យានជំនិះផ្ទាល់ខ្លួនប៉ុនហោប៉ៅអាចនឹងមកដល់ឆាប់ៗនៅតាមដងផ្លូវនៃទីក្រុងតូក្យូ។ វិស្វកររបស់ប្រទេសជប៉ុនបានបង្កើតយានជំនិះចល័តមួយដែលមានទំហំតូចល្មមសម្រាប់ដាក់នៅក្នុងសាក់កាដូដែលលោកហៅថាជា“រថយន្តក្នុងកាបូបលើកដំបូងនៅលើពិភពលោក”។ Kuniako Sato វ័យ២៦ឆ្នាំ និងក្រុមរបស់គាត់នៅឯ Cocoa Motors ទើបនឹងដាក់បង្ហាញឧបករណ៍ធ្វើដំណើរ “WalkCar” ដែលដើរដោយថាមពលថ្មលីចូម មានទំហំប៉ុនកុំព្យូទ័រយួរដៃមួយ ហើយមានរូបរាងស្រដៀងក្តារស្គីច្រើនជាងរថយន្ត។
WalkCar ដ៏ស្ដើងនេះត្រូវបានរចនាពីអាលុយមីញ៉ូម និងមានទម្ងន់ចន្លោះពី២ និង៣គីឡូក្រាម អាស្រ័យលើថា តើវាជាកំណែសម្រាប់ប្រើក្នុងផ្ទះ ឬនៅខាងក្រៅ? Sato រំពឹងថានឹងមានការប្រើប្រាស់ផ្សេងជាច្រើនទៀតសម្រាប់យានជំនិះរបស់គាត់ ខណៈដែលគាត់បាននិយាយថា វាមានកម្លាំងគ្រប់គ្រាន់ក្នុងការជួយមនុស្សរុញរទេះជនពិការបានដោយភាពងាយស្រួល។ ក្តារអាលុយមីញ៉ូមដ៏ស្រាលនេះមានភាពខ្លាំងក្លាជាងមើលឃើញ ហើយអាចផ្ទុកទម្ងន់រហូតដល់ទៅ១២០kg។
វាបង្កើនល្បឿនបាន១០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើបានសម្រាប់ចម្ងាយ១២គីឡូម៉ែត្របន្ទាប់ពី៣ម៉ោង នៃការសាកថ្ម។ Sato បានឱ្យដឹងថា អតិថិជននឹងអាចធ្វើការកក់ទុក WalkCars របស់ពួកគេក្នុងឆ្នាំ២០១៥នេះនៅលើគេហទំព័រ Kickstarter។ ក្តារស្គីដ៏ទំនើបនេះនឹងមានស្លាកតម្លៃប្រហែល១០០.០០០យ៉េនជប៉ុន (ប្រមាណ៨០០ដុល្លារអាមេរិក)។ ការដឹកជញ្ជូនត្រូវបានរំពឹងថានឹងចាប់ផ្ដើមនៅនិទាឃៈរដូវឆ្នាំ២០១៦៕
"រថយន្តក្នុងកាបូប” ដំបូងគេនៅលើពិភពលោក ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេសជប៉ុន
0 Comments