឆ្នាំក្រោយៗ ទៀតប្រាកដជា បេក្ខជនដែលបានទទួលនិទ្ទេស «A »កាន់តែកើនឡើងទៀតជាមិនខាន។ នេះជាក្តីសង្ឃឹមទៅអនាគតថា ធនធានមនុស្សក្នុងសង្គមខ្មែរប្រាកដជាមិនចាញ់ធនធានមនុស្សនៃប្រទេសដទៃនោះឡើយ៕
សិស្សកំពុងសង្វាតរៀនគួរនៅពេលវិស្សមកាល
0 Comments