Ad Code

ប្រជាពលរដ្ឋ យុវជន និង​និស្សិត​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​៤ ប្រកាស​គាំទ្រ​ជំហរ​លើ​បញ្ហា​ព្រំដែន

ភ្នំពេញ ៖ ប្រជាពលរដ្ឋ យុវជន និង​និស្សិត នៅ​ប្រទេស​ចំនួន​៤ ដែល​រួមមាន​ប្រទេស​ប៊ែ​ល​ហ្សិ​ក សហរដ្ឋអាមេរិក កាណាដា និង​ចក្រភព​អង់គ្លេស បាន​ប្រកាស​គាំទ្រ​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​អង្គការសហប្រជាជាតិ ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល ដែល​បាន​ប្រើប្រាស់​សំរាប់​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ជំហរ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន លើ​បញ្ហា​ព្រំដែន នេះ​បើ​យោង​តាម​លិខិត ដែល​ការិយាល័យ​របស់​យើង​ទទួល​បានជា​បន្តបន្ទាប់​កាលពី​ម៉ោង​១១ និង​១០ នាទី​មុននេះ។


យោង​តាម​លិខិត​គាំទ្រ​ចំនួន​៤ ដែល​មាន​ទាំង​ស្នាម​មេដៃ​ផង​នោះ ប្រជាពលរដ្ឋ យុវជន ក៍​ដូចជា​និស្សិត ទាំងនោះ​បាន​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់ និង​បាន​ពិនិត្យ​ឃើញ​ថា ដំណើរការ​ពិនិត្យ​ផ្ទៀងផ្ទាត់​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​តម្លាភាព ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ហើយ​ជា​លទ្ធផល​បាន​បង្ហាញថា ផែនទី​របស់​រាជរដ្ឋាភិបាល និង​ផែនទី​របស់​អង្គការ​សហ​ប្រជា​តិ​ដូចគ្នា​បេះបិទ​តែម្តង។


ញត្តិ​គាំទ្រ​របស់​ប្រជាពលរដ្ឋ យុវជន និង​និស្សិត មាន​ខ្លឹមសារ​ទាំងស្រុង​ថា តប​តាម​សំណើសុំ​ខ្ចី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី BONNE ខ្នាត​១/១០០ ០០០ ផលិត​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​ក្នុងការ​កំណត់​បោះបង្គោល​ព្រំដែន​រវាង​ក​ម្ពុ​ជា និង​វៀតណាម នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥​នៅ​វិមាន​សន្តិភាព លោកជំទាវ Mareani Keleti Vakasisisakala តំណាង​អង្គការសហប្រជាជាតិ​បាន​នាំយក​ផែនទី UTM ខ្នាត​១/១០០ ០០០​ចំនួន​១៨​ផ្ទាំង ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​មក​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់។


យើងខ្ញុំ​ទាំងអស់គ្នា​ជា​យុវជន និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​ប៊ែ​ល ហ្សិ​ក (Belgique) បានធ្វើការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដ៏​មាន​សារៈសំខាន់​នេះ​ដោយ​ពិនិត្យឃើញថា ដំណើរការ​នៃ​ការផ្ទៀងផ្ទាត់​ផែនទី​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​រួមមាន​ជាអាទិ៍ តំណាង​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច ក្រុមប្រឹក្សាធម្មនុញ្ញ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​រាជ​បណ្ឌិតសភា​កម្ពុជា ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ផង​ដែរ។ លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​បានបង្ហាញ​ឲ្យ​ឃើញថា ច្បាស់​ដោយ​ឥត​ប្រកែក​បាន​ថា ផែនទី​ដែល​តំណាង​អង្គការសហប្រជាជាតិ​នាំមក​និង​ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើប្រាស់​ក៏មាន​ភាព​ដូចគ្នា។


លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​នេះ បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​បច្ចុប្បន្ន​ជា​ផែនទី​ត្រឹមត្រូវ​ពិតប្រាកដ ដែល​អាច​តំណាង​ឲ្យ​បូរណភាព​ផែនដី និង​ភាពត្រឹមត្រូវ​នៃ​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​។ ជាមួយគ្នា​នេះ លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ក៏​បង្ហាញ​ឲ្យ​ឃើញ​អំពី​នយោបាយ​របស់​ក្រុម​អគតិ​មួយ ចំនួន​ដែល​តែងតែ​មួលបង្កាច់​ខុសពី​ការពិត​មក​លើ​រាជរដ្ឋាភិបាល​នាពេល​កន្លងមក​និង​តែងតែ​ភូតកុហក បោកប្រាស់​សាធារណមតិ​ក្នុង គោលបំណង​បម្រើ​អាជីវកម្ម​នយោបាយ​ជ្រុលនិយម​ដ៏​ងប់ងុល​របស់​ខ្លួន ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ និង​មាតុភូមិ​។


ក្នុងនាម​យើងខ្ញុំ​ទាំងអស់គ្នា​ជា​យុវជន និស្សិត​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​បរទេស​សូម​ប្រកាស​គាំទ្រ​យ៉ាង​ឱឡារិក​ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​តែងតែ​បូជា​នូវ​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រកាន់​ភ្ជាប់​នូវ​ឧ​ត្ត​ម​គតិ ស្នេហា​ជាតិ​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​និង​អធិបតេយ្យ​ជាតិ ជាពិសេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​បណ្តា​ប្រទេសជិតខាង ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ប្រទេសជាតិ និង​មាតុភូមិ​ទាំងមូល។


ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ យុវជន និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​ធ្វើ​ការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​របស់​ជន​អគតិ​មួយចំនួន​ដែល​តែងតែ​ធ្វើការ​ប្រឌិត ចោទប្រកាន់​មូល​បង្កាច់​ទាំង​ងងឹត​ងងុល​មក​លើ​រាជរដ្ឋាភិបាល​កម្ពុ​ជា​កន្លង​មក និង​ភូត​កុហក​បោកប្រាស់​សាធារណមតិ​ដើម្បី​បម្រើ​នយោបាយ​ប្រជាភិថុតិ​របស់​ក្រុម​ខ្លួន​មក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្មោះសរ និង​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការងារ​ព្រំដែន​៕



ប្រជាពលរដ្ឋ យុវជន និង​និស្សិត​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​៤ ប្រកាស​គាំទ្រ​ជំហរ​លើ​បញ្ហា​ព្រំដែន

Post a Comment

0 Comments

Close Menu