ក្រុមឧទ្ទាមស៊ីអ៊ីត នៅក្នុងរដ្ឋធានីនៃប្រទេសយេមែន បានបើកការវាយឆ្មក់ចូលទៅក្នុងលំនៅដ្ឋានរបស់ក្រុមអ្នកនយោបាយប្រឆាំងដល់ទៅរាប់សិបគោលដៅ ព្រមទាំងវាយទៅលើក្រុមបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល NGO ក្នុងស្រុកថែមទៀតផង ដោយអះអាងថា ពួកគេទាំងនោះទៅចូលរួមទាក់ទងជាមួយក្រុមរដ្ឋឥស្លាម IS និងក្រុមអាល់កៃដា នេះជាការលើកឡើងពីក្រុមមន្ដ្រីសន្ដិសុខកាលពីថ្ងៃចន្ទ។
ដោយឡែកក្រុមមន្ដ្រីដែលស្ថិតនៅអព្យាក្រឹតនៅក្នុងជម្លោះមួយដែលបានទាំងវាយបំបែកក្រុមកម្លាំងសន្ដិសុខឲ្យបែកខ្ញែកនោះ បាននិយាយថា ការវាយឆ្មក់បានចាប់ផ្ដើមឡើងតាំងពីរយៈពេលមួយថ្ងៃមុននេះ។
កងកម្លាំងដែលស្មោះត្រង់នឹងរដ្ឋាភិបាល ដោយមានការគាំទ្រដោយការវាយប្រហារតាមអាកាសពីសំណាក់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះ បានវាយរុញច្រានក្រុមឧទ្ទាមឲ្យដកថយទៅវិញ ដូចដែលគេធ្លាប់ស្គាល់ថា ក្រុមនោះគឺជាឧទ្ទាមហ៊ូធី ដែលមកពីភាគខាងត្បូងប្រទេសនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ប៉ុន្ដែផ្ទុយទៅវិញ គឺក្រុមឧទ្ទាមនេះនៅតែកាន់កាប់រដ្ឋធានី Sanaa ជាដដែល ដោយសារតែវាយដណ្ដើមយកបានតាំងតែពីមួយឆ្នាំកន្លងទៅម៉្លេះ។
ក្រុមមន្ដ្រីនិយាយថា កាលពីសប្ដាហ៍កន្លងទៅនេះ ក្រុមឧទ្ទាមហ៊ូធី បានឃុំខ្លួនមនុស្សយ៉ាងហោច២០នាក់ ដែលក្នុងនោះមានម្នាក់បម្រើការងារជូនអង្គការសហប្រជាជាតិ ក្បែរនឹងវិមានប្រធានាធិបតីនៅទីក្រុងនោះ។ ក្រុមមន្ដ្រីហ៊ូធីវិញ នៅពុំទាន់ត្រូវបានស្វែងរកដើម្បីធ្វើអធិប្បាយអំពីរឿងនេះភ្លាមៗនៅឡើយទេ។
កាលពីថ្ងៃចន្ទ កាំភ្លើងត្បាល់បានបាញ់ផ្លោងដោយក្រុមឧទ្ទាមនោះបានសម្លាប់ជនស៊ីវិលអស់៤នាក់ ហើយមាន៦នាក់ទៀតរងរបួស នៅក្នុងទីក្រុងដ៏ធំជាងគេលំដាប់ទី៣នៃប្រទេសយេមែន នេះជាការលើកឡើងដោយក្រុមមន្ដ្រីពេទ្យ និងសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក។ នៅក្នុងជម្លោះក្នុងស្រុកនោះ បើយោងតាមការលើកឡើងដោយអង្គការសហប្រជាជាតិថា មានជនស៊ីវិលដល់ទៅប្រមាណ២,០០០នាក់ មកហើយ ដែលបានបាត់បង់ជីវិត៕
AP
ក្រុមឧទ្ទាមយេមែន វាយឆ្មក់ចូលលំនៅដ្ឋានអ្នកប្រឆាំងរាប់សិបគោលដៅ នៅក្នុងរដ្ឋធានី
0 Comments