ប្រទេសចិន បានព្រមានដាស់តឿនដល់នាយករដ្ឋមន្ដ្រីថ្មីនៃប្រទេសអូស្ដ្រាលី លោក Malcolm Turnbull អំពីការអធិប្បាយរបស់លោក ស្ដីអំពីតំបន់សមុទ្រចិនខាងត្បូង ដោយនិយាយថា ប្រទេសអូស្ដ្រាលី គួរណាស់តែស្ថិតនៅក្នុងជំហរអព្យាក្រឹតមួយស្ដីអំពីការប្រកួតប្រជែងនៅក្នុងតំបន់។
អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោកហុង ឡៃ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា យើងខ្ញុំសង្ឃឹមថា ប្រទេសអូស្ត្រាលី នឹងស្ថិតនៅក្នុងជំហរអព្យាក្រឹតមួយដោយមិនឈរនៅខាងភាគីណានោះឡើយ ទាក់ទិនទៅនឹងជម្លោះអធិបតេយ្យភាព។
គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងមកនេះ នាយករដ្ឋមន្ដ្រីថ្មីនៃប្រទេសអូស្ដ្រាលី បាននិយាយថា ការស្ថាបនាកោះសិប្បនិមិត្ដនៅក្នុងតំបន់ដែលកំពុងតែកើតមានជម្លោះគឺជាការគ្របដណ្ដប់ទៅលើឥរិយាបថទាំងស្រុងរបស់ប្រទេសចិន។ លោកបានបន្ដថ្លែងថា ការជំរុញឲ្យមានការគ្របដណ្ដប់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ គឺវាអាចមានបច្ច័យយ៉ាងពិតប្រាកដ ហើយបច្ច័យន៊ោះវានឹងផ្ដល់មកនូវបច្ច័យបញ្រ្ចាសមកវិញចំពោះអ្វីដែលចិន ចង់ស្វែងរកឲ្យបានដល់គោលបំណងរបស់ខ្លួននោះ។ លោកបានថ្លែងដូច្នេះនៅលើកញ្ចក់ទូរទស្សន៍ ABC កាលពីថ្ងៃចន្ទ កន្លងទៅនេះ។
ដោយឡែកលោកហុង បាននិយាយថា ស្ថានការណ៍នៅតំបន់សមុទ្រចិនខាងត្បូង ជាទូទៅមានស្ថិរភាព ហើយក្រុងប៉េកាំងកំពុងតែបើកឲ្យមានការចរចាគ្នាជាទ្វេភាគីរវាងបណ្ដាប្រទេសទាំងឡាយដែលជាប់ពាក់ព័ន្ធដើម្បីដោះស្រាយជម្លោះ ក៏ដូចជាកំពុងតែធ្វើកិច្ចការងារនេះជាមួយនឹងបណ្ដាប្រទេសនៃសហគមន៍អាស៊ាន ដើម្បីការពារសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួររំលឹកថា កាលពីថ្ងៃអង្គារកន្លងទៅនេះផងដែរ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Benigno Aquino បានច្រានចោលការអំពាវនាវរបស់ប្រទេសចិន ដើម្បីឲ្យមានការចរចាទ្វេភាគី ដោយលោកបាននិយាយថា មិនមានការចរចាណាមួយត្រូវបានប្រព្រឹត្ដទៅទាក់ទិនទៅនឹងបណ្ដាប្រទេសដទៃទៀតដែលទាមទារអះអាងផ្នែកមួយចំនួននៃតំបន់សមុទ្រចិនខាងត្បូងនោះឡើយ ក្នុងនោះមានដូចជា ប្រទេសប៊្រុយណេ ម៉ាឡេស៊ី វៀតណាម និងកោះតៃវ៉ាន់។
រីឯប្រទេសចិន វៀតណាម និងកោះតៃវ៉ាន់វិញ គេបានអះអាងទាមទារយកប្រជុំកោះស្ប្រ៉ាតលី ដែលសរុបមានកោះទាំងតូចទាំងធំ២០០កោះ ដែលស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ ខណៈដែលប្រទេសប៊្រុយណេ ប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី ក៏បានអះអាងទាមទារយកផ្នែកមួយចំនួននៃកោះទាំងនោះផងដែរ។
កាលពីថ្ងៃចន្ទ កន្លងទៅនេះ នាយករដ្ឋមន្ដ្រី ថ្មីនៃប្រទេសអូស្ដ្រាលី បាននិយាយថា មហិច្ឆតាដណ្ដើមទឹកដីរបស់ប្រទេសចិន នៅតំបន់សមុទ្រចិនខាងត្បូងនោះ គឺជាការប្រឆាំងផលិតភាពនៃគោលនយោបាយការបរទេសនៃប្រទេសអាស៊ី។
ដោយឡែករដ្ឋមន្ដ្រីការពារប្រទេសថ្មីរបស់ប្រទេសអូស្ដ្រាលីវិញ គឺលោកស្រី Marise Payne បានគាំទ្រការអធិប្បាយរបស់លោក Turnbull ដោយបាននិយាយថា ការកត់សម្គាល់របស់លោកនាយករដ្ឋមន្ដ្រីគឺជារឿងដែលត្រឹមត្រូវបំផុត ខ្ញុំមិនមានអ្វីប្លែកលើសពីការកត់សម្គាល់ទាំងអស់នោះឡើយ។ លោកស្រីបានថ្លែងដូច្នេះកាលពីថ្ងៃអង្គារកន្លងទៅនេះ៕
The Guardian
ចិន ព្រមានដាស់តឿននាយករដ្ឋមន្ដ្រីថ្មីអូស្ដ្រាលី លោកMalcolm Turnbull ស្ដីអំពីការអធិប្បាយទៅលើតំបន់សមុទ្រចិនខាងត្បូង
0 Comments