Ad Code

អត្ថាធិប្បាយ ៖ ​ភាព​ទ័ល​ច្រក​របស់​សម. រង្ស៊ី កំពុង​វិល​ទៅរក​ការ​ឡាំ​ប៉ា​ឡើង​វិញ

មជ្ឈដ្ឋាន​ជាច្រើន​បាន​និយាយ​ដូចគ្នា​ថា ប្រសិន​បើ​ក្នុង​អាណតិ្តទី៥ នេះ​លោក​សម. រង្ស៊ី ជា​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ពុំ​មាន​សមត្ថភាព​ក្នុងការ​ដោះ​លែង​សកម្មជន​ ទាំង​១៤នាក់ ពីពន្ធនាគារទេ និង​ព្រឹទ្ធ​សភា ម្នាក់ មិន​បាន​រួច​ខ្លួន​នោះ​ក៏មាន​ន័យថា អាណតិ្ត​ក្រោយ​ នឹង​មិន​អាច​មាន​អ្នកគាំទ្រ​យ៉ាង​ច្រើន​ ដូច​អាណតិ្ត​នេះឡើយ។ ជាពិសេស​ទាំង​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក៏​មាន​ការ​បែក​បាក់​ប្រេះ​ស្រាំ ជាច្រើន​អន្លើ​ផងនោះ ដោយគួប​ផ្សំ​ទាំង​ធាតុ អសកម្ម​ ឬអសមត្ថភាព ក្នុងការ​ជួយ​ជាតិ​​ឬក៏ជា​ ការ​បរាជ័យ​នៃល្បិច​ប្រឆាំង​ផង តែង​បណ្តាល​ឲ្យលោក សម. រង្ស៊ី វិល​វល់​ក្នុង​អារម្មណ៍ ត្រាច់​ឆ្ពោះ មករក​ការ​ដើរ​ថយ​ក្រោយ​ឲ្យ​បាន​ដល់​ចំណុច​ឡាំ​ប៉ាដូច​កាល​ពី​​មិន​ទាន់​ចូលធ្វើការ​ក្នុង​សភា យ៉ាងនោះ ទៅវិញ។ នេះហើយ​ដែលជា​ភាព​ទ័ល​ច្រក​របស់​លោក​សម. រង្ស៊ី។


ក្តី​កង្វល់​ដ៏​ធំ​របស់​មេគណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ការ​ចង់​ឲ្យ​មាន​ការ​ដោះលែង​ អ្នក​មាន​ទោស​ទាំង​១៤នាក់ និង​សមាជិក ព្រឹទ្ធ​សភា ម្នាក់ត្រូវ​ចាប់ខ្លួន​នាពេលថ្មីៗ នេះផង។ ដូចពាក្យ​ប្រជា​ប្រិយ​ខ្មែរ តែង​និយាយថា កំហុស​កូនចៅ តែង​បណ្តាល​មក​ពី​មេ ឬ​បើវាយ​កូនគឺ ឈឺដល់​មេ​យ៉ាង​នោះដែរ។ ពាក់ព័ន្ធ​នឹង​ការ​សួរទុក​្ខ​ដល់អ្នក​ទោស​នោះ គេ​ដឹង​តាមរយៈ​សម្តី​របស់​លោក កឹម.​ សុខា ជាអនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ដោយ ផ្តល់​សង្ឃឹម​ថា នៅលើ​វប្ប​ធម៌​នៃ​ការ​សន្ទនា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ក្នុងការ​​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ដោះ​លែង។ ទន្ទឹម​នេះ​ដែរ​ចំពោះ​លោក​សម.រង្ស៊ីដែល​បាន​ទៅ​ជួប​និង​សួរ​សុខទុក្ខ​ជន​ជាប់​ទោស​​ដែល​ជាសកម្មជន​នៃ​គណបក្ស​របស់​គាត់​នោះ គេបាន​ចាប់អារម្មណ៍​​ត្រង់​ចំណុច​តូចមួយ​ថា គាត់​រិះរក​អ្វី​ជា​​​ថ្នូរ​នៃ​ការ​ដោះលែង​ឲ្យបាន​សម្រេច។ តើអ្វី​ជាថ្នូរ​ សម្រាប់​ឲ្យ​មានឥទ្ធិពល​ក្នុង​ការដោះ​ដូរ​ ដើម្បី​ឲ្យមាន​ការ​លើកលែង​ទោស​ជន​ជាប់​ទោសទាំង​៤នាក់ នោះ?


មកដល់​ពេលនេះ​បើគេ​គិត​តាម​គំនិត​របស់​លោក​កឹម. សុខា ដែល​និយាយ​ឲ្យ​តែ​ធូរ​ពោះ ពីរឿង​វប្បធម៌​នៃការ​សន្ទនា​ នោះគឺ​ប្រាកដ​ជា​មិន​អាច​ជួយដល់​អ្នកមាន​ទោស​នោះទេ ឬវប្បធម៌​សន្ទនា អាច​ត្រូវ​បា​ន​បញ្ចប់​ផង ក៏​ថាបានដែរ។ ដោយឡែក​ចំពោះ​ភាព​ទ័ល​ច្រក​នៃលោក​សម. រង្ស៊ី វិញ​កំពុង​តែ​វង្វេង​វង្វាន់​គំនិត​ឥត​ជ្រុង​ជ្រោយ នោះឡើយ។ ពោលគឺ តាមរយៈ​សម្តី​លោក​សម. រង្ស៊ី តាមបែប​ដើរ​ថយ​ក្រោយ​ទៅរក ព្រឹត្តិការណ៍​ទំនាស់​ដោយ​ការទាម​ទារ តវ៉ា​តាមរយៈ​ការប្រើ​ប្រាស់​ពាក្យ​ឃោសនា​ថា «មានស៊ី​អត់សែន និង​មាន​សែន​អត់ស៊ី»។ ទន្ទឹម​នេះ​ដែរ​លោក​សម. រង្ស៊ី បាន​ប្រើ​ប្រាស់​តាមរយៈ​សកម្មភាព​ឡាំប៉ា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដោយ​ការ​គាស់​កកាយ​ឡើងវិញ​ថា គណបក្ស​ប្រជាជន​​កម្ពុជា លួច​​បន្លំ​សន្លឹក​ឆ្នោត​។ តើនេះ​ជាការលើក​ឡើង​សម្រាប់​ដោះដូរ​អ្នក​ទោស​ទាំង​១៤នាក់ នោះឬ? ពិតជា​ទៅមិន​រួច​ទេ! ព្រោះ​បញ្ហា​តវ៉ា​និង ទាមទា​រ​នោះបាន​ប្រព្រឹត្ត​ទៅ​ហួស​ពេល​ជាយូរ​មក​ហើយ ហើយដែល​មាន​ការ​សម្រប​សម្រួល​គ្នា​ រហូត​ដល់​បា​ន​ចូល​ក្នុង​សភា​ធ្វើការ​ជាមួយ​គ្នា​រួច​ស្រេច​ហើយ តើ!……។ គេ​ធ្វើ​ការវិភាគ​ឃើញថា ទង្វើ​របស់​លោក​សម. រង្ស៊ី នាពេល​នេះ​ហាក់ដូច​ជាមាន​បំណង​បោះបង់​តំណែង​និងតួនាទី​ជាសមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅហើយ ដោយចង់​ដើរ​តួជាអ្នក​​ពន្យុះ​មនុស្ស​ឲ្យធ្វើ​បាតុកម្ម​តាមផ្លូវ​ទៀតមែន​ឬ?


ទង្វើតាមបែប​បញ្ច្រាស​ទិស​របស់​លោកសម. រង្ស៊ី នេះ​មជ្ឈដ្ឋាន​ទូទៅ គេយល់ថា ជារឿង​ទ័ល​ច្រក​នៃ​នយោបាយ​​របស់គណបក្ស​សង្គ្រោះ​ ជាតិ​ពិត​ប្រាកដ។ គេបាន​បន្ត​ទៀត​ថា ប្រសិន​បើលោក​សម. រង្ស៊ី ហ៊ាន​សាកល្បង​ឡាំ​ប៉ា​ម្តង​ទៀត ឬសាជាថ្មី​ទៀតនោះ គឺ​នឹង​ពុំមាន​ប្រសិទ្ធ​ភាព​ដូចកាល​ពីគ្រា​មុននោះ​ទៀតឡើយ ព្រោះ​គេយល់ថា ជា​ការ​បរាជ័យ​នៃ​នយោបាយ​ប្រឆាំង​ទៅវិញ។ ដូចនេះ​ទង្វើ​របស់​​លោក​សម. រង្ស៊ី គឺ ជាការ​ចង​ក្រឡា​ជាប់​ទៅ​ហើយ ដោយ​ឈាន​ទៅ​មុខ​ក៏​មិន​រួច​និងងាក​ថយក្រោយ​វិញ​ក៏​មិនបានដែរ។ ជា​មួយនេះ​ដែរ​គេ​បាន​ធ្វើការ​រំពឹង​ដោយ​បាន​ទស្សន៍​ទាយថា កម្លាំង​ថ្នាក់ក្រោម​ៗ ទាំងអស់​តែង​ងាក​បែរ​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ​ប្រសិន​បើ​មេៗ នៃ​គណបក្ស​នេះ​មាន​ភាព​ទ័ល​​ច្រក​ដោយ​មិន​មាន​លទ្ធភាព​ដោះលែង​អ្នក​ទោស​ជាកូន​ចៅ​របស់​ខ្លួន​នោះទេ។ រឿងនេះ​បើទោះ​ជាស្បថ​កោរ​ត្រងោល​ក៏​គេ​ហ៊ានភ្នាល់​ដែរ៕



អត្ថាធិប្បាយ ៖ ​ភាព​ទ័ល​ច្រក​របស់​សម. រង្ស៊ី កំពុង​វិល​ទៅរក​ការ​ឡាំ​ប៉ា​ឡើង​វិញ

Post a Comment

0 Comments

Close Menu